តំបន់ព្រែក​ឯង​ត្រង់​គាល់ស្ពាន​ទន្លេងបាសាក់​​ ដី​កំពុង​មាន​សក្តានុពល​និង​មានភាព​ទាក់ទាញ​ខ្លាំង​ តម្លៃថ្លៃកប់​ក្តោង​

កំណាត់ផ្លូវ​លេខ១១៤​ ដែល​មនុស្ស​ភាគច្រើន​តែង​និយម​ហៅថា​ ផ្លូវ​រោងចក្រ​ស្រា​បៀ​រថៃហ្គ័រ​ ដែល​ធ្លាប់តែ​ជា​តំបន់​ដីចម្ការ​ និង​លិចទឹក​ជា​រៀងរាល់​ឆ្នាំ​នោះ​ ពេលនេះ​បាន​ប្រែរូប​រាង​មក​ជា​តំបន់​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ឃ្លាំង​ ក្រោម​ការ​វិនិយោគ​ពី​ណា​ក់​បណ្តា​អ្នក​អភិវឌ្ឍ​ចម្រុះ​ ដែល​ជំរុញ​ឱ្យ​ដី​នៅ​តំបន់​មួយ​នេះ​កាន់តែ​មាន​សក្ដានុពល​។

លោក វ៉ា វីរៈ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Centurya 21 Fortuna Investment បាន​ប្រាប់ឲ្យដឹងថា​​ បច្ចុប្បន្ន​មិនថា​ចំពោះ​តំបន់​មួយ​ណា​នោះ​ទេ​ ឱ្យ​តែ​នៅ​ជាប់​ជាយក្រុង​គឺ​សុទ្ធ តែ​មាន​សក្ដានុពល​ និង​មាន​តម្រូវការ​ខ្ពស់​ក្នុង​ការប្រើ​ប្រាស់​ដី​ទាំងអស់​។ លោក​បាន​បន្ត​ទៀត​ថា​ ដី​ដែល​ស្ថិតនៅ​ជាប់​កំណាត់ផ្លូវ​លេខ១១៤​ ឬផ្លូវ​រោងចក្រ​ស្រា​បៀ​រថៃហ្គ័រ​ ដែល​បំបែកចេញ​ពី​ផ្លូវជាតិ​លេខ១​ ស្ថិត​ក្នុង​សង្កាត់​ព្រែកឯង​រហូតដល់​រង្វង់​មូល​ គល់​ស្ពាន​គល់​ស្ពាន​ទន្លេបាសាក់​ គឺ​កំពុង​មាន​សក្ដានុពល​ និង​ភាព​ទាក់ទាញ​ខ្លាំង​ ប៉ុន្តែ​ក៏​មានការ​បែងចែក​ជា​តំបន់​ដែរ​។

ដោយឡែក​ចាប់ពី​ចំណុច​រោងចក្រ​ផលិត​ស្រា​បៀ​រថៃហ្គ័រ​ រហូតដល់​ចំណុច​រង្វង់​មូល​ស្ពាន​ទន្លេបាសាក់​ គឺ​នៅ​មាន​ដី​ទំនេរ​ច្រើន​ ប៉ុន្តែ​មិន​មាន​ទំ​ហំ​ធំៗ​ដែល​អាច​ធ្វើជា​បុរី​នោះ​ទេ​ ហើយក៏​មានតម្លៃ​ថ្លៃ​ផង​ដែរ​។ ដី​ដែល​នៅ​ជាប់នឹង​ផ្លូវ​ធំ​នេះ​ មាន​សក្ដានុពល​ និង​អាច​អភិវឌ្ឍ​ជា​បណ្តុំ​លំនៅ​ដ្ឋាន​ ជាក់ស្ដែង​ដូចជា​នៅ​ក្បែរ​រង្វង់​មូល​គល់​ស្ពាន​ បច្ចុប្បន្ន​បាន​អភិវឌ្ឍ​ជា​បណ្តុំ​លំនៅ​ដ្ឋាន​ ភោជនីយដ្ឋាន​ និង​ឃ្លាំង​កម្រិត​តូច​និង​មធ្យម​រួច​ទៅ​ហើយ​ ក្រៅពី​នេះ​ក៏​មាន​ដី​ដែល​កំពុង​ពុះ​លក់រាយ​ជា​ប្រភេទ​ដី​ឡូ​តិ៍​។

លោក​ឧកញ៉ា​ នួន​ រិទ្ធី​ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ ដែល​ជា​អ្នក​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​ផង​ដែរ​នោះ ​មានប្រ​សាសន៍​ប្រាប់ឱ្យ​ដឹង​ថា​ ភាគច្រើន​តំបន់​នេះ​ ជាពិសេស​ដី​ដែល​នៅ​ជាប់​ផ្លូវ​ធំ ​គឺ​ស័ក្ដិសម​ទៅ​នឹង​បណ្តុំ​ផ្ទះល្វែង​ជាង​ការ​ធ្វើ​ឃ្លាំង​ ដោយសារតែ​ភាគច្រើន​ជា​ប្រភេទ​ដី​ដែល​មាន​ទំហំ​តូច​ និង​មានតម្លៃ​ថ្លៃ​រួច​ទៅ​ហើយ​។ លោក​ឧកញ៉ា​បន្ត​ថា​ នៅ​តំបន់​នេះ​មាន​គម្រោង​អភិវឌ្ឍ​ផ្លូវ​មួយ​ខ្សែ​ឆ្ពោះទៅ​ទីលាន​វា​យកូន ហ្គោល​​ដ៏​ធំ​មួយ​ ហើយ​ក្រៅពី​នេះ​ក៏​មានការ​អភិវឌ្ឍ​ជា​លំនៅ​ដ្ឋាន​ របស់​អ្នក​វិនិយោគ​ទៅតាម​លទ្ធភាព​របស់​ពួកគេ​ ដែល​នៅ​មិនទាន់​គម្រោង​សំណង់​ជា​ប្រភេទ​បុ​រី​ធំៗ​នៅឡើយ​នោះ​ទេ​។

លោក​ឧកញ៉ា​បន្ត​ទៀត​ថា​ “តំបន់​នេះ​បច្ចុប្បន្ន​ហាក់​មាន​ភាព​លំបាក​ ក្នុង​ការ​អភិវឌ្ឍ​ជា​សំណង់​បុរី​ ដោយសារតែ​តម្លៃ​ដី​បាន​ឡើង​ខ្ពស់​រួច​ទៅ​ហើយ​ ដែល​យ៉ាងហោចណាស់​ដី​ដែល​នៅ​ជាប់​ផ្លូវ១១៤នេះ​ មានតម្លៃ​ក្នុងរង្វង់៣៥០​-៤៥០​ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ដែល​វា​ក៏​អាស្រ័យ​ទៅតាម​ទ្រង់ទ្រាយ​ និង​ទំហំដី​”។ លោក​បន្ត​ថា​ ដោយឡែក​ចំពោះ​ដី​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្លូវ​ធំ​មួយ​ខ្សែ​នេះ​ ដែល​ស្ថិតនៅ​តំបន់​បោះ​អង្គា​ញ់​ មានតម្លៃ​ចាប់ពី​១៥០​-២០០​ដុល្លារ ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​នៅ​ថ្ងៃខាងមុខ​តម្លៃនឹង​បន្ត​ឡើងថ្លៃ​ជាង​នេះ​។

លោក​ឧកញ៉ា ​នួន​ រិទ្ធី​ ​បាន​បន្ត​ថា​ “មិនថា​ចំពោះ​ដី​ដែល​ស្ថិត​ជាប់​ផ្លូវ​ ឬឆ្ងាយ​ពី​ផ្លូវ​ធំ​នោះ​ទេ​ដែល​មានតម្លៃ​ថ្លៃ​ សូម្បីតែ​ដីលិច​ទឹក​​ដែល​ស្ថិតនៅ​ជុំវិញ​តំបន់​នេះ​ ក៏​មានតម្លៃ​ថ្លៃ​គួរសម​ដែរ​ ពោល​គឺ​ក្នុង​មួយ​ម៉ែត្រការ៉េ​អាច​តម្លៃ​ប្រមាណ២០ដុល្លារ​រួច​ទៅ​ហើយ​ ប៉ុន្តែ​បើ​គិត​ពី​ការ​វិនិយោគ​ ដើម្បី​ទទួល​បាន​ចំណេញ​ពី​វិស័យ​ដីធ្លី​នៅ​តំបន់​នេះ​ គិត​ចាប់ពី​បច្ចុប្បន្ន​ទៅ​រយៈពេល៥ឆ្នាំ​ខាងមុខ​អាច​នៅ​មានឱកាស​នៅឡើយ​”៕