អស្ចារ្យមែន ! ក្នុងតំបន់អាស៊ាន​ប្រទេស​ម៉ាឡេស៊ី​ជាប់ចំណាត់ថ្នាក់លេខ២ ដែលមានពាណិជ្ជកម្មច្រើនជាងគេ

តាមរយៈតារាងពិន្ទុរបស់ DHL Global Connectedness Index(GCI) បានឲ្យដឹងថាប្រទេសម៉ាឡេស៊ីសព្វថ្ងៃមានដំណើរការសេដ្ឋកិច្ចយ៉ាងល្អដែលនាំឲ្យប្រទេសមួយនេះអាចឈរលើលំដាប់លេខ ១២ ក្នុងចំណោមប្រទេសទាំង ១៦៩ លើពិភពលោកដែលមានបណ្ដាញពាណិជ្ជកម្មធំៗ។

តារាងពិន្ទុរបស់ GCI ដែលធ្វើការវាស់វែងលើលំហូរនៃពាណិជ្ជកម្មអន្តរជាតិ ហិរញ្ញវត្ថុ ព័ត៌មានផ្សេងៗ រួមទាំងប្រជាជនដែរ បានបង្ហាញថាប្រទេសម៉ាឡេស៊ីមានការរីកលូតលាស់យ៉ាងខ្លាំងលើទំហំនិងបរិមាណនៃលំហូរពាណិជ្ជកម្មអន្តរជាតិដោយធ្វើឲ្យប្រទេសមួយនេះអាចលោតហក់ទៅជាប់ចំណាត់ថ្នាក់លេខ ១៥ និង ២៨ ទូទាំងពិភពលោកលើផ្នែកលំហូរពាណិជ្ជកម្មទាំងពីរផ្នែក។

លោក Julian Neo នាយករបស់ DHL Express Malaysia and Brunei បានបកស្រាយថាប្រទេសម៉ាឡេស៊ីអាចឈោងចាប់បានចំណាប់ថ្នាក់លំដាប់ពិភពលោកលើតារាងពិន្ទុGCI ខ្ទង់់លេខ ២០ ជាងដោយសារតែមានការរីកលូតលាស់ជាមួយនឹងការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសអាស៊ានជាច្រើន។

លោកបានបន្តទៀតថា ជាមួយនឹងការពង្រីកបណ្ដាញពាណិជ្ជកម្មអន្តរជាតិ គឺជាកត្តាដែលជួយជំរុញឲ្យប្រទេសម៉ាឡេស៊ីអាចបោះពួយទៅរកភាពរីកចម្រើន ខាងផ្នែកសេដ្ឋកិច្ចដែលធ្វើឲ្យប្រទេសផ្សេងៗ កោតសរសើរនិងទទួលស្គាល់​ពីភាពជោគជ័យរបស់ប្រទេសនេះ។

ហើយ GCI ក៍បានបញ្ជាក់ដែលថាបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនទទួលបានអត្ថប្រយោជន៍ពីការភ្ជាប់ជាមួយបណ្ដាញពាណិជ្ជកម្មទ្រង់ទ្រាយធំក្នុងតំបន់អាស៊ី រួមជាមួយនឹងបានចូលរួមក្នុងវិធានការសហការគ្នាក្នុងការធ្វើពាណិជ្ជកម្មរួមគ្នា។ លទ្ធផលដែលគេបានសង្កេតឃើញថ្មីៗនេះ គឺប្រទេសអាស៊ីអាគ្នេយ៍ទាំងបួនមានប្រទេសម៉ាឡេស៊ី កម្ពុជា សិង្ហបុរី និងប្រទេសវៀតណាមមានលំហូរពាណិជ្ជកម្មអន្តរជាតិដែលកើនឡើងលើសពីការរំពឹងទុក្ខដែលគួរឲ្យកត់សម្គាល់។

ដូចនេះគេជឿជាក់ថាសកលបណ្ដាញពាណិជ្ជកម្មនេះនឹងបន្តនាំមកនូវលទ្ធផលវិជ្ជមានជាច្រើនទៀតដល់ការរីកលូតលាស់របស់សេដ្ឋកិច្ចនៃបណ្ដាប្រទេសជាច្រើនក្នុងពេលខាងមុខនេះ៕