ក្នុងការវាយប្រហារសត្រូវ យើងមិនប្រាកដថានឹងត្រូវតែប្រើរបស់របរដូចជាអាវុធ ដាវ លំពែង ឬក៏របស់ផ្សេងនោះទេ។ ចំពោះមនុស្សមានប្រាជ្ញា គេប្រើតែពាក្យសម្តីក៏អាចសម្លាប់មនុស្សបានដែរ ហើយមិនឱ្យមានឈាមទៀតផង។
ជាក់ស្តែងជូកឺលៀង ប្រើអណ្តាតឥតឆ្អឹងរបស់គាត់លើសមរភូមិជាមួយនឹងមេទ័ពម្នាក់ឈ្មោះថា វ៉ាងឡាង ដែលជាមន្ត្រីរបស់នគរអ៊ួយឱ្យធ្លាក់ពីលើខ្នងសេះស្លាប់ភ្លាមតែម្តង។ ចំណុចដែលគាត់អាចប្រើអណ្តាតសម្លាប់មនុស្សបាន គឺ៖មកពីគាត់មានប្រាជ្ញាឈ្លាសវៃ ដឹងពីចំណុចខ្សោយរបស់សត្រូវ ពិសេសប្រើចំពេលវេលាល្អថែមទៀត។
មនុស្សវាំងឡាងនោះ គឺជាមន្ត្រីរបស់រាជការហាន់ តែដើម្បីទទួលបានឋានៈបុណ្យស័ក្តិពី ឆាវឆាវ សុខចិត្តឱនក្បាល និងចុះចូលមិនគិតពីជាតិអ្វីបន្តិច។ ពេលឃើញដូច្នេះ ជូកឺលៀង ក៏បានវាយប្រហារចំៗត្រង់ចំណុចនេះតែម្តង ដៀលតាំងពីដូនតារបស់គាត់រហូតដល់គាត់ ធ្វើឱ្យមន្ត្រីវ៉ាងទ្រាំមិនបាននឹងកំហឹងនេះ គ្មានអ្វីអាចតវ៉ាបានក៏ក្អួនឈាមស្លាប់ធ្លាក់ពីលើខ្នងសេះ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលជូកឺលៀង ប្រើអណ្តាតសម្លាប់មនុស្សនោះ ជាក់ស្តែងដូចជានៅតុងអ៊ូជាដើម គាត់បានប្រើពាក្យសម្តីរបស់គាត់បោសសំអាតតុងអ៊ូម្នាក់ស្ងាត់មាត់ឈឹងតែម្តង៕