បច្ចុប្បន្ន​ខេត្តកែប​កំពុង​មានសក្តានុពល​ផ្នែកអចលនទ្រព្យ​ ក្រោយពេលដែលរដ្ឋាភិបា​ល​កំពុង​ដាក់​ផែនការ​អភិវឌ្ឍន៍

ខេត្ត​កែប​ ដែល​ជា​ខេត្ត​ទេសចរណ៍​មាត់សមុទ្រ​បាន​ និង​កំពុង​ទាក់ទាញ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ ខណៈ​រ​ដ្ឋាភិបាល ​កំពុង​រៀបចំ​ខេត្ត​នេះ​ជា​តំបន់​ទេសចរណ៍​លំហែ​រក​ម្រិ​តខ្ពស់​។

អគ្គនាយក​ក្រុមហ៊ុន​ Easy​ Property​ Investment​ Co​., Ltd​ លោក​ ម៉ម​ សិរី​បញ្ញា បាន​ឲ្យដឹង​តាមរយៈ​ទូរស័ព្ទ​នៅ​ថ្ងៃទី​២០​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ថា​ ទោះជា​ខេត្ត​នេះ​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​ក្តី​ តែ​លោក​មិនទាន់​មាន​ឃើញ​ការសាងសង់​សណ្ឋាគារ​ ឬផ្ទះសំណាក់​ថ្មី​ សម្រាប់​ទទួលភ្ញៀវ​ទេសចរណ៍​ទេ​ គឺ​នៅក្នុង​ស្ថានភាព​ដដែល​នា​ពេល​បច្ចុប្បន្ន​នេះ​ តែ​នៅពេលអនាគត​នឹងអាច​មាន​អគា​រថ្មីៗ​បន្ថែម​ទៀត​ ដោយសារតែ​បច្ចុប្បន្ន​នេះ​ ភ្ញៀវ​ទេសចរណ៍​មកលេង​ក្នុង​ខេត្ត​នេះ​មានការ​កើនឡើង​ តែ​បញ្ហា​សំខាន់​ គឺ​ផ្លូវ​សម្រាប់​ធ្វើដំណើរ​កំពុង​ជួប​មាន​បញ្ហា​ ដោយសារ​ផ្លូវ​មួយចំនួន​បាន​នឹង​កំពុង​ជួសជុល​។

លោក​បន្ត​ថា​ “សម្រាប់​វិស័យ​ដីធ្លី​នៅក្នុង​បន់​សំ​ខាន់​ៗ នៅក្នុង​ខេត្ត​មានតម្លៃ​រហូតដល់​ជិត១០០ដុល្លារ​អាមេរិក​ក្នុង​មួយ​ម៉ែត្រ​ តែបើ​និយាយ​ពី​តម្លៃ​ទីផ្សារ​ គឺ​មិន​មាន​ទីផ្សារ​ពិតប្រាកដ​នោះ​ទេ​ ព្រោះ​វា​ជា​តំបន់ឆ្នេរ​មិនសូវ​មាន​ដី​ អាស្រ័យ​លើ​ម្ចាស់ដី​ចង់​លក់​ក្នុង​កម្រិត​តម្លៃ​ណាមួយ​”។ លោក​បញ្ជាក់​ថា​ តម្លៃ​ដី​នៅ​តំបន់​នេះ​កើនឡើង​ទ្វេដង​ តែ​មិន​ប្រាកដ​ចន្លោះ​ពី​តម្លៃ​ប៉ុន្មាន​ទៅ​ប៉ុន្មាន​នោះ​ទេ​ អាស្រ័យ​លើ​ម្ចាស់​ដី​ដាក់​តែប៉ុណ្ណោះ​ តែ​យ៉ាងណាក៏ដោយ​មាន​អ្នក​វិនិយោគ​នៅក្នុង​ស្រុក​ជាច្រើន​ បាន​មក​ចាប់ផ្តើម​អភិវឌ្ឍន៍​នៅក្នុង​ខេត្ត​នេះ​ជា​បណ្តើរ​ៗ តាមរយៈ​ការ​ពុះ​ដី​ឡត៍​លក់​ជាពិសេស​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​។

ចំណែក​អ្នកជំនាញផ្នែកអភិវឌ្ឍអចលនទ្រព្យ ផុន បញ្ញា អគ្គនាយក​ក្រុមហ៊ុន​ 5Bright​ Sibling​ Construction​ Co​,.td​.បានមានប្រសាសន៍ថា អចលនទ្រព្យក្នុងខេត្តកែបកំពុងទាក់ទាញការចាប់អារម្មណ៍ពីអ្នកវិនិយោគជាតិ អន្តរជាតិ និងក៏មានអ្នកពុះដីឡូត៍លក់ផងដែរ។

អភិបាលខេត្ត​កែប​ លោក​កែន​ សត្ថា​ធ្លាប់​បាន​មានប្រសាសន៍​ថា​ ខេត្ត​កែប​កំពុង​មាន​សក្តា​នុ​ពល​ទាក់ទាញ​ការ​វិនិយោគ​ ប៉ុន្តែ​រហូត​មកទល់​ពេលនេះ​ខេត្ត​មិនទាន់​មានការ​ទាក់ទាញ​ការ​វិនិយោគ​ពី​អ្នក​វិ​និ​យោ​គធំៗ​ទាំង​ជាតិ​ និង​អន្តរជាតិ​មក​វិនិយោគ​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ណាមួយ​នៅឡើយ​ទេ​។

លោក​បន្ត​ថា​ អាជ្ញាធរ​ខេត្ត​កំពុង​រៀបចំ​ហេ​ដ្ឋា​រចនា​សម្ព័ន្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ ដើម្បី​បំរើ​និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​មក​ទស្សនា​ ខេត្ត​នេះ​ឲ្យបាន​កាន់តែ​ច្រើន​។ លោក​បន្ត​ថា​ “យើង​ស្វាគមន៍​ការ​វិនិយោគ​ ព្រោះ​ខេត្ត​នៅ​មិនទាន់​មាន​គំរោង​វិ​និ​យោ​គធំៗ​ ពិសេស​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅឡើយ​ទេ​”។

រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍​លោក​ថោង​ ខុន​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ រដ្ឋាភិបាល​នឹង​រៀបចំ​ខេត្ត​កែប​ជា​តំបន់​ទេសចរណ៍​កម្រិតខ្ពស់​ ដោយ​មិន​អនុញ្ញាត្ត​ឲ្យ​មាន​កាស៊ីណូ​ និង​រោងចក្រ​ ឧស្សាហកម្ម​នោះ​ទេ​៕