បើទោះជាវិស័យសំណង់កំពុងតែមានភាពរីកចម្រើនខ្ពស់ ជាពិសេសលើផ្នែកសំណង់លំនៅដ្ឋាន ដែលបំពេញទៅតាមតម្រូវការជាក់ស្ដែង នៅលើទីផ្សារនាពេលបច្ចុប្បន្នក៏ពិតមែន ប៉ុន្តែមិនប្រាកដថាក្រុមហ៊ុនអភិវឌ្ឍន៍ ដែលបានដាក់ទុនវិនិយោគទាំងអស់ សុទ្ធតែអាចទទួលបានលទ្ធផលវិជ្ជមានដូចគ្នាទាំងអស់នោះទេ។
លោក ចាប ពៅ ស្ថាបនិក និងជាភាគហ៊ុនិកនៃក្រុមហ៊ុន 3S Real Estate Development ដែលកំពុងតែមានប្រតិបត្តិការយ៉ាងសកម្ម ទៅលើការអភិវឌ្ឍវិស័យលំនៅដ្ឋានបានប្រសាសន៍ប្រាប់ថា វាមិនមែនជារឿងដែលងាយពេកនោះទេ នៅក្នុងការចូលមកប្រឡូក និងវិនិយោគក្នុងវិស័យមួយនេះ។
លោកបានបន្តថា “យើងទទួលស្គាល់ថា នៅពេលបច្ចុប្បន្ននេះសកម្មភាពនៃការវិនិយោគលើវិស័យសំណង់ ជាពិសេសផ្នែកអភិវឌ្ឍលំនៅដ្ឋានកំពុងតែមានភាពពុះកញ្ជ្រោល រួមមានទាំងការវិនិយោគក្នុងទ្រង់ទ្រាយធំដូចជាបុរីធំៗ ក៏ដូចជាបណ្តុំសំណង់ផ្ទះល្វែងដែលជាការវិនិយោគពីសំណាក់អ្នកជំនួញកម្រិតមធ្យម”។ លោកបន្តទៀតថា “នៅក្នុងចំណោមអ្នកវិនិយោគទាំងនោះ មានខ្លះក៏ទទួលបានជោគជ័យនៅលើការលក់ ហើយខ្លះទៀតក៏ជួបហានិភ័យរហូតបង្ខំចិត្តបិតគម្រោងទៅវិញក៏មានដែរ”។
លោកបន្តថា មុខជំនួញមួយនេះ មុនពេលចាប់ផ្តើមចេញដំណើរ អ្នកជំនួញដែលជាម្ចាស់គម្រោងត្រូវតែមានការគិតពិចារណា និងគូសវាសឱ្យគ្រប់ជ្រុងជ្រោយ ទើបចាប់ផ្តើមចេញដំណើរការ ដើម្បីបញ្ចៀសហានិភ័យ។
លោកចាប ពៅ បានចែករំលែកជាបទពិសោធន៍ដែលធ្លាប់ទទួលបានជោគជ័យនៅលើមុខជំនួញមួយនេះថា “ជាបទពិសោធន៍របស់ខ្ញុំ មុនពេលចេញដំណើរ ខ្ញុំបានត្រៀមខ្លួនរួចជាស្រេច ទាំងយុទ្ធសាស្ត្រនៃការលក់ ទាំងបច្ចេកទេសនៃការគ្រប់គ្រង ជាពិសេសដើមទុននៅក្នុងការវិនិយោគ ដោយមិនពឹងផ្អែកទៅលើដើមទុនដែលនឹងទទួលបានពីការលក់គម្រោងទាំងភាពប្រថុយប្រថាននោះទេ”។ លោកបន្តថា “អ្វីដែលខ្ញុំគិតមុនគេបន្ទាប់ពីដើមទុនបម្រុងនោះ គឺទីតាំងដែលមានសក្តានុពល ដែលអាចឱ្យអតិថិជនទទួលបានប្រយោជន៍ពីការទិញគម្រោង”។
ក្រៅពីនេះ គឺការព្យាយាមធ្វើយ៉ាងណាឱ្យថ្លៃដើមមានកម្រិតទាប ដែលអាចអនុគ្រោះដល់តម្លៃលក់នៅលើទីផ្សារសម្រាប់អតិថិជន ប៉ុន្តែការរចនាម៉ូដ និងគុណភាពសំណង់ ត្រូវតែប្រកបដោយគុណភាពខ្ពស់ដូចការដែលយើងសន្យាជាមួយអតិថិជន។ ជាមួយគ្នានេះលោកបានបញ្ជាក់ផងដែរថា ជាធម្មតាបើសំណង់លំនៅដ្ឋានមានភាពស្រស់ស្អាត មានគុណភាពល្អ និងស្ថិតនៅលើទីតាំងមានសក្ដានុពលដែលអាងអាស្រ័យផលប្រចាំថ្ងៃបានបន្ថែមពីការជ្រកកោណ នោះអតិថិជននឹងមិនពិបាកក្នុងការសម្រេចចិត្តទិញនោះឡើយ។
លោកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកអភិវឌ្ឍវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ដែលកកំពុងតែទទូលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ផងដែរនោះបានមានប្រសាសន៍នៅថ្ងៃដដែលថា យុទ្ធសាស្ត្រសម្រាប់ការប្រកួតប្រជែង នៅក្នុងវិស័យលំនៅដ្ឋានគឺមានចំនួន៤ធំៗ ដែលអ្នកអភិវឌ្ឍន៍ចាំបាច់ត្រូវតែពិចារណា និងអនុវត្តន៍។ លោកបន្តថា ការព្យាយាមធ្វើឱ្យថ្លៃដើមមានកម្រិតទាប ជារឿងមួយដែលត្រូវតែគិតជាចាំបាច់ និងកត្តាទីតាំងក៏ជារឿងដែលសំខាន់ផងដែរ។
លោកបន្តថា “ទីតាំងដែលមានអំណោយផលគឺនៅតំបន់ជាយក្រុង ហើយព្យាយាមទិញក្នុងតម្លៃមួយដែលទាបជាងទីផ្សារ ទើបមានឱកាសក្នុងការអភិវឌ្ឍងាយស្រួល”។ លោកឧកញ៉ាបន្តទៀតថា“ក្រៅពីនេះនៅមានកក្តាគុណភាពសំណង់ ហើយព្យាយាមកាត់បន្ថយនូវការចំណាយមិនចាំបាច់ ដូចជា ការរចនាផ្នែកខាងក្រៅនៃតួអគារ ដែលកាត់បន្ថយចំណាយ ក៏ជាការចូលរួមចំណែកធ្វើឱ្យអតិថិជន មានឱកាសកាន់តែច្រើនក្នុងទទួលយកតម្លៃលក់របស់យើងបាន។
ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន លោកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា ទីផ្សារលំនៅដ្ឋាននៅតែមានការរីកចម្រើន ដោយសារកំនើនសេដ្ឋកិច្ច ដែលធ្វើឲ្យប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើង ហើយបើសិនជាកម្ពុជានៅតែមានសុខសន្តិភាព សេដ្ឋកិច្ចបនន្តរីកចម្រើនបែបនេះ វិស័យលំនៅដ្ឋាននៅតែមានការរីកចម្រើនរយៈពេលវែងបន្ថែមទៀត។
លោកបន្តថា “ដោយសារការរីកចម្រើនក្នុងវិស័យនេះ បានធ្វើឲ្យអ្នកអភិវឌ្ឈន៍ជាសមាជិកសមាគម បានពង្រីកគំរោងរបស់ពួកគេទៅតាមជាយក្រុង និងបណ្តាខេត្តមួយចំនួនទៀត”។ យោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងកាលពីពេលថ្មីៗនេះថា កម្ពុជាត្រូវការលំនៅដ្ឋានជាង៨០ម៉ឺនខ្នងបន្ថែមទៀត ក្នុងចន្លោះឆ្នាំ២០១៥ ដល់ ២០៣០ខាងមុខ៕