ឆ្លើយតបនឹងការលើកឡើងថា មានបងប្អូនខ្មែរមួយចំនួនដែលបានទៅចូលរួមពិធីបុណ្យសាសនា នៅម៉ាឡេស៊ី រត់គេចមិនចង់ធ្វើតេស្តរកវីរុស COVID-19 ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស ថា មិនពិតនោះទេ។
បដិសេធការលើកឡើងខាងលើ ឯកឧត្តមថា ការមិនចង់សហការនេះ នេះអាចមកពីការសាកសួរមិនច្បាស់ គឺសំដៅទៅលើបងប្អូនដែលត្រលប់មកពីប្រទេសម៉ាឡេស៊ីទាំងអស់ មិនមែនតែបងប្អូនដែលទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ីនោះទេ។
“ការពិត ជួនកាលបងប្អូនយើងអត់បានប្រាប់ពួកគាត់ឲ្យច្បាស់ ថា យើងត្រូវការបងប្អូនដែលទៅវិហារ Sri Petaling ហ្នឹង តែបងប្អូនយើងបានសួរថា អ្នកណាទៅម៉ាឡេស៊ីខ្លះ? អ៊ីចឹងអ្នកទៅម៉ាឡេស៊ី មានអ្នកខ្លះគាត់ទៅរកស៊ីធម្មតា ឆ្ងាយពីវិហារនោះដល់ទៅ ១.០០០ គីឡូម៉ែត្រ អ៊ីចឹងដល់ប្រាប់គាត់អត់ច្បាស់ គាត់អត់ចង់ពិនិត្យដែរ។ នៅគីឡូម៉ែត្រលេខ៩ សមត្ថកិច្ចបានប្រាប់ឯកឧត្តមថា បងប្អូនអត់ចង់ទៅពិនិត្យសំណាកទេ ខ្ញុំថា អ្ហាក! ម៉េចក៏អត់ចង់ គេពិនិត្យដើម្បីសុខភាពយើងទាំងអស់គ្នាតើ ឲ្យខ្ញុំសួរទៅគាត់ ដល់ពេលសួរ គាត់ថា គាត់ម៉ោតាំងពីខែ២ឯណោះ ហើយគាត់ទៅ មិនមែនទៅកន្លែងហ្នឹងផង ហើយអាការៈគាត់អត់មានអីទាំងអស់”។
ដោយឡែកទាក់ទងនឹងឃ្លីបវីដេអូដែលបានបង្ហោះ មានម្នាក់បានរត់ ឯកឧត្តមបានបញ្ជាក់ថា បុរសម្នាក់នោះមិនបានរត់ទេ គឺមកសម្រាកពេទ្យចាក់អង្រែ ដោយអត់ចង់សម្រាកនៅពេទ្យក្បែរផ្ទះ។ ឯកឧត្តមថា ពេលខ្លះគ្រាន់តែជាការឮតៗគ្នាប៉ុណ្ណោះ តែទោះយ៉ាងណាឯកឧត្តមក៏សូមអរគុណដល់បងប្អូនទាំងអស់ដែលបានផ្តល់ព័ត៌មាន ក្នុងន័យចូលរួមទប់ស្កាត់ការរីករាលនៃជំងឺ COVID-19 ទាំងអស់គ្នា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕