តោះតោះសិក្សាបន្តិច ! ប្រទេសទាំង៤ក្នុងអាស៊ានរកចំណូលរាប់លាន$ បានច្រើនជាងគេក្នុងវិស័យធានារ៉ាប់រង
ហេតុអ្វីបានចំណូលពីវិស័យធារ៉ាប់រងនៅកម្ពុជា រកចំណូលទាបជាងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន ស្របពេលដែលខ្លះមានប្រជាជនតិចជាងកម្ពុជា?
យើងដឹងហើយថា វិស័យធានារ៉ាប់រងនៅកម្ពុជា គឺនៅមានភាពក្មេងខ្ចី ដូច្នេះកម្រិតយល់ដឹងរបស់ប្រជាជនអំពីវិស័យនេះ នៅមានកម្រិតនៅឡើយ។ ទោះជាសេវាមួយនេះមានភាពក្មេងខ្ចីក៏ពិតមែន ប៉ុន្ដែនៅប៉ុន្មានឆ្នាំចុងក្រោយមកនេះ វិស័យធានារ៉ាប់រងនៅកម្ពុជាមានការកើនឡើងប្រមាណពី១៥% ទៅ២០% ហើយមានឆ្នាំខ្លះអាចកើនឡើងដល់៣០ភាគរយទាំងនេះ គឺដោយសារការយល់ដឹងអំពីអត្ថប្រយោជន៍នៃសេវាមួយនេះ របស់ប្រជាជនខ្មែរមានការកើនឡើងបន្ដិចម្ដង។
ជាក់ស្ដែងវិស័យថ្មីស្រឡាងមួយនេះអាចរកចំណូលបាន១៩៦$ ដែលអាចនិយាយបានប្រហែល២០០លានដុល្លារ កាលពីឆ្នាំ២០១៨។ ចំនួននេះបើគិតតែក្នុងប្រទេសកម្ពុជា គឺវាទំហំធំខ្លាំងណាស់សម្រាប់វិស័យនេះ ប៉ុន្តែទៅនឹងប្រទេសជិតខាង ឬអាចនិយាយបានថាប្រទេសនៅក្នុងតំបន់អាស៊ាន ទំហំទឹកប្រាក់នេះ គឺនៅមានចំនួនតិចតួចនៅឡើយ។
ដោយហេតុថា ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន អាចរកចំណូលបានខ្ទង់ពាន់លានដុល្លារពីវិស័យនេះ។ ប្រទេសទាំងនោះរួមមាន ប្រទេសវៀតណាមរកចំណូលបាន២ពាន់លានដុល្លារ ប្រទេសថៃរកចំណូលបានជាង៤ពាន់លានដុល្លារ ហើយប្រទេសសិង្ហាបុរី គឺអាចរកចំណូលបានដល់ទៅ៨ពាន់លានដុល្លារ ដោយឡែកឯប្រទេសម៉ាឡេស៊ី អាចរកចំណូលបានទំហំធំជាងគេគឺមានចំនួន១៧ពាន់លានដុល្លារ ទៅ១៨ពាន់លានដុល្លារ។
គួរជម្រាបថា ទោះកម្ពុជារកចំណូលពីវិស័យធានារ៉ាប់រងបានទំហំទឹកប្រាក់ទាបជាងប្រទេសមួយចំនួនខាងលើក៏ពិតមែន ក៏ប៉ុន្ដែនេះជាលទ្ធផលដ៏ល្អមួយសម្រាប់វិស័យនេះក្នុងប្រទេសកម្ពុជា។ ដោយហេតុថា កាលពីមុនប្រទេសកម្ពុជា គឺនៅបាតតារាង បើធៀបជាមួយប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ាន តែកាលពីឆ្នាំ២០១៨ វិស័យធានារ៉ាប់រងរបស់ប្រទេសកម្ពុជាអាចឈរជើងក្នុងចំណាត់ថ្នាក់លេខ៦ ដែលស្ថិតនៅលើប្រទេស៣ទៀតនៅតំបន់អាស៊ាន គឺ ប្រទេសឡាវ មីយ៉ាន់ម៉ា និងប្រទេសព្រុយណេ៕