ក្រោយតម្លៃដីស្ថិតនៅតំបន់កោះនរាកំពុងមានសន្ទុះ រដ្ឋាភិបាលគ្រោងបង្កើតឲ្យមានកោះមាសឆាប់ៗនាពេលខាងមុខ
បន្ទាប់ពីមានដំណឹងពីការវិនិយោគទីក្រុងមាស នៅតំបន់កោះនរាដោយក្រុមហ៊ុន OCIC ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បានធ្វើឱ្យស្ថានភាពនៃតម្លៃដីនៅទីនេះកំពុងមានភាពពុះកញ្ជ្រោលជាបណ្តើរៗហើយ។
នៅពេលខាងមុខនេះ តាមច្រាំងទន្លេដែលស្ថិតនៅក្នុងតំបន់កោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ នឹងផុសឡើងនូវកោះសិប្បនិម្មិតដ៏អស្ចារ្យមួយដោយមានឈ្មោះ «កោះមាស» ដែលជាគម្រោងអភិវឌ្ឍរបស់ក្រុមហ៊ុន OCIC ធ្វើជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ និងជាទីក្រុងរណបដ៏លេចធ្លោមួយទៀតបន្ទាប់ពីទីក្រុងកោះពេជ្រ ខណៈដែលនៅក្នុងគម្រោងមួយនេះ នឹងត្រូវចាក់ដីបំពេញតាមច្រាំងចូលទន្លេប្រមាណ៤០០ម៉ែត្រ ដែលមានបណ្តោយប្រមាណ២០០០ម៉ែត្រ។
លោក ប៉ូ អ៊ាវគង់ សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Advance Real Estate បានថ្លែងប្រាប់ថា នៅពេលដែលមានដំណឹងពីការសិក្សា ដើម្បីធ្វើការអភិវឌ្ឍនៅតំបន់ណាមួយ គឺរមែងតែងមានការកើនឡើងនូវតម្លៃដីជាប្រក្រតី។ “តម្លៃដីដែលស្ថិតនៅតំបន់កោះនរា ជាពិសេសតំបន់ដែលស្ថិតនៅជាប់ច្រាំងទន្លេ ជាទូទៅគឺមានតម្លៃទាបជាងតំបន់ដទៃ ដោយសារតែតំបន់ជាប់ច្រាំងទន្លេ ទទួលរងនូវគ្រោះហានិភ័យដោយការបាក់ដីចូលទន្លេ”។
ជាក់ស្ដែងនៅពេលបច្ចុប្បន្ន ដីនៅតំបន់ងាយរងគ្រោះនេះ អាចមានតម្លៃត្រឹមប្រមាណ៦០០ដុល្លារចុះក្រោមរហូតដល់ត្រឹម២០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ឬអាចទាបជាងនេះ (តាមទំហំ ទីតាំង និងស្ថានភាពដី)។ ប៉ុន្តែបើចំពោះដីដែលមានទំហំធំ និងមានសុវត្ថិភាពអាចមានតម្លៃចាប់ពី៤០០-៦០០ដុល្លារក្នុងមួយម៉ែត្រ (ដីទំហំ) ហើយដីដែលមានទំហំតូចអាចមានតម្លៃថ្លៃជាងនេះ។
លោកបានបញ្ជាក់ថា “ប្រសិនបើគម្រោងដែលបានលើកឡើងខាងលើនេះកើតមានមែននោះ តំបន់មួយនឹងនឹងទទួលបានឥទ្ធិពលល្អជាច្រើន ដែលមានការអភិវឌ្ឍលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់ ថែមទាំងជម្រុញឱ្យតម្លៃដី និងអចលនទ្រព្យមានការកើនឡើងកាន់តែខ្លាំង”។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា គំរោងកសាងទីក្រុងរណបថ្មីមួយនៅតំបន់កោះនរា ពិតជាមានមែន ហើយគំរោងនេះស្ថិតនៅក្នុងដំណើរការរៀបចំនិតិវិធីនានា ដើម្បីឈានទៅសម្រេចសាងសង់គំរោងនេះ ប៉ុន្តែលោកមិនទាន់បញ្ជាក់ពីពេលវេលាជាក់លាក់ថា គម្រោងនេះនឹងសាងសង់នាពេលណាឡើយ។
ទាក់ទិននឹងគម្រោងនៃការបង្កើតកោះសិប្បនិម្មិត ដែលមានឈ្មោះថា “កោះមាស” ដែលស្ថិតនៅទីតាំងខាងលើនេះ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងជាអ្នកនាំពាក្យនៃរដ្ឋបាលសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានមានប្រសាសន៍ថា គម្រោងមួយនេះលោកធ្លាប់បានឮគេនិយាយ ប៉ុន្តែព័ត៌មានជាផ្លូវការ ដែលអាចលេចចេញជារូបរាងនៅពេលណានោះ លោកនៅមិនទាន់ដឹងច្បាស់នៅឡើយនោះទេ៕