អ្នកជំនាញផ្នែកអចលនទ្រព្យ៖ តំបន់គួរស្រូវដីកំពុងមានតម្លៃឡើងជាលំដាប់ រីឯផ្នែកសំណង់អគារកំពុងកើនឡើងខ្លាំង
អ្នកជំនាញ និងអ្នកអភិវឌ្ឍក្នុងវិស័យអចលនទ្រព្យ បានអះអាងថា តំបន់អចលនទ្រព្យ និងការអភវិឌ្ឍន៍លំនៅ ឋាននៅតំបន់កួស្រូវដែលស្ថិតលើផ្លូវលេខ២ និងជាផ្លូវាតភ្ជាប់ទៅផ្លូវជាតិលេខ៣ មានការប្រែប្រួលខ្លាំងនៅរយៈពេលប៉ុន្មានឆ្នាំចុងនេះ។
លោក ឌឹត ចណ្ណា នាយកប្រតិបត្តិក្រុមហ៊ុន Lucky Realty Co., Ltd ឲ្យដឹងថា ស្ថានភាពអចលទ្រព្យនៅតំបន់កួស្រូវមានការប្រែប្រួលច្រើន បើធៀបនិងឆ្នាំមុនដោយឃើញការអភិវឌ្ឍន៍ច្រើន។ លោក និយាយថា “តំបន់កួស្រូវមានសន្ទុះគួរឲ្យកត់សម្គាល់នៅរយៈពេលឆ្នាំចុងក្រោយនេះ យើងឃើញមានរោងចក្រ និងសហគ្រាសនៅប្រមូលផ្តុំនៅនោះច្រើន ហើយមានគម្រោងបូរីខ្លះបានទៅដាក់ការវិនិយោគនៅទីនោះផងដែរ និងសួនឧស្សាហកម្ម”។
លោកឲ្យដឹងទៀតថា “តម្លៃដីនៅតំបន់កួស្រូវមានការកើនឡើងច្រើនធៀបនឹងឆ្នាំមុន ហើយនឹងបន្តកើនឡើងទៀត ព្រោះមានគម្រោងពិភពថ្មី និងគៀកនឹងផ្លូវក្រវ៉ាត់ទី៣។ យើងឃើញមានអ្នកទិញច្រើនចុះទៅដីនៅទីនោះ”។ នៅតាមផ្លូវធំតម្លៃដីមានចាប់ពី១៥០ ទៅ២០០ដុល្លារក្នុងមួយមែត្រការ៉េ ហើយនៅលើផ្លូវលំមានតម្លៃរង្វង់១០០ដុល្លារ ហើយតម្លៃលំនៅឋាននៅតាមបូរីមានតម្លៃចាប់ពី៤០,០០០ ទៅ ៦០,០០០ ដុល្លារ។
លោក ចណ្ណា បន្ថែថា “តំបន់កួស្រូវនេះនាពេលអនាគតនឹងមានការអភិវឌ្ឍន៍ចំរុះដោយមានការអភិវឌ្ឍន៍លំនៅឋាន រោងចក្រ សហគ្រាស និងឃ្លាំងជាដើម ហើយតំបន់នេះនឹងមានសក្តានុពលកាន់ខ្លាំង ព្រោះវាភ្ជាប់ជាមួយផ្លូវជាតិ២ និង៣ និងនាពេលអនាគតតំបន់នឹងនៅក្បែរព្រលានយន្តហោះភ្នំពេញអន្តរជាតិថ្មីមួយទៀត”។
លោក ងែត ពិសិទ្ឋិ ជំនួយការអគ្គនាយកបូរីពិភពថ្មីឲ្យដឹងថា ការវិនិយោគរបស់ក្រុមហ៊ុននៅតំបន់ដោយសារក្រុមហ៊ុនសម្លឹងឃើញអលនទ្រព្យនៅតំបន់កួស្រូវនៅមានតម្លៃសមរម្យសម្រាប់ធើ្វការវិនិយោគ។ ដំបូងឡើយការវិនិយោគរបស់យើងនៅខាងហ្នឹងអត់មានទាក់ទងថានឹងមានព្រលានយន្តហោះមកខាងហ្នឹងទេ។ ទី១គឺទាក់ទងនិងតម្លៃអចលនទ្រព្យធូរថ្លៃ ហើយនៅតំបន់នេះមិនទាន់ការវិនិយោគច្រើនមកដែរ ដូច្នេះក៏ក្រុមហ៊ុនសម្រេចដាក់ទុនវិនិយោគនៅតំបន់នេះ។ ដំបូងឡើយតម្លៃត្រឹមតែជា៣០ដុល្លារក្នុងមួយម៉េត្រការ៉េ ឥឡូវតម្លៃឡើងថ្លៃចាប់ពី១០០ ទៅ២០០ដុល្លារមួយម៉េត្រការ៉េ”។ លោកបន្តថា “ការលក់ផ្ទះនៅក្នុងគម្រោងបូរីពិភពថ្មីនៅតំបន់កួស្រូវ ទទួលបានគាំទ្រច្រើនពីសំណាក់អតិថិជន”។
លោក ចាប ពៅ អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុនមហាមិត្ត Property ដែលបាននិងកំពុងធ្វើការវិនិយោគលើតំបន់ឧស្សាហកម្មមួយនៅតំបន់កួស្រូវ បានឲ្យដឹងថា តំបន់នេះកំពុងមានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកវិនិយោគ ដោយសារតំបន់នេះតភា្ជប់ជាមួយជាមួយផ្លូវសំខាន់ៗ និងគម្រោងជាច្រើនបានបោះទុនវិនិយោគនៅតំបន់នេះលោក ឲ្យដឹងថា “តំបន់មានសក្តានុពលខ្លាំងនៅតំបន់កួស្រូវនេះ ដោយមានផ្លូវ៦០ម៉ែត្រតភ្ជាប់ទៅដល់តំបន់កួស្រូវនេះ និងជាផ្លូវលំដាប់អន្តរជាតិ ដច្នេះវាធ្វើតំបន់កួស្រូវគៀកតំបន់តំបន់ផ្លូវ៦០ម៉ែត្រ”។
លោកថា “តំបន់នេះក៏នៅគៀកព្រលានយន្តហោះថ្មី ជិតផ្លូវក្រវ៉ាត់ទីក្រុងទី៣ ហើយមានការពង្រីកផ្លូវជាតិលេខ ២ ហើយក៏មានការអភិវឌ្ឍន៍បូរីដូចជា បូរីពិភពថ្មីកួស្រូវទី១ និង២ បូរីហ្វាយស្តារ និងគម្រោងផ្សារទំនើបអ៊ីអនទី៣នៅក្បែរតំបន់នេះដែរ”៕