ក្នុងពេលបំពេញការងារជាមួយ​ក្រុមការងារ តើរឿង​សម្ងាត់អ្វីខ្លះ​ដែលអ្នក​មិន​គួរនិយាយ ឬសួរ​ទៅកាន់មិត្តរួម​ការងារ?

នៅ​កន្លែង​ការងារ មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល អ្នក​មិន​ត្រូវ​រ៉ាយរ៉ាប់​ប្រាប់​អ្នក​រួម​ការងារ​របស់​​អ្នក​នោះ​ឡើយ។ អ្នក​តែងតែ​ភ្លេច​ថា ដោយសារតែ​អ្នក​​ទុកចិត្ត​អ្នក​រួម​ការងារ​ណា​ម្នាក់ ​វា​បាន​ធ្វើ​ឲ្យ​អ្នក​បង្ហើប​រឿងរ៉ាវ​សំខាន់ៗ​ស្ទើរតែ​ទាំងអស់​។ អ្នក​​អាច​គិត​ថា នៅពេល​អ្នក​និយាយ​រឿង​ទាំង​នោះ​ចេញ​មក វា​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ធូរស្បើយ ក៏ប៉ុន្តែ​អ្នក​ប្រហែល​ជា​មិន​បាន​គិត​ពី​ហានិភ័យ​ដែល​ត្រឡប់​មក​វិញ​នោះ​ឡើយ។

សូម​គិត​ឡើង​វិញ ហើយ​ចូរ​​ក្រឡេក​មើល​បញ្ហា​សំខាន់ៗ​ជា​ច្រើន​ខាងក្រោម​នេះ​ដែល​អ្នក​មិន​ចាំបាច់​និយាយ​ប្រាប់​ទៅ​ក្រុម​ការងារ​របស់​អ្នក​ពី​ថ្ងៃ​នេះ​តទៅ៖

១.ហាម​ដាច់ខាត​សួរ​រឿង​ប្រាក់​ខែ

មូលហេតុ​បង្ហាញ​ថា អ្នក​មិន​មាន​លក្ខណៈ​វិជ្ជាជីវៈ​ជា​អ្នក​រួម​ការងារ ហើយ​ម្យ៉ាង​ទៀត​អាច​ធ្វើ​ឲ្យ​មាន​ការ​ថ្នាំងថ្នាក់​នៅ​ក្នុង​កន្លែង​ការងារ​ប្រសិន​បើ​អ្នក​មាន​តំណែង​ដូចគ្នា ប៉ុន្តែ​ទទួល​បាន​ប្រាក់ខែ​ខុសគ្នា។

២.ពឹងពាក់​​ខ្ចី​លុយ​​​មិន​​លោះ​ខែ​

​​ប្រសិន​បើ​អ្នក​ភ្លេច​កាបូប​លុយ​មក​កន្លែង​ការងារ ឬ​ពឹងពាក់​ខ្ចី​លុយ​ម្តងម្កាល​ពេល​ចាំបាច់​ដូច​ជា​ទិញ​អាហារ​ហូបចុក​ជា​ដើម​ វា​មិនមែន​ជា​បញ្ហា​នោះ​ឡើយ។ ប៉ុន្តែ​បើ​អ្នក​ឧស្សាហ៍​ខ្ចី លុយ​អ្នក​រួម​ការងារ​សឹងតែ​​មិន​លោះ​ពេល​ សាក​គិត​ទៅ​មើល​ប្រសិន​បើ​ជា​អ្នក តើ​​អ្នក​មាន​អារម្មណ៍​បែប​ណា?

៣.និយាយ​ដើម​​អ្នក​រួម​ការងារ ឬ​ចៅហ្វាយ​នាយ​

ការ​និយាយ​មិន​ល្អ​នៅ​ពី​ក្រោយ​ខ្នង​​អ្នក​រួម​ការងារ​ ឬ ចៅហ្វាយនាយ​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត​ស្តាប់ មិន​បង្ហាញ​ថា អ្នក​ជា​​បុគ្គលិក​មាន​ក្រម​សីលធម៌ និង​គួរឲ្យ​គោរព​​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ វា​បង្ហាញ​ថា អ្នក​ជា​បុគ្គលិក​មិន​ល្អ​ជាង​​អ្នក​រួម​ការងារ​ ឬ​ចៅហ្វាយ​នា​ដែល​អ្នក​និយាយ​ដើម​ទៅ​ទៀត ហើយ​ថ្ងៃ​ណា​មួយ អ្នក​ដែល​អ្នក​បាន​និយាយ​ប្រាប់ នឹង​​និយាយ​ដើម​អ្នក​ឲ្យ​អ្នក​ផ្សេង ទៀត​ស្តាប់​មិន​ខាន​។

៤.និយាយ​រឿង​ចង់​រក​ការងារ​នៅ​កន្លែង​ថ្មី

ការ​ចែករំលែក​ព័ត៌មាន​នេះ​ជាមួយ​អ្នក​រួម​ការងារ​របស់​អ្នក​ អាច​ធ្វើ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ឃ្លាត​ឆ្ងាយ​ពី​អ្នក​​ ហើយ​គិត​ថា​អ្នក​នឹង​លែង​ជា​ផ្នែក​មួយ​នៃ​ក្រុម​ការងារ​តទៅ​ទៀត​ដែល​ធ្វើ​ឲ្យ​ផលិតភាព​ការងារ​អាច​នឹង​ធ្លាក់​ចុះ។

៥.កុំ​និយាយ​រឿង​ទំនាក់ទំនង​ស្នេហា​ផ្ទាល់​ខ្លួន​ច្រើន​ពេក​​​

រឿង​ទំនាក់ទំនង​ស្នេហា​ផ្ទាល់​ខ្លួន វា​មិនមែន​ជា​ប្រធានបទ​សំខាន់ ​ដែល​អ្នក​យក​ទៅ​និយាយ​ប្រាប់​អ្នក​រួម​ការងារ​នោះ​ទេ​ពីព្រោះ​ថា វា​ប្រៀប​ដូច​ជា​អ្នក​នាំ​ភ្លើង​ក្នុង​របស់​​អ្នក​ចេញ​ទៅ​ក្រៅ​ដូច្នេះ​ដែរ។ ម្យ៉ាង​ទៀតវា​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក​រួម​ការងារ​ដែល​កំពុង​ផ្តោត​លើ​ការងារ​​រៀងៗ​ខ្លួន​​ទៀត​ផង។

៦. កុំ​ប្រាប់​​ពី​​គម្រោង​​របស់​អ្នក​ចង់​ប្តឹង​ក្រុមហ៊ុន

បើ​ទោះបី​ជា​ពាក្យ​បណ្តឹង​របស់​អ្នក​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ​ក៏ដោយ ការ​លេច​ធ្លាយ​ព័ត៌មាន​នេះ​ទៅ​កាន់​មិត្ត​រួម​ការងារ មិនមែន​ជា​រឿង​ដ៏​ល្អ​នោះ​ឡើយ។ ពួកគេ​អាច​និយាយ​បន្ត​ទៅ​កាន់​អ្នក​ផ្សេង​ទៀត​ ដែល​ធ្វើ​ឲ្យ​​បរិយាកាស​ក្រុមហ៊ុន​​កាន់តែ​អាប់អួ។ ជម្រើស​ដ៏​ល្អ ប្រសិន​បើ​អ្នក​មិន​សុខចិត្ត​នឹង​ចំណាត់ការ​អ្វី​មួយ​របស់​ក្រុមហ៊ុន អ្នក​គួរ​ពិភាក្សា​ជាមួយ​មេធាវី​របស់​អ្នក។

៧.កុំ​ប្រាប់​រឿងរ៉ាវ​ដែល​អ្នក​​លួច​សម្ភារៈ​​មួយ​ចំនួន​របស់​​ក្រុមហ៊ុន

ដោយសារតែ​អ្នក​បាន​លួច​សម្ភារៈ​​របស់​ក្រុមហ៊ុន ដូច្នេះ​អំពើ​នេះ​អ្នក​ច្បាស់​ណាស់​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​ក្រុមហ៊ុន ឬ​ត្រូវ​បាន​​ចាត់ទុក​ថា​ជា​បទល្មើស​​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ធំ​គ្រោះថ្នាក់​ដល់​ខ្លួន​អ្នក។ ដូច្នេះ  វា​គ្មាន​បាន​ប្រយោជន៍​អ្វី​ដែល​អ្នក​ត្រូវ​និយាយ​ប្រាប់​រឿង​នេះ​ទៅ​កាន់​អ្នក​រួម​ការងារ​នោះ​ឡើយ។

៨.កុំ​និយាយ​អ្នក​រួម​ការងារ​ថា ជា​មនុស្ស​នាំ​បញ្ហា

ប្រធានបទ​ជា​ច្រើន​ដូច​ជា បញ្ហា​នយោបាយ ឬ​បញ្ហា​ផ្ទាល់​ខ្លួន​អាច​ត្រូវ​បាន​និយាយ​នៅ​កន្លែង​ការងារ។ ដូច្នេះ​ពេល​ខ្លះ​ការ​លើក​យក​ប្រធានបទ​ទាំង​នេះ​​មក​កន្លែង​ការងារ​ពី​អ្នក​រួម​ការងារ អាច​ធ្វើ​ឲ្យ​បរិយាកាស​ការងារ​មាន​ភាព​អាប់អួ។ ក៏ប៉ុន្តែ អ្នក​ត្រូវ​និយាយ​ចំៗ​ទៅ​អ្នក​រួម​ការងារ​ជា​មនុស្ស​នាំ បញ្ហា​នោះ​ឡើយ។ វា​បង្ហាញ​ថា អ្នក​ជា​មនុស្ស​គ្មាន​វិជ្ជាជីវៈ មិន​ចេះ​ប្រើ​ភាសា​ទំនាក់ទំនង​ដោយ​ឆ្លាតវៃ​​៕