តើគួរ​វិនិយោគអលនទ្រព្យបែបណា​ ក្នុងពេល​ដែល​វិស័យ​នេះកំពុង​រីកចម្រើន​ខ្លាំង​នៅប្រទេសកម្ពុជា?

ប្រទេសកម្ពុជាកំពុងមានភាពរីកចម្រើនខ្លាំង លើការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ។ គម្រោងអភិវឌ្ឍន៍ធំៗ ត្រូវបានបោះទុនវិនិយោគ ដោយក្រុមហ៊ុនជាតិ និងអន្តរជាតិក្នុងទំហំទឹកប្រាក់រាប់លានដុល្លារ។

ការវិនិយោគលើអចលនទ្រព្យក្នុងកាលៈទេសៈនេះ យើងអាចផ្តោតសំខាន់លើ៤ ផ្នែកនៃវិស័យអចលនទ្រព្យ មានខុនដូរ អគារពាណិជ្ជកម្ម ដីធ្លី និងលំនៅឋាន ព្រោះផ្នែកនេះកំពុងមានតម្រូវខ្លាំង តែអ្នកផ្គត់ផ្គង់មិនទាន់ឆ្លើយតបតាមតម្រូវការជាក់ស្តែង។ តែជំហានដំបូងយើងអាច ស្វែងយល់ការវិនិយោគ លើខុនដូរ ផ្ទះ និងដីធ្លី។

ការវិនិយោគដំបូង គួរវិនិយោគលើផ្ទះ ឬខុនដូរ សម្រាប់អ្នកមិនមានដើមទុនច្រើនលើសលុប ព្រោះវាអាចរកចំណូលឱ្យយើងបានភ្លាមៗត្រឡប់មកវិញក្នុងរយៈពេលខ្លី។ ហើយមួយវិញទៀត ការទិញខុនដូរ ឬលំនៅឋានភាគច្រើន យើងអាចបង់រំលស់១០០%តែម្តង ហាក់បង្កភាពងាយស្រួលដល់អ្នកទិញ បើទោះបីជាមានការប្រាក់ថ្លៃបន្តិចមែន។ យើងទាញចំណូលបានតាមរយៈការជួល ហើយឈានដល់ការលក់ចេញវិញ ក្នុងរយៈពេលសាកសមណាមួយនោះ ដើម្បីទទួលប្រាក់ចំណេញផងដែរ។

ចំណុចត្រូវពិចារណាមួយទៀត និងសំខាន់ក្នុងការវិនិយោគ គឺលើការបង្វិលលុយពីការជួល ទៅម្ចាស់បំណុល យើងមិនអាចពឹងផ្អែកលើការជួល១០០%នោះទេ ព្រោះការជួលតែងមានកុងត្រាកំណត់ ឬអាចចប់មុនកុងត្រាជាដើម ដូច្នេះអ្នកវិនិយោគត្រូវតែមានទុនបម្រុងជាដាច់ខាត ក្នុងការការពារករណីនេះ ព្រោះអាចធ្វើឱ្យវិនិយោគរបស់យើងជួបបរាជ័យផងដែរ។ បន្ថែមពីលើនេះ បើអ្នកគ្រប់គ្រងហិរញ្ញវត្ថុខ្លួនឯងច្បាស់លាស់ នោះការធានានៃនិរន្តរភាពនៃការវិនិយោគរបស់អ្នកអាចមានដំណើរការល្អជានិច្ច ទោះមានវិបត្តិយថាហេតុណាមួយកើតឡើងក្តី។ ហើយយើងអាចបន្តធ្វើរបៀបនេះ ជាបន្តទៀត បើយើងនៅតែគ្រប់គ្រងវាបានល្អប្រសើរដដែល។

ចំណែកការវិនិយោគលើដីធ្លីវិញ ទាមទារឱ្យយើងមានដើមទុនច្រើនបន្តិច ព្រោះការវិនិយោគលើដីធ្លី យើងអាចទាញផលចំណេញនៅពេលលក់ចេញ ហើយពិបាកក្នុងការដាក់ជួលណាស់ ដូច្នេះចាប់តាំងពីយើងទិញដី យើងត្រូវបង់រំលស់ជាប្រចាំ តែបើយើងមានដើមទុនច្រើន បង់ពាក់កណ្តាល ឬបង់១០០%បាន កត្តាហានិភ័យមិនសូវមានទេ ព្រោះស្ថានភាពដីភាគច្រើនយ៉ាងហោចណាស់ក៏រយៈ៣ ទៅ៥ឆ្នាំ ទើបអាចអាចលក់ចេញយកផលចំណេញបាន។

អ្នកវិនិយោគត្រូវច្បាស់ថា ខ្លួនបានសិក្សាអំពីហានិភ័យ កត្តាខាងក្រៅខ្លួន និងកត្តាក្នុងខ្លួនឱ្យបានច្បាស់ ព្រោះការវិនិយោគអចលនទ្រព្យមានហានិភ័យកាន់តែខ្ពស់ តែផ្តល់ចំណេញក៏ច្រើនដែរ។ ចំណុចខ្លាំងរបស់អ្នកវិនិយោគ មានសមត្ថភាពអាចគ្រប់ហេតុការណ៍អាក្រក់ណាមួយ មិនឱ្យកើតឡើង ឬកាត់បន្ថយឱ្យនៅកម្រិតទាបបំផុត នេះជាចំណុចជោគជ័យ។

ដើម្បីធានាការវិនិយោគនេះជួបហានិភ័យទាប អ្នកវិនិយោគអាចទទួលការប្រឹក្សាយោបល់ពីសំណាក់ក្រុមហ៊ុនអចលន​ទ្រព្យជំនាញណាមួយ។ ហើយយើងត្រូវតែស្គាល់ខ្លួនឯង ឱ្យបានច្បាស់ថា តើយើងមានដើមទុនប៉ុន្មានសម្រាប់វិនិយោគ ហើយខ្លួនមានព័ត៌មានគ្រប់ជ្រុងជ្រោយលើការវិនិយោគអចលនទ្រព្យដែលខ្លួនចង់វិនិយោគ៕