ទស្សនាវីដេអូ ចាន់ វឌ្ឍនាកា លើកបាល់ជ្រុងឱ្យមិត្តរួមក្រុម PKNS តែតចូលក្រុមធារី ថ្ងៃបើកឆាកលីគកំពូលម៉ាឡេស៊ី
ខ្សែប្រយុទ្ធឆ្នើមកម្ពុជា ចាន់ វឌ្ឍនាកា បានជាប់ជម្រើស១១នាក់ដំបូងក្នុងការប្រកួតបើកឆាករដូវកាល២០១៩របស់ក្រុម PNKS នៅទឹកដីក្រុម Terengganu ដែលមានខ្សែបម្រើឆ្នើមកម្ពុជា ប៊ីន ចន្ថា ធារី កាលពីយប់ថ្ងៃសុក្រទី១ខែកុម្ភៈឆ្នាំ២០១៩។
វឌ្ឍនាកា ត្រូវបានផ្ដល់ទំនុកចិត្តពីគ្រូបង្វឹក Rajagopal ក្នុងការរ៉ាប់រងបាល់ set-piece។ នៅពាក់កណ្ដាលវគ្គទី២ កូនប្រុសអនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានលើកបាល់ចេញពីជ្រុងខាងស្ដាំ បានយ៉ាងល្អ ឱ្យមិត្តរួមក្រុម PKNS តែតបញ្ចូលទីយកគ្រាប់នាំមុខ។ តែនៅចុងវគ្គទី២ ក្រុមម្ចាស់ផ្ទះ Terengganu បានវាយបកយកស្មើវិញទាល់តែបានសម្រេច បន្ទាប់ពីព្យាយាមសង្កត់នៅចុងម៉ោង។
វឌ្ឍនាកា ត្រូវបានប្ដូរចេញក្នុងនាទី៩០+១ ដោយគ្រូ PKNS ដាក់ចូលខ្សែការពារបន្ថែមដើម្បីពង្រឹងកំពែងមុខទីរបស់ខ្លួន ហើយទីបញ្ចប់ ការប្រកួតបញ្ចប់ទៅដោយស្មើគ្នា១-១។
សូមរំឭកថា ក្នុងការចូលលេងប្រកួតមិត្តភាពត្រៀមបើករដូវកាល វឌ្ឍនាកា ក៏បានស៊ុតបញ្ចូលទីឱ្យ PKNS ផងដែរក្នុងការប្រកួតទល់នឹង PKNP៕