មុននឹងក្លាយជាភ្នាក់ងារអចលនទ្រព្យដ៏ជំនាញ តើអ្នកគួរធ្វើដូចម្តេចដើម្បីទទួលបានទំនុកចិត្តពីអតិថិជនឲ្យបានខ្ពស់?
អ្នកជំនាញអចលនទ្រព្យបានឲ្យដឹង ដើម្បីឲ្យទទួលបានទំនុកចិត្តនិងទទួលបានផលចំណេញខ្ពស់ ភ្នាក់ងារអចលនទ្រព្យ ឬក្រុមហ៊ុនអចលនទ្រព្យត្រូវផ្តល់សេវាកម្មផ្សេងៗ លើសពីការរំពឹងទុកទៅកាន់អតិថិជនរបស់ខ្លួន តាមរយៈផ្តល់ប្រឹក្សាយោបល់ និង មានភាពស្មោះត្រង់បំផុត និងភាពរួសរាយរាក់ទាក់។
លោក គាម សៀកឡុង អគ្គនាយកក្រុមហ៊ុន Century 21 Dream Property បានមានប្រសាសន៍ថា ភ្នាក់ងារអចលនទ្រព្យ ឬក្រុមហ៊ុនអចលនទ្រព្យ ត្រូវផ្តល់សេវាជាកញ្ចប់មានទាំងរត់ឯកសារ លិខិតកក់ប្រាក់ កិច្ចសន្យាទិញ-លក់ និងមានទាំងប្រថាប់ត្រាពីសំណាក់មេធាវី ដើម្បីឲ្យអតិថិជនមានភាពកក់ក្តៅ និងការទិញលក់របស់គាត់មានសុវត្ថិភាព និងមានភាពងាយស្រួល។
លោកបន្តថា “បើអតិថិជនបានទិញចលនទ្រព្យ តាមរយៈភ្នាក់ងាររបស់យើង យើងត្រូវធ្វើឲ្យមានភាពចំណេញដល់អតិថិជននោះ តាមរយៈការបង្ហាញអចលនទ្រព្យល្អ និងមានតម្លៃក្រោមទីផ្សារ។ លោកបន្តថា “បើយើងធ្វើបានបែបនេះ ថ្ងៃក្រោយគាត់នឹងណែនាំអ្នកផ្សេងឲ្យមករកសេវាកម្មរបស់យើង”។
លោក គាម សៀកឡូង បានបន្តថា នៅពេលអថិជនណែនាំបន្តគា្ន នោះមានន័យថា គេមានជំនឿរបស់យើង និងទទួលបានផលច្រើន តែបើអតិថិជនដែលមិនដែលប្រើសេវាកម្មរបស់យើង ប្រាកដណាស់គេមិនសូវទុកចិត្តខ្លំាងនោះទេ។ ក្នុងនាមជាអ្នកផ្តល់សេវាកម្មលើវិស័យអចលនទ្រព្យ យើងត្រូវមានចំណេះដឹងឲ្យបានជ្រៅជ្រះ តាមរយៈបង្កើនចំណេះដឹងជាប្រចាំកាអនុវត្តផ្ទាល់ និងដឹងពីតម្លៃទីផ្សារនៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រង។ ហើយចំណេះដឹងទាំងអស់នេះ នឹងធ្វើឲ្យអតិថិជនមានទំនុកចិត្ត និងជឿជាក់លើយើង។
លោកបន្តថា “បើយើងមានចំណេះដឹងទាបជាងពួកគាត់ នៅពេលដែលយើងនិយាយទៅ គាត់នឹងមិនទុកចិត្តយើងនោះទេ ជាពិសេសយើងត្រូវស្គាល់អថិជនជាគោលដៅរបស់ខ្លួនអោយបានច្បាស់លាស់ ហើយយើងធ្វើការជាមួយអ្នកលក់ឬអ្នកទិញផ្ទាល់”។ លោកបន្ថែមថា “បើមិនស្គាល់អតិថិជនរបស់ខ្លួនច្បាស់ទេ យើងនឹងបរាជ័យ តាមរយៈការធ្វើកិច្ចការមិនច្បាស់លាស់”៕