រយៈពេល​៣​ខែ​ដើម​ឆ្នាំ​ ​កម្ពុជា​ប្រមូល​ពន្ធ​បាន​២៤​លានដុល្លារ​លើ​ចំនួន​អចលនទ្រព្យ​៣៣,៦%នៃផែនការ​

គិត​ត្រឹម​រយៈ​ពេល​បីខែ​នា​ដើម​ឆ្នាំ​២០១៩​នេះ​ កម្ពុជា​ប្រមូល​បាន​ពន្ធ​ប្រថាប់​ត្រា​លើ​ការ​ផ្ទេរ​កម្មសិទ្ធ​ ឬ​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ​បាន​ប្រមាណ​៩៦ប៊ីលាន​រៀល ឬ​ប្រមាណ​២៤លាន​ដុល្លារ លើ​ចំនួន​អចលនទ្រព្យ​ប្រមាណ​២០,៥០០​មូល​ដ្ឋាន ដែល​ស្មើរ​នឹង ​៣៣,៦​%នៃផែន​ការ នេះ​បើ​តាម​សេក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មេសា ឆ្នាំ​២០១៩។

ថ្លែង​នៅ​ក្នុង​សិក្ខា​សាលា​ស្ដី​ពី​ “ការ​ប្រមូល​ពន្ធ​ប្រថាប់​ត្រា​ចំពោះ​ការ​ផ្ទេរ​កម្មសិទ្ធ​ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ​ ពន្ធ​លើ​អចលនទ្រព្យ​ និង​ការ​ត្រៀម​អនុវត្ត​ប្រកាស​ស្ដី​ពី​ការ​កំណត់​មូលដ្ឋាន​គិតពន្ធ​ប្រថាប់ត្រា ចំពោះ​ការ​ផ្ទេរ​កម្មសិទ្ធិ​ឬ​សិទ្ធិ​កាន់​កាប់​អចលនទ្រព្យ “ឯក​ឧត្តម​បណ្ឌិត កែន សម្បត្តិ អគ្គនាយក​រងនៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​បញ្ជាក់​ជូន​ថា​ កាល​ពី​ឆ្នាំ​២០១៨​នៅ​រាជធានី​ភ្នំពេញ ចំណូល​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរកម្មសិទ្ធិ​ ឬ​កាន់កាប់​អចលនទ្រព្យ​ចំនួន​ប្រមាណ​៣៨៨​ប៊ីលានរៀន (ប្រមាណ​៩៧​លានដុល្លារ) លើ​អចលនទ្រព្យ​៥៥,៦០០​ មូលដ្ឋាន​ស្មើ​នឹង​១៣៤,៤% នៃ​ផែនការ។

នៅ​ក្នុង​សិក្ខា​សាលា​នេះ ឯក​ឧត្តម​ក៏​បាន​បញ្ជាក់​ផងដែរ​ថា រាជរដ្ឋាភិបាល​បាន​សម្រេច​ធ្វើ​បច្ចុប្បន្នភាព​ឡើង​វិញ​នូវ​ឧបសម្ព័ន្ធ​ស្ដី​ពី​ការ​បែងចែក​ភូមិសាស្រ្ត និង​វាយ​តម្លៃ​អចលនទ្រព្យ​សម្រាប់​មូលដ្ឋាន​គិត​ពន្ធ​ប្រថាប់ត្រា​ ដែល​បាន​កំពុង​អនុវត្ត​អស់​រយៈពេល​ជិត​១០​ឆ្នាំ​មក​ហើយ។ ដោយ​តាម​រយៈ​ការ​ធ្វើ​បច្ចុប្បន្នភាព​នេះ​ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​ចេញ​ប្រកាស៣៤៣ ហវណ.ប្រក ចុះ​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១៩ ស្ដី​ពី​ការ​កំណត់​ ពន្ធ​ប្រថាប់​ត្រា​ចំពោះ​ការ​ផ្ទេរ​កម្មសិទ្ធ​ ឬ​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃ​ទី​០១ ខែកក្កដា ឆ្នាំ​២០១៩​ត​ទៅ៕