អុញនោះ! Song Joongki ត្រូវនៅដាច់ដោយឡែកពីគេ ១៤ ថ្ងៃ ក្រោយត្រឡប់មកពីកូឡុំប៊ី

តារាប្រុសរូបសង្ហារវ័យ ៣៤ ឆ្នាំ Song JoongKi និងក្រុមការងារផ្សេងទៀត របស់រឿង “Bogota” នឹងត្រូវសម្ងំក្នុងផ្ទះរយៈពេល ១៤ ថ្ងៃសិន ដើម្បីការពារការឆ្លង វីរុស Covid-19 បន្ទាប់ពីត្រលប់មកពី ប្រទេស កូឡំប៊ី។ នេះបើយោងតាមប្រភពពត៌មាន Koreaboo

យោងតាមប្រភពពត៌មានដដែល បានប្រាប់ឲ្យដឹងថា តួសម្ដែងទាំងអស់ត្រូវបង្ខំចិត្តត្រលប់មកកូរ៉េវិញ ដោយសារតែ Covid-19 រាតត្បាតខ្លាំងពេកនៅតំបន់នោះ។ ទាំងក្រុមការងារ និងតួសម្ដែងសរុបជាង ១០០នាក់ បានធ្វើដំណើរមកវិញតាមរយៈជើងហោះហើរពិសេសដាច់ដោយឡែកពីគេ ព្រោះតែពិបាកក្នុងការរកយន្ដហោះធម្មតាជិះពី កូឡំប៊ី មក សេអ៊ូល វិញ។

ទន្ទឹមនឹងនេះផងដែរ ផលិតកម្ម HISTORY D&C ដែលជាទ្រនំរបស់តារាប្រុសរូបនេះ បានលើកឡើងថា “ថ្វីបើបច្ចុប្បន្ន លោក Song JoongKi គ្មានរោគសញ្ញាសង្ស័យអ្វីដ៏ដោយ តែលោកនឹងត្រូវស្ថិតក្រោមការតាមដានរយៈពេល ២ សប្ដាហ៍ ឬ ១៤ ថ្ងៃ សិន”៕

 អត្ថបទដោយ៖ ស្រីពេជ្រ