និន្នាការបច្ចេកវិទ្យាពិភពលោក គិតមកដល់បច្ចុប្បន្ននេះមានរឿងច្រើនណាស់ ដែលបានកើតឡើង នៅជុំវិញពិភពលោក ជាពិសេសវាបានចូលមកសម្រួលដល់ជីវិតរស់នៅរបស់មនុស្សយើងបានច្រើនមកហើយ តាមរយៈការបង្កើតនៅសម្ភារៈបច្ចេកវិទ្យាប្រើប្រាស់ថ្មីៗជាច្រើន។
តែពេលនេះពិភពលោកនឹងទទួលបាននៅរបគំហើញមួយទៀត ដែលវាកំពុងកើតឡើងនៅលើពិភពលោកយើងហើយ នោះគឺវត្តមានរបស់ Robots ដែលនឹងឈានជើងចូលមកជំនួសការងារមនុស្សជាង៨០០លាននាក់នៅជុំវិញពិភពលោក។
យោងតាមប្រភពរបស់ CNBC ដែលបញ្ជាក់បង្ហាញដោយ McKinsey & Company ដែលជាក្រុមហ៊ុនពិគ្រោះយោបល់គ្រប់គ្រងការព្យាករណ៍ធំបំផុតរបស់អាមេរិក បានលើកឡើងថា នៅឆ្នាំ២០៣០ ពិភពលោកនឹងមានវត្តមានរបស់មនុស្សយន្ដជាច្រើន ចូលមកជំនួសកន្លែងការងារមនុស្សជាង៨០០ លាននាក់នៅជុំវិញភពលោកនៅគ្រប់វិស័យដែលមនុស្សយើងអាចធ្វើបាននោះ។
មិនត្រឹមតែប៉ុណ្ណោះ បើតាមការរកឃើញនៅក្នុងប្រទេសជឿនលឿនដូចជាអាមេរិក និងអាល្លឺម៉ង់កម្លាំងពលកម្មជាង១ ភាគ៣ នៃឆ្នាំ២០៣០ នឹងត្រូវរៀនសូត្រពីអ្វីដែលថ្មីបន្ថែមទៀត ដើម្បីរកការងារធ្វើ ជាពិសេសប្រទេសចិនជាដើម អ្នកមានការងារធ្វើជាង១២% នៃប្រជាជនសរុប អាចត្រូវផ្លាស់ប្ដូរការងារ ឬអត់មានការងារធ្វើផងដែរ។
លើសពីនេះ បើយោងតាមរបាយការចាស់ដែលបង្ហាញថា នៅក្នុងរោងចក្រ និងសហគ្រាសធំៗជាច្រើន នៅជុំវិញពិភពលោក នឹងមានវត្តមានរបស់មនុស្សយន្ដនេះចូលទៅធ្វើការមុនគេ ដោយ Robots អាចធ្វើការបានច្រើនម៉ោងក្នុងមួយថ្ងៃ មិនទាមទារនៅលុយតបស្នងថ្លៃធ្វើការ ដោយគ្រាន់ត្រូវការយើងសាកបញ្ចូលអគ្គិសនីទៅដល់វាប៉ុណ្ណោះ ។
គួរបញ្ជាក់ដែរថា វត្តមានរបស់ Robots នេះ ជារបកគំហើញដែលថ្មីសម្រាប់់ពិពភលោក និងអាចជួយសម្រួលដល់ការងារមនុស្សច្រើន ក៏ប៉ុន្ដែទន្ទឹមនឹងនេះ វាក៏បង្កើតជាហានិភ័យដល់មនុស្សយើងដែរ ដែលធ្វើឲ្យមនុស្សជាង ៨០០ លាននាក់អត់ការងារធ្វើ ហើយអាចបន្ដកើនឡើងទៀតផងដែរនៅថ្ងៃអនាគត៕