អស្ចារ្យមែន​ ! ពេលនេះ ខ្មែរយើង អាចចាយប្រាក់រៀលខ្មែរ នៅថៃដោយមិនបាច់ប្ដូរទៅប្រាក់បាតទេ!

កាលពីថ្ងៃម្សិលមិញនេះ ធនាគារជាតិនៃកម្ពុជានិងធនាគារកណ្តាលថៃបានព្រមព្រៀងដាក់ឱ្យដំណើរការសាកល្បងគម្រោងអភិវឌ្ឍប្រព័ន្ធ QR code ដើម្បីជួយសម្រួលដល់សេវាទូទាត់រាយនៅកម្ពុជានិងរវាងប្រទេសទាំងពីរ។

គម្រោងអភិវឌ្ឍប្រព័ន្ធ QR code នេះ ជាជំហានដំបូងគឺសម្រាប់ទូទាត់ជាទូទៅ ដូចជា ការទូទាត់របស់ភ្ញៀវទេសចររបស់ប្រទេសទាំងពីរ និងបន្ទាប់មកនឹងបង្កើនវិសាលភាពដល់ការផ្ទេរប្រាក់របស់កម្មករ និងការទូទាត់ក្នុងពាណិជ្ជកម្មនិងវិនិយោគ។

តាមរយៈ ការប្រើប្រាស់ QR Code នេះ នឹងអនុញ្ញាតឱ្យប្រជាជនកម្ពុជាដែលមានគណនីជាប្រាក់រៀលទទួលបានផលចំណេញជាច្រើន ដូចជា អាចធ្វើការទូទាត់ចេញពីគណនីជាប្រាក់រៀលរបស់ខ្លួនសម្រាប់ចំណាយទិញទំនិញ ឬទូទាត់ចំណាយនានាដូចជា សេវាព្យាបាលជាដើម នៅលើទឹកដីថៃដោយងាយស្រួល សុវត្ថិភាព និងចំណាយតិចបំផុត បើធៀបទៅនឹងការប្តូរនិងការកាន់សាច់ប្រាក់បាតទៅចាយលើទឹកដីថៃ។

ដូច្នេះ ប្រជាជនកម្ពុជា នឹងមិនចាំបាច់ខ្វល់ខ្វាយពីការប្តូរប្រាក់ ដែលពេលខ្លះអាចទទួលរងនូវការខាតបង់ពីការប្តូរប្រាក់ ពេលធ្វើដំណើរទៅកាន់ប្រទេសថៃ ហើយអាចធ្វើការចំណាយដោយមិនចាំបាច់ព្រួយបារម្ភពីការបាត់បង់និងខ្វះខាតប្រាក់បាតថៃ នៅពេលដែលមានគណនីជាប្រាក់រៀលនៅកម្ពុជា។

លើសពីនេះ ការប្រើប្រាស់ QR Code ក៏នឹងអាចអនុញ្ញាតឱ្យពាណិជ្ជករទូទាត់ថ្លៃទំនិញឱ្យគ្នាដោយផ្ទាល់ ដោយមិនចាំបាច់ធ្វើការប្តូរប្រាក់នៅតាមភ្នាក់ងារប្តូរប្រាក់នានាផងដែរ ចំណែកឯកម្មករកម្ពុជាដែលធ្វើការនៅប្រទេសថៃក៏នឹងអាចផ្ទេរប្រាក់ទៅគ្រួសាររបស់ខ្លួន តាមរយៈប្រព័ន្ធនេះ ជាមួយនឹងការចំណាយទាប និងមានសុវត្ថិភាពបំផុត។

គួរបញ្ជាក់ផងដែរថា គម្រោងតភ្ជាប់ប្រព័ន្ធទូទាត់តាមរយៈ QR Code នឹងក្លាយជាកម្លាំងចលករមួយទៀត ចំពោះការលើកទឹកចិត្តឱ្យប្រជាជនកម្ពុជា មានគណនីជាប្រាក់រៀល ដោយទទួលបាននូវអត្ថប្រយោជន៍ជាច្រើនទាំងក្នុងស្រុក និងនៅក្រៅស្រុក ស្របតាមគោលនយោបាយជំរុញការប្រើប្រាស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។ ម៉្យាងទៀត ការប្រើប្រាស់ QR Code ជាមួយនឹងគណនីជាប្រាក់រៀល នឹងជួយបង្កើនការប្រើប្រាស់ប្រព័ន្ធទូទាត់ផ្លូវការ ដែលធ្វើឱ្យការចំណាយលើប្រតិបត្តិការមានតម្លៃទាប ងាយស្រួលនិងមានសុវត្ថិភាព ជាពិសេសចំពោះប្រតិបត្តិការតូចៗរបស់ប្រជាជនក្រីក្រនិងថ្នាក់កណ្តាល៕