គ្រូបង្វឹកវ័យ ៦៥ឆ្នាំ បានថ្លែងថា យើងពិតជាលេងមិនល្អ លេងដោយមិនមានការប្រុងប្រយ័ត្នទាល់តែសោះ……..

គ្រូបង្វឹកក្រុមបាល់ទាត់អ៊ីតាលីលោក Luciano Spalletti បានលើកឡើងថា កីឡាករខ្លួនលេងដោយគ្មានការយកចិត្តទុកដាក់ ក្នុងជំនួបស្មើរក្រូអាត នៅជំនួបបិទពូល B ពានរង្វាន់ UEFA Euro 2024 កាលពីយប់មិញ។

ជាការពិត ក្នុងការប្រកួត ដែលបានធ្វើឡើងនាកីឡដ្ឋាន Red Bull Arena ក្រុមទាំង២មិនអាចរកគ្រាប់បាល់បានទេ នៅក្នុងវគ្គទី១។

លទ្ធផលនេះ បានធ្វើអោយក្រុមការពារតំណែងជើងឯកអ៊ីតាលី អាចបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល B ដែលធ្វើអោយពួកគេមានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ បើទោះជាបានទៅលេងវគ្គបន្ត យ៉ាងណាក៏ដោយ ការលេងមិនសូវល្អប្រសើររបស់កូនក្រុមបានធ្វើអោយគ្រូបង្វឹកអ៊ីតាលី លោក Luciano Spalletti បង្ហាញពីភាពមិនពេញចិត្ត ។

After Footer (Active) - damrei Mr1 Zone2

នៅក្នុងវគ្គទី២ នាទី៥៤ Luka Modric មានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ ដោយសារកីឡាករអ៊ីតាលី Davide Frattesi បានយកដៃទប់បាល់ក្នុងប្រអប់គ្រោះថ្នាក់។ ការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ Luka Modric ត្រូវបានអ្នកចាំទីអ៊ីតាលី សង្គ្រោះបាន ប៉ុន្តែ យ៉ាងណាវិញ រំលងពីនោះតែ១នាទី កីឡាករវ័យ៣៨ឆ្នាំ នៅតែអាចស៊ុតបាល់បញ្ចូលទី ផ្តល់ការនាំមុខដល់ក្រុមក្រូអាតបានសម្រេច។ ទោះត្រូវបាននាំមុខមុនក៏ពិតមែន ប៉ុន្តែក្រុមអ៊ីតាលី នៅតែតស៊ូវាយសម្រុក រហូតអាចរកគ្រាប់បាល់តាមស្មើវិញ ដោយកីឡាករ Mattia Zaccagni ស៊ុតបញ្ចូលទីនៅនាទី ៩០+៨ ដែលលទ្ធផល ១-១ បានរក្សាដល់ចប់ការប្រកួត។

គ្រូបង្វឹកគាត់បានលើកឡើងថា“យើងពិតជាលេងមិនល្អ លេងដោយមិនមានការប្រុងប្រយ័ត្នទាល់តែសោះ។ កីឡាករមិនអាចគ្រប់គ្រងបាល់បាន  យើងត្រូវរង់ចាំរហូតដល់ចុងម៉ោងទើបអាចរកគ្រាប់បាល់បានទាំងលំបាក។ នេះជារឿងគ្រោះថ្នាក់ណាស់ ហើយបើយើងលេងដោយគ្មានគុណភាពបែបនេះ ទោះលេងទម្រង់បែបណា ក៏មិនទទួលលទ្ធផលល្អដែរ។”

ងាកមកមើល ការប្រកួត១គូទៀតក្នុងពូលជាមួយគ្នាគឺ អេស្ប៉ាញឈ្នះ អាល់បានី ១-០។

ការឆ្លងកាត់៣ប្រកួតក្នុងពូល B គឺ អេស្ប៉ាញ មាន៩ពិន្ទុនៅកំពូលតារាង អ៊ីតាលីមាន៤ពិន្ទុ នៅលេខ២ ដែល២ក្រុមនេះទទួលបានកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ក្រូអាតនៅលេខ៣មាន២ពិន្ទុ រង់ចាំអ៊ុតមើលដោយមានសង្ឃឹមតិចតួចថា តើពួកគេអាចទទួលបានកៅអីជាក្រុមលេខ៣ល្អក្នុងពូលឬយ៉ាងណា ខណៈអាល់បានីមាន១ពិន្ទុ ត្រូវវិលទៅផ្ទះវិញ៕