ប្រទេសកម្ពុជា​បច្ចុប្បន្ន​កំពុង​ទាក់ទាញ​វិនិយោគិន​បរទេសកាន់តែខ្លាំង​ នេះបើតាម​មន្ត្រី​ពាណិជ្ជកម្មថៃ​បានអះអាង​

កម្ពុជា​នៅតែ​ជា​ប្រទេស​ដ៏​ទាក់ទាញ​ សម្រាប់​វិនិយោគិន​បរទេស​ ដោយ​ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​នៅ​កម្ពុជា​ បាន​កើនឡើង​យ៉ាង​ខ្លាំង​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។ នេះ​បើ​តាម​មន្រី្ត​ជាន់ខ្ពស់​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ​។

លោក​ Jirawuth​ Suwanna​-arj​ ទីប្រឹក្សា​នាយក​ពាណិជ្ជកម្ម​នៃ​នាយកដ្ឋាន​លើកកម្ពស់​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួង​ពាណិជ្ជកម្ម​ថៃ​ បាន​ប្រាប់​កាសែត​ The​ Nation​ ដែល​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​កាលពី​ថ្ងៃទី៩​ មិថុនា​កន្លងមក​ថា​ ការ​វិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​ បាន​កើនឡើង​យ៉ាង​ខ្លាំង​ចាប់តាំងពី​ឆ្នាំ២០១៣​។

លោក​ Jirawth​ បាន​ថ្លែង​ថា​ ”កម្ពុជា​នៅតែ​ទាក់ទាញ​វិនិយោគិន​បរទេស​ ទោះបីជា​សហភាព​អឺរ៉ុប​នឹង​ត្រូវ​កែតម្រូវ​ របស់​ខ្លួន​លើ​ប្រទេស​នេះ​នៅ​ឆ្នាំនេះ​ក៏ដោយ​”។ កាលពី​ឆ្នាំ២០១៧​ ប្រទេស​នេះ​ ទទួល​បាន​ទឹកប្រាក់​វិនិយោគ​ផ្ទាល់​ពី​បរទេស​ចំនួន​ ៦២៩​,៧ លាន​ដុល្លារ​ពោល​គឺ​កើនឡើង៩​,១២ភាគរយ​ធៀប​នឹង​ឆ្នាំមុន​។

យោង​តាម​របាយការណ៍​ពី​ក្រុមប្រឹក្សា​វិនិយោគ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​បាន​កើនឡើង​ដល់ ១១៣​,៩ លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី១នៃ​ឆ្នាំនេះ​ ពោល​គឺ​កើនឡើង៣៣​,៦៣ភាគរយ​ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ លោក​បាន​ថ្លែង​ថា​ “ប្រទេស​ចិន​ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​ទី១​ ដែល​ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា​ បន្ទាប់មក​គឺ​កូរ៉េ​ខាងត្បូង​ និង​អង់គ្លេស​។ ប្រទេស​ថៃ​ស្ថិតនៅ​លំដាប់​លេខ​ប្រាំបួន​លើ​ការ​វិនិយោគ​បរទេស​នៅក្នុង​ប្រទេស​កម្ពុជា​”។

លោក​ Nontwaris​ Jatepiyawat​ នាយក​ក្រុមហ៊ុន​ Kingsmen​ CMTI​ (Cambodia​) Co​ Ltd​ បាន​ឲ្យដឹង​ថា​ ក្រុមហ៊ុន​នេះ​បាន​រក​ប្រាក់ចំណូល​សរុប​ចំនួន៨​ លាន​បាត​នៅក្នុង​ប្រតិបត្តិ​ការ​ដំបូង​របស់​ខ្លួន​។ ក្រុមហ៊ុន​នេះ​ គ្រោង​នឹង​សម្រេច​បាន២០​ លាន​បាត​នៅ​ឆ្នាំនេះ​ និង៣០លាន​បាត​នៅ​ឆ្នាំ២០២០​ ដោយសារ​មាន​កំណើន​យ៉ាង​ខ្លាំង​នៅក្នុង​ទីក្រុង​កម្ពុ​ជា​ធំៗ​ នៅ​ទីក្រុង​ភ្នំពេញ​ ខេត្តសៀមរាប​ និង​ខេត្ត​ព្រះសីហនុ​។

ដោយមាន​ការពង្រីក​ទៅកាន់​មីយ៉ាន់ម៉ា​ និង​កម្ពុជា​ ក្រុមហ៊ុន​ Kingsmen​ CMTI​ Plc​ បាន​កត់ត្រា​ប្រាក់ចំណូល​សរុប​ចំនួន២​,១៣ពាន់​លាន​បាត​ កាលពី​ចុងឆ្នាំ​មុន​កើនឡើង​៨៦​,៨ភាគរយ​ បើ​ធៀប​នឹង​១,១៤ពាន់​លាន​បាត​សម្រាប់​ឆ្នាំ​ ២០១៧​។ នៅ​ប្រទេស​កម្ពុជា​ក្រុមហ៊ុន​បាន​បង្កើត​ក្រុមហ៊ុន​ Kingsmen​ CMTI​ (ខេម​បូ​ឌា​) កាលពី​ឆ្នាំមុន​ ដោយមាន​ទុន​ចុះបញ្ជី​ចំនួន៣០ម៉ឺន​ដុល្លារ​។

ក្រុមហ៊ុន​ Kingsmen​ CMTI​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ​ កំពុង​បង្កើន​សេវាកម្ម​របស់​ខ្លួន​នៅ​មីយ៉ាន់ម៉ា​ និង​កម្ពុជា​ ដោយសារ​ការពង្រីក​អាជីវកម្ម​របស់​វិនិយោគិន​ថៃ​ និង​បរទេស​នៅក្នុង​ប្រទេស​ទាំងពីរ​នេះ​។ នេះ​បើ​តាម​សម្តី​របស់​លោក​ Sunisa​ Ratnanenya​ អនុប្រធាន​ក្រុមហ៊ុន​ Kingsmen​ CMTI​៕