គ្រប់បណ្តាអ្នកជំនាញ ក៏ដូចជាបណ្តាថ្នាក់ដឹកនាំក្រុមហ៊ុនអចលនទ្រព្យនៅក្នុងស្រុកសុទ្ធតែលើកឡើងថា វាជាសញ្ញាវិជ្ជមានដ៏ល្អបំផុត នៅពេលដែលមានក្រុមហ៊ុនលំដាប់ពិភពលោកចូលមកកាន់ទីផ្សារកម្ពុជា។
តាមទស្សនៈរបស់នាយិកាក្រុមហ៊ុន AMATAK Property service លោកស្រី តាំង ហួរ បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា វត្តមានរបស់ក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកចូលមកកាន់ទីផ្សារកម្ពុជា វាជាសញ្ញាដ៏ល្អមួយដែលបង្ហាញពីការអភិវឌ្ឍ និងភាពរីកចម្រើនពីវិស័យអចលនទ្រព្យនៅកម្ពុជា។
លោកស្រីបន្តថា “ធម្មតាប្រសិនបើប្រទេសយើងមិនមានភាពរីកចម្រើន ឬគ្មានការអភិវឌ្ឍដែលអាចធ្វើឱ្យគេទាញយកផលប្រយោជន៍ត្រឡប់ទៅវិញបាននោះទេ គឺគេនឹងមិនមកនោះឡើយ”។ លោកស្រីបានបន្តទៀត “វត្តមានរបស់ពួកគេ ក្រៅពីស្ដែងឱ្យឃើញពីភាពវិជ្ជមាននៃវិស័យអចលនទ្រព្យ វាក៏ជាកក្តាមួយជួយជម្រុញឱ្យបណ្តាក្រុមហ៊ុនក្នុងស្រុកដែលកំពុងប្រឡូក នៅក្នុងវិស័យអចលនទ្រព្យមានភាពរីកចម្រើនផងដែរ តាមរយៈកាតប្រកួតប្រជែងគ្នា”។
លោកស្រីតាំង ហួរបានបន្តថា “ប៉ុន្តែទោះជាយ៉ាងណា ដើម្បីអាចទទួលបានផលប្រយោជន៍ពីវិស័យនេះទាំងអស់គ្នា ក្រុមហ៊ុនទាំងអស់ត្រូវតែមានកិច្ចសហការជាមួយគ្នាជាចាំបាច់ ដែលវាប្រសើរជាងការប្រកួតប្រជែង ឬលួចវាយប្រហារគ្នាពីក្រោយខ្នង ដើម្បីទទួលបានចំណែកទីផ្សារក្នុងរយៈពេលខ្លី ព្រោះការប្រកួតប្រជែងគ្នាដោយគ្មានតម្លាភាព ឬការប្រកួតប្រជែងដោយមិនមានភាពស្មោះត្រង់ វាជាទង្វើមួយដែលមិនត្រូវយកមកអនុវត្តនោះទេ។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍ថា ពេលដែលមានក្រុមហ៊ុនមានកេរ្តិ៍ល្បីលំដាប់ពិភពលោកចាប់អារម្មណ៍មកកាន់ទីផ្សារកម្ពុជា ច្បាស់ណាស់ជាសញ្ញាបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងតែមានភាពរីកចម្រើន។ លោកឧកញ៉ាបានមានប្រសាសន៍បន្តទៀតថា នៅពេលដែលមានក្រុមហ៊ុនធំៗចូលមក គឺវាបានជម្រុញឱ្យវិស័យមួយនេះមានការប្រកួតប្រជែងជាចាំបាច់ ដើម្បីដណ្ដើមយកចំណែកទីផ្សាររៀងៗខ្លួន។
យ៉ាងណាក៏ដោយ លោកឧកញ៉ាបានមានប្រសាសន៍ថា ការប្រកួតប្រជែងនៅលើទីផ្សារគឺត្រូវតែមាន កុំឱ្យតែអនុវត្តខុលពីគោលការណ៍ និងក្រមសីលធម៌វិជ្ជាជីវៈ។ នៅពេលមិនមានការប្រកួតប្រជែង យើងនឹងមិនដឹងថាក្រុមហ៊ុនរបស់យើង ដែលកំពុងតែដំណើរការនេះមានសក្តានុពលប៉ុនណា នៅក្នុងវិស័យមួយនេះនោះទេ ហើយក៏មិនបានដឹងពីភាពរីកចម្រើនរបស់ខ្លួនដែរ ដូច្នេះការប្រកួតប្រជែងត្រូវតែមាន៕