អស្ចារ្យ ! គម្រោងផ្លូវល្បឿងលឿនពីភ្នំពេញទៅក្រុងបាវិតតម្លៃជិត៤ពាន់លានដុល្លារត្រូវការដៃគូរសហការ
ភ្នំពេញ ៖ ក្រោយពីបានធ្វើការសិក្សាផ្លូវចាប់ពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តស្វាយរៀង និងព្រំដែនកម្ពុជា-វៀតណាមកន្លងមក ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កម្ពុជា និងគ្រោងធ្វើផ្លូវល្បឿងលឿនចាប់ពីរាជធានីភ្នំពេញឆ្ពោះទៅខេត្តស្វាយរៀង ត្រូវចំណាយថវិការអស់៣,៨០០លានដុល្លារ។
ឯកឧត្តម ស៊ុន ចាន់ថុល មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យទីភ្នាក់ងារសហ ប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន “JICA” ធ្វើការសិក្សាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញទៅ បាវិត ដែលមានចម្ងាយផ្លូវប្រវែង១៦០គីឡូម៉ែត្រ ដើម្បីធ្វើការសាងសង់ផ្លូវនេះ។
បន្ទាប់ពីធ្វើការសិក្សារួច ផ្លូវនេះ នឹងត្រូវចំណាយថវិកាប្រមាណ៣.៨០០ លានដុល្លារ ដែលការចំណាយយ៉ាងច្រើនសម្រាប់សាងសង់ផ្លូវល្បឿនលឿននេះ ដោយសារតែផ្លូវដែលត្រូវសាងសង់គឺមានលិចទឹក ហើយកាត់តាមបឹង ឬតំបន់លិចទឹកច្រើន ដែលមានប្រវែងរហូតដល់៨០គីឡូម៉ែត្រ បានធ្វើឱ្យតម្លៃក្នុងការចំណាយសាងសង់ច្រើន។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា បើប្រៀបធៀបទៅនឹងការសាងសង់ផ្លូវល្បឿនលឿន ពីរាជ ធានីភ្នំពេញ ទៅខេត្ដព្រះសីហនុ ដែលមានប្រវែង១៩០គីឡូម៉ែត្រនោះ គឺចំណាយថវិការតែ២,០០០លានដុល្លារប៉ុណ្ណោះ ដោយសារផ្លូវនេះ មិនមានការសាងសង់ឆ្លងកាត់បឹង ឬតំបន់លិចទឹក ដូចផ្លូវល្បឿនលឿនភ្នំពេញទៅបាវិត។
ឯកឧត្តមបានបន្ដថា ដោយសារតែទំហំទឹកប្រាក់ក្នុងការចំណាយសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតនេះ គឺមានចំនួន ច្រើនពេកនោះ រាជរដ្ឋាភិបាលមិនទាន់សម្រេចធ្វើការសាងសង់ ឬយ៉ាងណាទេ ដោយកំពុងតែ ស្វែងរកដៃគូវិនិយោគពីវិស័យឯកជន ដើម្បីកសាងផ្លូវនេះ៕