ភ្នំពេញ ៖ ក្នុងនាមជាភ្នាក់ងារអចលនទ្រព្យ គ្រប់គ្នាសុទ្ធតែមានបំណង និងក្ដីប្រាថ្នាទទួលបានផ្លែផ្កាពីការងារ ហេតុនេះអ្នកជំនាញដែលមានបទពិសោធន៍ខ្ពស់ និងកំពុងមានភាពលេចធ្លោនាពេលបច្ចុប្បន្ននេះបញ្ជាក់ប្រាប់ថា បើចង់ទទួលបានភាពជោគជ័យលើមុខជំនួញមួយនេះ អ្នកត្រូវតែប្រកាន់ខ្ជាប់ និងឈនៅលើគោលការណ៍សំខាន់ៗចំនួន៦ជាដាច់ខាត។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service និងជាអនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកស្រីតាំង ហួរបានមានប្រសាសន៍បញ្ជាក់ប្រាប់ថា វាមិនមែនរឿងងាយស្រួល ដែលអាចទទួលបានភាពជោគជ័យនោះទេ ដែលទម្រាំអាចទទួលបានទំនុកពីអតិថិជនចាំបាច់ អ្នកត្រូវតែមានភាពស្មោះត្រង់ និងអាចផ្តល់នូវប្រយោជន៍ដល់អតិថិជនរបស់ខ្លួន រួមជាមួយនឹងចំណុចសំខាន់មួយចំនួនដែលត្រូវតែប្រកាន់យកមកអនុវត្ត។
លោកស្រីបន្តថា “ការធ្វើជាភ្នាក់ងារអចលនទ្រព្យ ដែលទទួលបានជោគជ័យ ភ្នាក់ងារនត្រូវមានគុណសម្បត្តិចំនួន៦ចំណុចដូចជា សុច្ចរឹតភាព ភាពស្មោះត្រង់ ចំណេះដឹង ជំនាញជាក់លាក់ ការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងធ្វើការដោយឆ្លាតវៃ”។ លោកស្រីបន្តថា “អ្វីសំខាន់ គឺអ្នកចង់ក្លាយជាភ្នាក់ងារអចលនទ្រព្យ ត្រូវខិតខំបង្វឹកខ្លួនឯង ប៉ុន្តែសំខាន់បំផុតត្រូវមានសុច្ចរឹតភាព និងភាពស្មោះត្រង់ ទើបទទួលបាននូវគុណតម្លៃនឹងទទួលជោគជ័យក្នុងអាជីពនេះ”។ លោកស្រីបន្តថា “អតិថិជននឹងជឿជាក់លើគាត់ ប្រសិនជាគាត់មានសុច្ចរឹតភាព និងភាពស្មោះត្រង់ ប៉ុន្តែអ្នកមានចំណុច២នេះពិបាករកណាស់ ហេតុនេះខ្ញុំលើកទឹកចិត្តឱ្យអ្នកចង់ប្រឡូកក្នុងវិស័យនេះ ត្រូវគិតពីផលរយៈពេលវែង”។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ ដែលកំពុងតែទទួលបានចំណែកទីផ្សារក្នុងនាមជាភ្នាក់ងារអចលនទ្រព្យរូបនេះបានបន្តទៀតថា លើសពីនេះភ្នាក់ងារត្រូវមានចំណេះដឹងពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យជាសាកល ជាពិសេសពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ក្នុងការរៀបចំឯកសារពាក់ព័ន្ធផ្សេងៗ ដើម្បីផ្តល់ភាពងាយស្រួល និងទទួលបានទំនុកពីសំណាក់អតិថិជនផងដែរ។
នៅពេលពួកគាត់មានចំណុចសំខាន់ទាំងអស់ ដូចបានរៀបរាប់ជូនខាងលើនេះ នោះពួកគាត់អាចនឹងមានឱកាសច្រើន ក្នុងទទួលបានចំណែកទីផ្សារក្នុងវិស័យមួយនេះ ដែលអាចឈានទៅរកភាពជោគជ័យនៅលើមុខជំនួញមួយនេះជាមិខាន៕