អ៊ឹង ប៊ុនហួត ៖ បើអ្នកស្វែងយល់ត្រឹមតែ៤ចំណុចខាងក្រោមនេះ អ្នកនឹងអាចប្រឡូកក្នុងវិស័យអចលនទ្រព្យបាន
នៅក្នុងកម្ពុជាមានការវិនិយោគជាច្រើនកំពុងរីករាលដាល ដែលធ្វើឲ្យកម្ពុជាមានសន្ទុះយ៉ាងខ្លាំងទៅលើការវិនិយោគមិនថាវិនិយោគិនក្នុងស្រុកនិងក្រៅស្រុក។
តាមរយៈការសម្ភាសន៍រវាង Today Sharing ជាមួយនិងសហគ្រិនវ័យក្មេងម្នាក់ គឺលោកអ៊ឹង ប៊ុនហួត ដែលជាអ្នកវិនិយោគផ្នែកអចលនទ្រព្យ បានឲ្យដឹងថា ការវិនិយោគលើវិស័យអចលនទ្រព្យរបស់គាត់កំពុងមានការរីកចម្រើនទៅមុខជាបណ្ដើរៗ ដែលលោកកំពុងតែមានគម្រោងសាងសង់ជាប្រភេទផ្ទះល្វែងសម្រាប់លក់ និងមានការពុះដីឡូត៍លក់ បន្ថែមទៀតផងដែរ។
តើមូលហេតុអ្វីដែលធ្វើឲ្យលោក អ៊ឹង ប៊ុនហួត ងាកមកវិនិយោគលើវិស័យអចលនទ្រព្យ? លោកអ៊ឹង ប៊ុនហួត បានឲ្យដឹងថា កត្តាដែលធ្វើឲ្យលោកងាកមកវិនិយោគលើវិស័យអចលនទ្រព្យនោះគឺ៖
១.កត្តាសមត្ថភាព៖ គឺគាត់មានជំនាញនៅក្នុងការលក់ ដែលគាត់បានសម្រេចចិត្តធ្វើការនៅក្រុមហ៊ុនអលចនទ្រព្យផ្នែកលក់ ដើម្បីរៀនសូត្រចំណេះដឹងលើវិស័យនេះឲ្យច្រើន។
២.ស្ថានភាពសង្គមបច្ចុប្បន្ន៖ គឺសង្គមបច្ចុប្បន្នកំពុងមានភាពរីកចម្រើនលើផ្នែកអចលនទ្រព្យនេះខ្លាំងមែនទែន ដែលអូសទាញឲ្យអ្នកវិនិយោគជាច្រើនងាកមកចាប់អារម្មណ៍ខាងអចលនទ្រព្យនេះវិញ។
៣.គោលដៅផ្ទាល់ខ្លួនគួបផ្សំជាមួយដៃគួវិនិយោគ៖ គឺដៃគួសហការជាមួយគាត់ជាអ្នកធ្លាប់ មានគម្រោងលក់ដីឡូត៍ ហើយមានបទពិសោធន៍និងសមត្ថភាពផ្នែកអចលនទ្រព្យ
៤.តម្រូវការរបស់ប្រជាជនបច្ចុប្បន្ន៖ តម្រូវការលំនៅដ្ឋានកំពុងមានការកើនឡើង និង៨០%ជាអ្នកដែលមានលទ្ធភាពអាចទិញដី និងអ្នកដែលកំពុងត្រូវការ។
មូលហេតុទាំងនេះហើយ ដែលនាំឲ្យសហគ្រិនវ័យក្មេងម្នាក់នេះងាកមកវិនិយោគលើវិស័យអចលនទ្រព្យ រហូតទទួលបានភាពរីកចម្រើននិងការវិវត្តន៍ខ្លួន ជាមួយនិងចំណេះជំនាញដែលខ្លួនមាន ការបង្កើតទំនាក់ទំនងគួបផ្សំជាមួយនឹងភាពស្មោះត្រង់៕