ឪពុកប្រធានក្រុម Stuttgart បានស្លាប់ក្នុងកីឡដ្ឋានភ្លាមៗក្រោយការប្រកួត Bundesliga

ឪពុកប្រធានក្រុម Chrisitan Gentner របស់ក្លិប Stuttgart បានបាត់បង់ជីវិតក្នុងកីឡដ្ឋានភ្លាមៗ បន្ទាប់ពីក្រុមនេះបានឈ្នះ២-១លើ Hertha Berlin ក្នុងក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃសៅរ៍ទី១៥ខែធ្នូឆ្នាំ២០១៨។ មូលហេតុនៃមរណភាពនៅមិនទាន់ត្រូវបានដឹងនៅឡើយទេ។

Stuttgart បាននិយាយថាក្លិបកំពុងកាន់ទុក្ខការបាត់បង់លោក Herbert Gentner និងថាអារម្មណ៍របស់ពួកគេនៅជាមួយក្រុមគ្រួសាររបស់លោក Gentner ទាំងមូលនៅក្នុងវេលាពិបាកនេះ។

សូមបញ្ជាក់ថា Gentner ខ្សែបម្រើវ័យ៣៣ឆ្នាំ ដែលធ្លាប់លេងឱ្យជម្រើសជាតិអាល្លឺម៉ង់បាន៥ដង បានលេងពេញការប្រកួតពេល Stuttgart ឈ្នះ Hertha ក្នុងផ្ទះ និងបានបញ្ជូនបាល់ឱ្យ Mario Gomez ស៊ុតគ្រាប់ជ័យជម្នះ ក្រោយខ្សែប្រយុទ្ធមាឌធំអាល្លឺម៉ង់រូបនេះស៊ុតលុបចោលគ្រាប់នាំមុខរបស់ Max Mittelstadt សម្រាប់ Hertha៕