សោម កែវម៉ាលី ៖ ទីក្រុងបាវិតនឹងក្លាយជាទីក្រុងស៊ីវិស័យបំផុតនៅពេលអនាគត ព្រោះមានកត្តាសំខាន់ៗចំនួន១០
ទីក្រុងបាតវិតសព្វថ្ងៃ កំពុងមានសន្ទុះផ្នែកអចលនទ្រព្យដ៏ច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យទឹកដីនេះមានតម្លៃដីថ្លៃបំផុត បើប្រៀបធៀបជាមួយបណ្តាខេត្តផ្សេងៗនៃព្រះរាជាណាចក្រកម្ពុជា។
បើតាមលោក សោម កែវម៉ាលី អនុប្រធានសមាគមអ្នកជំនាញអចលទ្រប្យកម្ពុជា និងជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិ បានឲ្យដឹងថា មានសក្តានុពលធំៗចំនួន១០ ដែលបាននិងកំពុងប្រែក្លាយទីក្រុងនេះ ជាទីក្រុងពាណិជ្ជកម្ម និងឧស្សាហកម្មស៊ីវិល័យមួយនាពេលអនាគត។ សក្តានុពលទាំងនោះមានដូចជា៖ ទី១.ដោយសាររដ្ឋាភិបាលបាននិងកំពុងពង្រីកហេដ្ឋារចនាសម្ព័ន្ឋ ដោយពង្រីកផ្លូវជាតិលេខ១ចាប់់ពីគីឡូម៉ែត្រ១៥៩ ដល់គីឡូម៉ែត្រលេខ១៦៤ ជាផ្លូវពីរគន្លងដោយមានទំហំ៦០ម៉ែត្រ និងមានសួនច្បារនៅចំកណ្តាល ទី២.ផ្លូវថ្មីជាផ្លូវសំរាប់រថយន្តកុងទីណ័រឆ្លងកាត់មានទំហំ៦០ម៉ែត្រ ជាផ្លូវពុះកាត់កណ្កាលក្រុង ដែលបាននិងកំពុងសាងសង់់យ៉ាងសកម្ម។
ទី៣.ផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា វៀតណាម នៅច្រកព្រៃតាអី ឆ្ពោះមកកាន់តំបន់ធ្លក និងភ្ជាប់ជាមួយផ្លូវកុងទីណ័រថ្មី ដែលផ្លូវនេះនឹងតភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ បាវិត ដែលនឹងសាងសង់នាពេលឆាប់ៗខាងមុខនេះ ទី៤.វិស័យឯកជនបាននិងកំពុងវិនិយោគតំបន់សេដ្ឋកិច្ចពិសេសកើនឡើង ដែលទីក្រុងនេះនឹងមានតំបន់សេដ្ឋកិច្ចពិសេសពីរទៀតនឹងបើកដំណើរការនាពេលខាងមុខ ទី៥.ការវិនិយោគលើសណ្ឋាគារ កាស៊ីណូ រមណីយដ្ឋានថ្មីៗកំពុងកើនឡើង ទី៦.មានផែស្ងួតសំរាប់ផ្ទុកកុងទីណ័រកើនឡើងកាន់តែច្រើន ទី៧.ជាមួយនេះគម្រោងវិនិយោគមជ្ឈមណ្ឌលពាណិជ្ជកម្ម ក៏កំពុងមានការសាងសង់កើនឡើងយ៉ាងច្រើន។
ទី៨.ទីក្រុងរណបថ្មីៗចំនួនពីរ គឺទីក្រុងរណបហេង ហេង និងទីក្រុងរណប Empire World បាននិងកំពុងសាងសង់យ៉ាងសកម្ម ទី៩.ជាមួយគ្នានេះ ក្រុងបាវិតមានការរៀបចំនូវឯកសារបទដ្ឋានគិតយុត្តិ ផ្នែកនគរូបនីយកម្ម សូរិយោដីបានយ៉ាងល្អប្រសើរ ដែលមិនមានបញ្ហាជម្លោះដីធ្លីកើតឡើងច្រើនឡើយ ទី១០.កំនើននៃការវិនិយោគរបស់វិនិយោគិនបរទេសកើនឡើងដូចជា អ្នកវិនិយោគចិន កូរ៉េ ជប៉ុន អាមេរិកជាដើមបានចូលទៅវិនិយោគនៅទីក្រុងនេះកាន់តែច្រើន។
ក្នុងឳកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងព្រះសីហនុ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសពីផែនការសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់រវាងរាជធានីភ្នំពេញ ទៅកាន់ព្រំដែនបាវិត ខេត្តស្វាយរៀងនាពេលអនាគតឆាប់ៗខាងមុខផងដែរ។
ថ្នាក់ដឹកនាំក្រុមហ៊ុនស្ពានថ្នល់របស់ប្រទេសចិន បានជួបជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននៅប្រទេសចិនកាលពីពេលថ្មីៗនេះ ហើយពួកគេបានបង្ហើបថា ក្រុមហ៊ុននឹងទទួលបន្ទុកសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ បាវិតនាពេលខាងមុខផងដែរ។
រាជរដ្ឋាភិបាលបានដាក់បញ្ចូលក្រុងបាវិត ជាមួយទីក្រុងពីរទៀត គឺក្រុងព្រះសីហនុ និងក្រុងប៉ោយប៉ែត ជាតំបន់ពាណិជ្ជកម្ម ឧស្សាហកម្មនៅក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥៕