អ្នកជំនាញអចលនទ្រព្យ៖ សូមអំពាវនាវដល់ស្ថាប័ន និងក្រសួងពាក់ព័ន្ធពន្លឿនក្នុងការផ្តល់និតិវិធីច្បាប់អចលទ្រព្យ
ក្រុមអ្នកជំនាញអចលនទ្រព្យបានស្នើឲ្យស្ថាប័នពាក់ព័ន្ឋ ពិសេសស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៃក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ជួយពន្លឿននិតិវិធី ឯកសារពាក់ព័ន្ឋឲ្យបានលឿន ដើម្បីជំរុញនិងលើកទឹកចិត្តដល់អ្នកវិនិយោគក្នុងវិស័យនេះ។
លោកសាស្ត្រាចារ្យ ទួស សាភឿន អគ្គលេខាធិការងគណៈស្ថាបត្យកកម្ពុជា បានមានប្រសាសន៍ថា កាលពីព្រឹកថ្ងៃទី២៩ ខែឧសភានេះថា បច្ចុប្បន្ននេះនីតិវិធីនៃការរត់ឯកសារស្នើសុំច្បាប់ ក្នុងការអភិវឌ្ឍវិស័យសំណង់នានា គឺនៅមានភាពយឺតយ៉ាងខ្លាំង ហើយក៏ជាការរាំងស្ទះដល់កិច្ច ដំណើរការអភិវឌ្ឍរបស់អ្នកវិនិយោគផងដែរ។ លោកបន្តថា “រាល់ថ្ងៃនេះមានមន្ត្រីគ្រាប់ល្ពៅ ដែលជាអ្នកចាំចាប់យកឱកាសចំណេញផ្ទាល់ខ្លួនច្រើន ដែលវាធ្វើឱ្យប៉ះពាល់ដល់នយោបាយនៃការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល។
លោកបានបន្តទៀតថា “បញ្ហាធំដែលកំពុងតែកើមាននៅស្រុកខ្មែរច្រើនសព្វថ្ងៃនេះ រួមមានដូចជា ទំនាស់ដីធ្លី ហើយបញ្ហាដែលរាំងស្ទះនៅក្នុងទំនាស់ដីធ្លី និងវិស័យអចលនទ្រព្យក៏មានច្រើនដែរ បានន័យថា ចំណុចវិជ្ជមានក៏មាន ចំណុចអវិជ្ជមានក៏មាន។ លោកបន្តថា “ចំណុចវិជ្ជមាននៅក្នុងវិស័យមួយនេះ វាបានចូលរួមលើកទឹកចិត្តដល់បណ្តាក្រុមហ៊ុនទាំងក្នុងស្រុក និងក្រៅស្រុកមានកម្លាំង និងខំប្រឹងប្រែងក្នុងការបណ្តាក់ទុនវិនិយោគដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ប៉ុន្តែចំណុចអវិជ្ជមានគឺការផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពួកគេមិនបាន និងមិនទាន់ពេល”។
លោកសាស្ត្រាចារ្យបានបន្តថា ភាពអវិជ្ជមាន ភាគច្រើនកើតចេញពីមន្ត្រីដែលមានចំណេះដឹងផ្នែកច្បាប់នៅមានកម្រិតនៅឡើយ ពាក់ព័ន្ធទៅនឹងច្បាប់ស្នើសុំច្បាប់អភិវឌ្ឍន៍ និងច្បាប់ដើម្បីដំណើរការសាងសង់។ នៅក្នុងកិច្ចដំណើរការស្នើសុំដើម្បីធ្វើការអភិវឌ្ឍ គឺមានចាប់ពីច្បាប់ស្នើសុំធ្វើការឈូសឆាយ ច្បាប់លើកស្លាកផ្សព្វផ្សាយ ហើយនីតិវិធីស្នើសុំជាបន្តបន្ទាប់ ម្ចាស់ក្រុមហ៊ុនឬម្ចាស់គម្រោង នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ជាមួយនឹងអជ្ញាធរក្នុងតំបន់ និងស្ថាប័នពាក់ព័ន្ធ។
លោកបានបន្តថា “កាលពីពេលកន្លងទៅថ្មីៗនេះ មានមន្ត្រីចំរុះមួយក្រុមបានអនុវត្តខុសពីនីតិវិធីច្បាប់ រហូតឈានដល់ការផ្អាកសកម្មភាពអភិវឌ្ឍ របស់គម្រោងបុរីមួយចំនួនដែលស្ថិតនៅក្នុងខេត្តសៀមរាប ក្រោមហេតុផលលើកឡើងថា ក្រុមហ៊ុនធ្វើសកម្មភាពអភិវឌ្ឍទាំងមិនស្របច្បាប់”។ លោកបន្តថា “គ្មានអ្នកវិនិយោគណាដែលយកដើមទុនរាប់លានដុល្លារ មកធ្វើការវិនិយោគទាំងភាពប្រថុយប្រថាន និងខុសច្បាប់នោះទេ”។
លោកបានបន្តទៀតថា អ្វីដែលជាបញ្ហា គឺនិតិវិធីនៃការរត់ឯកសារត្រូវចំណាយពេលយូរហួសហេតុពេក ដែលគ្រាន់តែការស្នើសុំកាត់ប្លង់ទន់នៅសាលាស្រុក ត្រូវចំណាយពេលរហូតដល់៤ខែ សួរថាតើត្រូវចំណាយពេលប៉ុន្មានខែទៀត ដើម្បីបានប្លង់រឹង និងប៉ុន្មានខែទៀត ដើម្បីបានសិទ្ធិច្បាប់សាងសង់គម្រោងផ្ទះបានទៅ។ បើការស្នើសុំច្បាប់យូរម្លឹងៗ តើក្រុមហ៊ុនឯណាមានកម្លាំងចិត្តមកអភិវឌ្ឍបាន។ អាជ្ញាធរខេត្តត្រូវតែលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុក ដើម្បីជាកំលាំងចិត្តធ្វើឱ្យការអភិវឌ្ឍ មានភាពរលូនល្អស្របទៅតាមគម្រោងប្លង់មេ។
ជាមួយគ្នានេះ ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ធី បានមានប្រសាសន៍ជំរុញឱ្យអជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពន្លឿននៅក្នុងការងារនីតិវិធីរត់ច្បាប់ឯកសារផ្សេងៗ នៅក្នុងការសាងសង់ដែលទាក់ទងទៅនឹងការអភិវឌ្ឍសម្រាប់វិស័យឯកជន។
លោកបានមានប្រសាសន៍ទៀតថា “នីតិវិធីនៃការសម្របសម្រួល និងសម្រេចរបស់ស្ថាប័នពាក់ព័ន្ធក្នុងវិស័យនេះកាលពីពេលកន្លងមក គឺមានភាពយឺតយ៉ាវជាខ្លាំង ដែលជាហេតុបង្កឱ្យមានការប៉ះពាល់ទៅដល់ដំណើរការ និងគម្រោងអភិវឌ្ឍនានា”។
លោកបានបន្តទៀតថា “ជាការពិត នៅពេលមានការពន្លឿន ក្នុងការរៀបចំឯកសារផ្សេងៗ ពិតជាបានចូលរួមជួយដល់រាជរដ្ឋាភិបាល ក្នុងទាក់ទាញការវិនិយោគកាន់តែច្រើន ហើយក៏ជាការជួយជំរុញឱ្យវិស័យសេដ្ឋកិច្ច ជាពិសេសវិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមានភាពរីកចម្រើន។
លោកឃាង ពុទ្ឋីបានបន្តថា “ការពន្លឿននីតិវិធីនេះ មានសារសំខាន់ណាស់ក្នុងការលើកទឹកចិត្តដល់អ្នកវិនិយោគជាតិ និងអន្តរជាតិ ដើម្បីធ្វើឱ្យពួកគេមានពេលវេលាគ្រប់គ្រាន់នៅក្នុងការអភិវឌ្ឍគម្រោងរបស់ពួកគេ។ នៅពេលនីតិវិធីយឺតយ៉ាវ ធ្វើឱ្យម្ចាស់គម្រោងមួយចំនួនបង្ខំចិត្តសាងសង់ និងលក់ដោយមិនសុំច្បាប់ឱ្យបានត្រឹមត្រូវ”។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជារូបនេះ ក៏បានអំពាវនាវឱ្យប្រជាជន ឬអតិថិជនមុននឹងសម្រេចចិត្តទិញគម្រោងអចលនទ្រព្យណាមួយ សូមពិនិត្យឯកសារ ប័ណ្ណកម្មសិទ្ធិ ច្បាប់សាងសង់ ច្បាប់លក់ឱ្យបានត្រឹមត្រូវផង៕