ឯកឧត្តម វ៉ី សំណាង ៖ បច្ចុប្បន្ននេះខេត្តកំពង់ស្ពឺកំពុងមានការប្រមូលផ្តុំទៅដោយការវិនិយោគផ្នែកអចលនទ្រព្យ
បច្ចុប្បន្នវិស័យអចលនទ្រព្យកំពុងមានការរីកចម្រើនជាលំដាប់ ជាពិសេសនៅតាមបណ្តាខេត្តមួយចំនួននៃព្រះរាជាណាចក្រកម្ពុជាក៏កំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ បើក្រឡេកមើលខេត្តកំពង់ស្ពឺជាខេត្តមួយដែលជាប់នឹងខេត្តកណ្តាល ហើយកៀកនឹងរាជធានីភ្នំពេញផងដែរ ក៏កំពុងមានការរីកចម្រើនខ្លាំងផងដែរ។
ខេត្តកំពង់ស្ពឺ ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប ហើយនៅចំកណ្ដាលរវាងតំបន់ប៉ូលសេដ្ឋកិច្ចកម្ពុជា គឺរវាងទីក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ដែលមានផ្លូវជាតិលេខ៣ និងលេខ៤ ឆាប់ៗនេះ។ អ្វីដែលពិសេសនោះគឺខេត្តកំពង់ស្ពឺកំពុងតែមានសក្កានុពលយ៉ាងខ្លាំងក្នុងការស្រូបយកគម្រោងជាច្រើនមកវិនិយោគនិងធ្វើឲ្យវិស័យអចលនទ្រព្យកាន់តែរីកចម្រើនបន្ថែមទៀត។
បើតាមឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ខេត្តកំពង់ស្ពឺមានការអភិវឌ្ឍន៍យ៉ាងច្រើនស្ទើរតែគ្រប់វិស័យ ដោយមើលឃើញពីសក្កានុពល២នៃខេត្តកំពង់ស្ពឺ៖
១.កត្តាភូមិសាស្រ្ត៖ ខេត្តកំពង់ស្ពឺជាខេត្តដែលស្ថិតនៅចំកណ្ដាលប៉ូលសេដ្ឋកិច្ចកម្ពុជា និងក្បែរទីក្រុងភ្នំពេញដោយមានតម្រូវការនៃការប្រើប្រាស់ទឹក ភ្លើង និងលំនៅដ្ឋាន ដែលអ្នកបោះទុនវិនិយោគតែងតែគិតដល់ និងជាខេត្តសម្បូរទៅដោយរោងចក្រសហគ្រាស ជាមួយនឹងតម្រូវការប្រើប្រាស់នូវអគ្គសនីច្រើនដោយបានអូសទាញនូវគម្រោងសាងសង់រោងចក្រអគ្គិសនីដើរដោយពន្លឺព្រះអាទិត្រលេច ឡើង។
២.កត្តាប្រជាសាស្រ្ត៖ ប្រជាជនរស់នៅច្រើនរហូតដល់៨៥ម៉ឺននាក់ ដូច្នេះហើយតម្រូវការក៏ច្រើន មិនថាលំនៅដ្ឋាន ដី ជាពិសេសទឹក និងភ្លើងដែលជាការអុសទាញនូវគម្រោងបង្កើតរោងចក្រអគ្គិសនី រោងចក្រផលិតទឹក ដើម្បីបំពេញនូវតម្រូវការដល់ប្រជាជន។
លោកក៏បានបន្ថែមទៀតថា ក្រុមហ៊ុនឥណ្ឌាកំពុងមានចំណាប់អារម្មណ៍ចង់វិនិយោគរោងចក្រអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យនៅក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្លាំងរហូតដល់៦០មេហ្គាវ៉ាត់ និងបន្តដាក់ឲ្យដំណើរនូវរោងចក្រអគ្គិសនីផ្សេងៗទៀត ដែលមានមូលដ្ឋាននៅក្នុងខេត្ត ដើម្បីផ្គត់ផ្គងនៅក្នុងខេត្ត និងចែកចាយទៅកាន់បណ្តាខេត្តក្រុងផ្សេងទៀតផងដែរ។
គួរជម្រាបផងដែរថា សក្តានុពលខ្ពស់ទាំងប្រជាសាស្ត្រ ភូមិសាស្ត្រ និងមានរោងចក្រច្រើន ទើបមានក្រុមហ៊ុនឥណ្ឌា ចាប់អារម្មណ៍ពីសំណាក់ក្រុមហ៊ុនបរទេសមក វិនិយោគនៅក្នុងខេត្តមួយនេះ នាពេលខាងមុខនេះ។
កត្តាទាំងអស់នេះហើយ បានប្រែក្លាយខេត្តកំពង់ស្ពឺឲ្យទៅជាជង្រុកនៃការវិនិយោគលើអចលនទ្រព្យដែលធ្វើឲ្យទីផ្សារ និងតម្លៃអចលនទ្រព្យមានការរីកចម្រើន និងទាក់ទាញការវិនិយោគពីសំណាក់វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុក៕