វ៉ាន ចាន់ថន ៖ បុគ្គលិកដែលល្អ និងមានគុណតម្លៃ គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនពិតជាត្រឹមត្រូវ
នៅក្នុងដំណើរការរបស់ក្រុមហ៊ុនអចលនទ្រព្យ ចាំបាច់បំផុតត្រូវតែអាស្រ័យទៅលើភ្នាក់ងារជាបុគ្គលិក ដែលជំនួសជាសរសៃរឈាម និងជាចលករជួយជំរុញឱ្យក្រុមហ៊ុនមានភាពរីកចម្រើន។
តើធ្វើយ៉ាងដូចម្ដេច ដើម្បីអាចគ្រប់គ្រងបណ្តាភ្នាក់ងារឱ្យមានភាពស្មោះត្រង់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន Town city Real Estate Co.,Ltd លោកវ៉ន ចាន់ថន បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកថា បើចង់គ្រប់គ្រងភ្នាក់ងារដែលជាបុគ្គលិកធ្វើការ ឱ្យមានប្រសិទ្ធភាព និងចង់ឱ្យភ្នាក់ងារមានភាពស្មោះត្រង់ ចាំបាច់បំផុតក្នុងនាមជាអ្នកគ្រប់គ្រង ឬជាប្រធានក្រុមហ៊ុន ត្រូវតែធ្វើឱ្យភ្នាក់ងារទាំងនោះ ទទួលបានលាភសក្ការៈពីការងាររបស់ពួកគេជាមុនសិន។
លោកបានបន្តថា “ពាក្យដែលគេលើកឡើងថា បុគ្គលិកដែលល្អ និងមានគុណតម្លៃ គឺជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនពិតជាត្រឹមត្រូវ”។ លោកបន្តថា “មូលហេតុអីបានបណ្តាលឱ្យកើនឡើងនូវចំនួនភ្នាក់ងារទាំងនេះ គឺដោយសារតែភាពរីកចម្រើនរបស់ក្រុមហ៊ុនកាន់តែធំជាងមុន បង្កើនសេវាកម្មច្រើនជាងមុន ដែលចាំបាច់មានតម្រូវការភ្នាក់ងារបម្រើការងារច្រើន”។
លោក វ៉ន ចាន់ថន បានបន្តទៀតថា សំណួរសួរថា តើធ្វើដូចម្ដេចអាចគ្រប់គ្រងភ្នាក់ងារបានល្អ និងប្រកបដោយប្រសិទ្ធភាព? ចម្លើយឆ្លើយថា បើចង់ឱ្យគេគោរពយើង យើងត្រូវគោរពគេមុន បើចង់ឱ្យគេស្មោះត្រង់ជាមួយយើង យើងត្រូវស្មោះត្រង់ជាមួយគេជាមុន។ ដោយឡែកបើចង់ឱ្យបុគ្គលិកបម្រើការងារ រកចំណូលចូលក្រុមហ៊ុនបានច្រើន ក្រុមហ៊ុន ក៏ត្រូវផ្តល់ចំណូលដល់ភ្នាក់ងារដែលរកចំណូលជាមុនផងដែរ”។
លោកបានបន្តទៀតថា “ខ្ញុំស្រឡាញ់ភ្នាក់ងារខ្ញុំដូចជាកូនខ្ញុំដែរ បើខ្ញុំជិះទំនើប ភ្នាក់ងារខ្ញុំក៏ត្រូវតែជិះឡានដែរ។ យើងត្រូវចំណេញ មានចំណូលដូចគ្នា ទាំងបុគ្គលិកជាភ្នាក់ងារ ទាំងក្រុមហ៊ុន ឈ្នះទាំងអស់គ្នា”។
បន្ថែមពីនេះ ក្រុមហ៊ុនក៏ត្រូវបណ្តុះបណ្តាលជំនាញ ចំណេះដឹងបន្ថែមដល់ពួកគេជាប្រចាំផងដែរ ដើម្បីពួកគាត់អាចសម្លឹងមើលឃើញពីចំណុចល្អៗ នៅលើទីផ្សារបានកាន់តែទូលាយ និងអាចបង្កើនការទុកចិត្តទៅដល់បណ្តាក្រុមហ៊ុនជាដៃគូ ក៏ដូចជាអាចមានឱកាសចាប់យកចំណែកទីផ្សារផងដែរ៕