មិនធម្មតាមែន ! គម្រោងខុនដូភ្លោះដែលកំពុងសាងសង់នៅជិតទីក្រុងកោះពេជ្រ កំពុងទាក់ទាញវិនិយោគិនចិន
គំរោងខុនដូនិងមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយ ដែលស្ថិតនៅតំបន់ពាណិជ្ជកម្មលំដាប់អន្តរជាតិបាន និងកំពុងបើកការដ្ឋានសាងសង់យ៉ាងសកម្ម ដើម្បីប្រណាំងប្រជែងជាមួយមជ្ឈមណ្ឌលពាណិជ្ជកម្ម និងខុនដូខ្ពស់នៅក្នុងតំបន់កោះពេជ្រ។
គំរោងនេះមានឈ្មោះ CITY KEY មានចំនួន៥២ជាន់ និងកំពស់២០៨ម៉ែត្រ ដែលវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិន។ គំរោងដ៏ធំនេះ ស្ថិតនៅក្រោយអាគារ Bali Scenary និងអាគារ The Bridge ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។
នាយកគ្រប់គ្រងគំរោងនេះ បានបដិសេធមិនអត្ថាធិប្បាយ ប៉ុន្តែកម្មករកំពុងសាងសង់គំរោងនេះបានប្រាប់ថា វាជាគំរោងខុនដូទំនើបលំដាប់ផ្កាយ៥។ តំបន់កោះពេជ្រ និងតំបន់ជុំវិញកោះពេជ្របច្ចុប្បន្នបាន និងកំពុងកើនឡើងនូវមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ ខណៈគំរោងធំៗនិងមានកំពស់កប់ពពកជាច្រើនទៀតកំពុងសាងសង់ និងត្រៀមបង្ហាញគម្រោងរបស់ពួកគេ។
នាយិកាក្រុមហ៊ុន Century21 Cambodia អ្នកនាង Grace Rachny Fong បានមានប្រសាសន៍ថា តំបន់កោះពេជ្រ និងតំបន់ជុំវិញកោះពេជ្របាន និងកំពុងក្លាយជាBusiness Hubមួយនាពេលបច្ចុប្បន្ននិងទៅអនាគត។ គំរោងជាច្រើនកំពុងបានធ្វើឲ្យតំបន់នេះកាន់់តែទាក់ទាញ និងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់អន្តរជាតិ។
បច្ចុប្បន្នបណ្តាហាងកាហ្វេល្បីៗ ផ្សារទំនើបលំដាប់អន្តរជាតិ AEON MALL1 ផ្សារទំនើបនៃគំរោង The Bridge, ផ្សារទំនើបលំដាប់អន្តរជាតិមកពីសឹង្ហបុរីនឹងបើកដំនើរការនៅក្នុងគំរោង The PeAk និងផ្សារទំនើបស្ថិតក្នុងគំរោង THE ID RIVIERA បាននិងកំពុងត្រៀមបើកដំណើរការនាពេលខាងមុខផងដែរ៕