សម្តេចតេជោ ហ៊ុន សែន ៖ ត្រឹមតែរយៈពេល​២៥ឆ្នាំ​ប៉ុណ្ណោះ ប្រទេស​កម្ពុជា​ទទួលវិនិយោគទុន​ជប៉ុន​២,៥​ពាន់លាន$

សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​ឲ្យដឹង​ថា​ក្នុង​ក្របខណ្ឌ​នៃ​ការ​វិនិយោគ​ផ្ទាល់​ពីជ​ប៉ុន​ ផ្អែក​តាម​ការ​កត់ត្រា​របស់​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ គិត​ពីឆ្នាំ១៩៩៤​ រហូតដល់​ត្រីមាស​ទី១​ ឆ្នាំ២០១៩​ (រយៈពេល​២៥ឆ្នាំ​) ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ចុះបញ្ជី​ គម្រោង​វិនិយោគ​ របស់​ក្រុមហ៊ុន​ជប៉ុន​ ចំនួន​១៣៧គម្រោង​ ក្នុង​ទុន​វិនិយោគ​សរុប​ចំនួន​ប្រមាណ​២,៥ពាន់​លាន​ដុល្លារ​អាមេរិក​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ថ្លែង​ឲ្យដឹង​សិក្ខាសាលា​ ស្ដី​អំពី​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ នៅ​ថ្ងៃទី​២៩​ ខែឧសភា​ ឆ្នាំ២០១៩​ នេះ​ថា​គម្រោង​វិនិយោគ​ទាំងអស់​ផ្ដោត​សំខាន់​លើ​ផ្នែក​ផលិត​គ្រឿង​បង្គុំ​អគ្គិសនី​និង​អេ​ឡិក​ត្រូ​និក​ គ្រឿង​បង្គុំ​រថយន្ត​ និង​សម្ភារៈ​បរិ​ក្ខា​បច្ចេកទេស​ កសិ​-ឧស្សាហកម្ម​ ការកែច្នៃ​ម្ហូបអាហារ​ សណ្ឋាគារ​ ទេសចរណ៍​ មន្ទីរពេទ្យ​ និង​ផ្សារ​ទំនើប​។

ក្រៅពី​គម្រោង​វិ​និ​-យោគ​ ដែល​បាន​ចុះបញ្ជី​នៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ខាងលើ​ ក៏​មាន​វត្តមាន​នៃ​សកម្មភាព​ធុរកិច្ច​ជប៉ុន​ទាំង​ធំ​ ទាំង​តូច​ ចំនួន​ប្រមាណ១.៧០០ក្រុមហ៊ុន​ ដែល​មាន​សកម្មភាព​ ក្នុង​វិស័យ​ជាច្រើន​ដូចជា​វិស័យ​ធនាគារ​ អាកាសចរណ៍​ ភោជនីយដ្ឋាន​ ជាដើម​។

សម្តេច​បន្ថែម​ថា​ ចំពោះ​វិស័យ​ធនាគារ​ បច្ចុប្បន្ន​មាន​ធនាគារ​ដែល​មាន​ភាគហ៊ុន​ជប៉ុន​ចំនួន​៦ កំពុង​មាន​ប្រតិបត្តិ​ការ​នៅ​កម្ពុជា​ ក្នុង​នោះ​ធនា​គា​រមីហ្ស៊ូហូ​ជា​ធនាគារ​ជប៉ុន​លំដាប់​អន្តរជាតិ​ដំបូង​គេ​បង្អស់ ​ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​ធនាគារពាណិជ្ជ​នៅ​កម្ពុជា​កាលពី​ថ្ងៃទី១​ ខែកុម្ភៈ​ ឆ្នាំ២០១៧​។ សម្តេច​តេជោ​បន្ថែម​ថា​ ចំណែក​វិស័យ​ទេសចរណ៍​ ក្នុង​ត្រីមាស​ទី១​ ឆ្នាំ​២០១៩​ កម្ពុជា​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ ជប៉ុន​ប្រមាណ​ជាង៦ម៉ឺន​នាក់​ ដែល​តួលេខ​នេះ​មានការ​កើនឡើង​ប្រមាណ​២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ២០១៨​។

កំណើន​នៃ​ប្រជាជន​កម្ពុជា​មក​ប្រទេស​ជប៉ុន​ក៏​មាន​ចំនួន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​ នេះ​បើ​យោង​តាម​ព័ត៌មាន​ដែល​យើង​ទទួល​បាន​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ គឺ​បើ​ធៀប​នឹង​ឆ្នាំ២០១៧​ នៅ​ឆ្នាំ២០១៨កន្លងទៅ​កំណើន​នៃ​ការ​ផ្តល់​ទិដ្ឋាការ​ដល់​ប្រជាជន​កម្ពុជា​មានការ​កើនឡើង​ប្រមាណ​៣៤​%។

រាជរដ្ឋាភិបាល​នីតិកាល​ទី៦​ នៃ​រដ្ឋសភា​ និង​កំពុង​អនុវត្ត​ គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​ ឆ្នាំ២០១៥​-២០២៥​ ដែល​ជា​យុទ្ធសាស្ត្រ​កំណើន​សេដ្ឋកិច្ច​ថ្មី​ សំដៅ​ ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ និង​កែប្រែ​រចនាសម្ព័ន្ធ​ឧស្សាហកម្ម​កម្ពុជា​ពី​ឧស្សាហកម្ម​អតិពលកម្ម​ ទៅជា​ឧស្សាហកម្ម​ផ្អែកលើ​ជំនាញ​ត្រឹម​ឆ្នាំ២០២៥​។

គោលនយោបាយ​នេះ​បាន​កំណត់​ប្រភេទ​ឧស្សាហកម្ម​អាទិភាព​ចំនួន៥ រួមមាន​៖ ១.ឧស្សាហកម្ម​ ឬកម្មន្ត​សាល​ថ្មី​ៗ ដែល​មាន​ចរិត​ជា​ការ​បើក​ច្រកចូល​ទីផ្សារ​ ផ្ដល់​តម្លៃបន្ថែម​ខ្ពស់​ មាន​ភាព​ច្នៃប្រឌិត​ និង​ភាព​ប្រកួតប្រជែង​ខ្ពស់​ ២.សហគ្រាស​ធុន​តូច​និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​ ៣.ផលិតកម្ម​ កសិ​-ឧស្សាហកម្ម​ដែល​បម្រើ​ឱ្យ​ការនាំចេញ​ និង​ទីផ្សារ​ក្នុង​ស្រុក​ ៤.ប្រភេទ​​ឧស្សាហកម្ម​គាំទ្រ​ ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ ទេសចរណ៍​ និង​កាត់ដេរ​ ព្រមទាំង​ឧស្សាហកម្ម​ បម្រើ​ឱ្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​តំបន់​ ដែល​ជា​ឧស្សាហកម្ម​តភ្ជាប់​ទៅ​ទីផ្សារ​ ឬខ្សែ​ចង្វាក់​តម្លៃ​សកល​ ៥.ប្រភេទ​ឧស្សាហកម្ម​បម្រើ​ឱ្យ​ខ្សែ​ចង្វាក់​ផលិតកម្ម​តំបន់​ និង​មាន​ចរិត​យុទ្ធសាស្ត្រ​នា​ពេល​អនាគត​៕