ទីតាំងព្រលានយន្តហោះចិនខ្នាតយក្សបានសាងសង់រួចរាល់ហើយ បានចាប់ផ្តើមសាកល្បងឲ្យដំណើរជាបណ្តើរៗ
ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន៤ បានចាប់ផ្តើមហោះហើរសាកល្បងព្រលានយន្តហោះខ្នាតយក្សថ្មី នៅក្នុងទីក្រុងប៉េកាំង ដែលត្រូវបានគេចាត់ទុកថាវានឹងក្លាយជាព្រលានយន្តហោះមួយ ដែលមានភាពមមាញឹកជាងគេក្នុងពិភពលោកបន្ទាប់ពីបើកដំណើរនៅឆ្នាំនេះ។
យោងតាមការចុះផ្សាយសារព័ត៌មាន Xinhua បានចុះផ្សាយកាលពីថ្មីៗនេះថា ការបើកឲ្យដំណើរការសាកល្បងព្រលានយន្តហោះថ្មី Beijing Daxing International Airport មានក្រុមហ៊ុនអាកាចរណ៍ចំនួន៤ ដែលត្រូវបានជ្រើសរើសធ្វើការសាកល្បង រួមមានក្រុមហ៊ុន China Southern Airlines, ក្រុមហ៊ុន China Eastern Airline, ក្រុមហ៊ុន Air China និងក្រុមហ៊ុន Xiamen Airline ដែលមានប្រភេទយន្តហោះ A380, A350-900 ,B747-8, និង B787-8 ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ និងគ្រប់លក្ខណៈ ព្រមទាំងស្តង់ដារអន្តរជាតិមុននឹងដាក់ឲ្យដំណើរជាផ្លូវការ។
ព្រលានយន្តហោះអន្តរជាតិក្រុងប៉េកាំង Daxing គ្រោងនឹងសាងសង់បញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា និងបើកសម្ពោធឲ្យដំណើរការជាផ្លូវការនៅថ្ងៃទី៣០ ខែកញ្ញាខាងមុខនេះ។ ការដាក់ឲ្យដំណើរការនូវព្រលានយន្តហោះថ្មីរបស់ចិននេះ ក្នុងគោលបំណងដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាហោះហើររបស់ប្រទេស និងជួយសម្រួលដល់ការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិប៉េកាំង។
អាកាសយានដ្ឋានថ្មីនេះ ស្ថិតនៅចំណុចប្រសព្វនៃស្រុក Daxing និងទីក្រុង Langfang នៃទីក្រុងប៉េកាំងក្នុងខេត្ត Hebei ហើយត្រូវបានរំពឹងថា នឹងទទួលអ្នកដំណើរ ៤៥ លាននាក់ជារៀងរាល់ឆ្នាំនៅឆ្នាំ ២០២១ និង៧២លាននាក់នៅត្រឹមឆ្នាំ២០២៥។ ព្រលានយន្តហោះនេះមានទំហំរហូតដល់១លានម៉ែត្រការ៉េ មានផ្លូវរត់សម្រាប់យន្តហោះចំនួន៧ និងអាចចុះចតយន្តហោះបានចំនួនប្រមាណ៦២០,០០០គ្រឿងក្នុងមួយឆ្នាំ។
បច្ចុប្បន្ននេះ វិស័យអាកាសចរណ៍របស់ចិន កំពុងមានការរីកចម្រើនយ៉ាងលឿនបំផុតនៅលើពិភពលោកដោយសារ តែមានការកើនឡើងនៃប្រជាជនដ៏ច្រើន និងការផ្គត់ផ្គង់តម្រូវការជាមូលដ្ឋានលើកាធ្វើដំណើរ៕