ត្រឹមតែ​រយៈពេល​៤ខែតែប៉ុណ្ណោះ អ្នក​ដាក់ទុន​វិនិយោគ​ផ្នែក​សំណង់​បាន​កើនទឹក​ប្រាក់​រហូត​ដល់​៣ពាន់លាន$

នៅ​ត្រឹម​រយៈពេល៤ខែ​ដើមឆ្នាំ២០១៩នេះ​ ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ បានសម្រេច​អនុម័ត​លើ​គម្រោង​សាងសង់​សំណង់​ នៅក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជិត ៣ពាន់​ដុល្លារ​សហរដ្ឋអាមេរិក​។

យោង​តាម​របាយការណ៍​ដែល​ចេញ​ដោយ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ដែល​បាន​ចេញផ្សាយ​កាលពី​ដើម​សប្តាហ៍​នេះ​បាន​បង្ហាញថា​ នៅក្នុង​រយៈពេល៤ខែ ​ដើមឆ្នាំ២០១៩នេះ​ គម្រោង​វិនិយោគ​នៅក្នុង​វិស័យ​សំណង់​នានា​ ដូចជា​ អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ខុន​ដូ​ អគារ​ការិយាល័យ​ សណ្ឋាគារ​ បុរី​លំនៅ​ដ្ឋាន​ និង​សំណង់​រោងចក្រ​ជាដើម​ ត្រូវ​បាន​អនុម័ត​ដោយមាន​ទំហំ​ទឹកប្រាក់​វិនិយោគ​ សរុប​រហូតដល់២៧៤២ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​ក្នុង​នោះ​ទុន​វិនិយោគ​ផ្ទាល់​ពី​បរទេស​មាន​ចំនួន​ទឹកប្រាក់​៣៦៧លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

របាយការណ៍​ដដែល​បាន​បង្ហាញ​ឱ្យ​ដឹងផង​ដែរ​ថា​ នៅក្នុងចំណោម​នៃ​ការ​វិនិយោគ​ពី​បណ្តា​ក្រុមហ៊ុន​បរទេស​ នៅក្នុង​ទំហំ​ទឹកប្រាក់​ខាងលើ​នេះ​ វិនិយោគិន​ចិន​បាន​ឈានមុខ​គេ​ជាមួយ​ការ​បោះទុន​សរុប​ប្រមាណ៣១៥លាន​ដុល្លារ​ ខណៈ​ដែល​បណ្តា​អ្នក​វិនិយោគ​នានា​នៅក្នុង​តំបន់​អាស៊ាន​ ដែល​ចូល​មក​វិនិយោគ​នៅ​កម្ពុជា​ មាន​ទំហំ​ទឹកប្រាក់​ត្រឹម​ជាង៤លាន​ដុល្លារ​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ​។ ដោយឡែក​សម្រាប់​ក្រុមហ៊ុន​សំណង់​កំពុងតែ​ដំណើរការ​នៅ​កម្ពុជា​ ត្រូវ​បាន​ចុះបញ្ជី​នៅ​ក្រសួង​មាន​ដូចជា​ ក្រុមហ៊ុន​សំណង់​ចិន​មាន​ចំនួន២២៦​ ក្រុមហ៊ុន​វៀតណាម​មាន​ចំនួន២៦​ ក្រុមហ៊ុន​ថៃ​មាន​ចំនួន១៤​ ក្រុមហ៊ុន​ម៉ាឡេស៊ី​មាន​ចំនួន១២​ ក្រុមហ៊ុន​សិង្ហបុរី​មាន​ចំនួន៦​ ក្រុម​ហ៊ុន​ឥណ្ឌូ​នេ​ស៊ី​មាន​ចំនួន២​ និង​ក្រុមហ៊ុន​ហ្វីលីពីន​មាន​ចំនួន១​។

លោក​ James​ Hodge​ នាយករង​ក្រុមហ៊ុន​ CBRE​ Cambodia​ បាន​ថ្លែង​ថា​”រហូតមកដល់​ពេលនេះ​ យើង​នៅតែ​បន្ត​មើលឃើញ​ការ​លក់​ល្អ​ ក្នុង​គម្រោង​ជាច្រើន​ និង​ការ​លក់​គម្រោង​ ដែល​ទើប​ចាប់ផ្តើម​បាន​កំណត់​គោលដៅ​បាន​យ៉ាង​ល្អ​”។ លោក​ថ្លែង​បន្ត​ទៀត​ថា​ “មិន​មាន​សកម្មភាព​ធ្លាក់ចុះ​គួរ​អោយ​កត់សម្គាល់​ ចាប់តាំងពី​ឆ្នាំមុន​មក​ម្ល៉េះ​ដោយសារតែ​ជំហរ​ទីផ្សារ​ នៅតែ​មាន​ច្រើន​ដែល​វា​ស្ថិតនៅ​ចំណុច​ល្អ​ដូច​កាលពីមុន​”៕