ទាល់តែមាន​ប៉ិន​ប្រសប់បែបនេះ​ ធ្វើ​ឲ្យកញ្ញា ស៊ី​ថា ឧម៉ាវត្តី​ ចេញ​រកស៊ី​រហូត​​ក្លាយជា​សហគ្រិន​ទាំង​វ័យក្មេង​បែបនេះ​

“មនុស្សជាច្រើនតែងតែ និយាយបង្អាក់ក្តីស្រមៃរបស់ខ្ញុំថា នៅក្មេងណាស់ធ្វើអត់កើតទេ នៅក្មេងចឹង​ធ្វើទៅនឹងចាញ់បោកគេមិនខាន មុខរបរនេះក៏មានគេអាយុច្រើនឆ្នាំធ្វើមិនចង់កើតផង ចុះទម្រាំមនុស្សក្មេង” នេះជាសម្តីមួយឃ្លារបស់ ស៊ីថា ឧម៉ាវត្តី។ ទោះជានរណាម្នាក់និយាយអ្វី​ក៏ដោយ សហគ្រិន ឧម៉ាវត្តីនេះ មិនខ្វល់នូវពាក្យសម្តីទាំងនេះឡើយ ក៏បានបោះជំហ៊ានចេញប្រឡូករកស៊ីទាំងវ័យ១៦ឆ្នាំ ដោយប្រើភាពប៉ិនប្រសប់របស់កញ្ញារហូត​ ក្លាយជាស្ថាបនិកនៃសម្អាងការ “រស្មីសុភមង្គល”។

សហគ្រិនតូចវ័យ១៨ឆ្នាំរូបនេះ បានរ៉ាយរ៉ាប់យ៉ាងដូច្នេះថា​ “ភាពប៉ិនប្រសប់របស់កញ្ញា គឺវាមានទាំងកញ្ញានៅតូចម្លេះ​ដែលមានគំនិតចង់រកស៊ី​រកចំណូលខ្លួន​ឯង។ កញ្ញាបានសន្សំលុយទាំងនៅរៀនថ្នាក់វិទ្យាល័យ នឹងការខំស្វះស្វែងរកដើមទុនពីមិត្តភក្តិ បងប្អូន តាមដែលអាចធ្វើបាន​​ រួមជាមួយនឹងការធ្វើវាជាប្រចាំជាមួយអ្នកម្តាយ តាំងតែពីតូច​ នៅការច្នៃម៉ូតសំលៀកបំពាក់បែបបុរាណ និងសម័យទំនើប។ ហើយក្រោយពីបានដើមទុនទាំងនោះ កញ្ញាមិននូវបង្អង់យូរឡើយ ក៏បានចាប់ផ្តើម​ហក់ចេញរកស៊ីទាំងខ្លួនអាយុ១៦ឆ្នាំ រហូតវិវត្តន៍ខ្លួនម្តងៗបន្តិច បច្ចុប្បន្នជាស្ថាបនិក សម្អាងការធំមួយកន្លែងនៅរាជធានីភ្នំពេញ។

ទាក់ទងនឹងរឿងរកស៊ី កញ្ញា​ឧម៉ាវត្តី បានបង្ហើបថា “​​សម្អាងការរបស់កញ្ញាផ្ទាល់ មានភាពខុសប្លែកពីគេ ពីព្រោះ​គ្រប់ម៉ូតសំលៀកបំពាក់ទាំងអស់ គឺច្នៃម៉ូតដោយខ្លួនឯង ដែលគួរជាទីគាប់ចិត្តរបស់អតិថិជន រហូតមានការគាំទ្រយ៉ាងច្រើនទៀតផង។ ទៀតសោត​កញ្ញាបានបន្តដែរថា ធ្វើអាជីវកម្មនេះ​ក៏ជួបបញ្ហាខ្លះៗដែរ​ ទោះមិនសូវមានពេលគ្រប់គ្រាន់​សម្រាប់រៀនសូត្រ ប៉ុន្តែកញ្ញានឹងខំតស៊ូរៀនរហូតដល់ចប់។

សហគ្រិនវ័យ១៨ឆ្នាំរូបនេះ បានផ្តាំផ្ងើដល់យុវជនក្មេងៗមួយចំនួនថា “ចង់ចេញរកស៊ីវ័យក្មេង ចង់បំពេញក្តីស្រមៃរបស់ខ្លួន មិនត្រូវចាំយូរ​ ចាប់ផ្តើមធ្វើនោះយើងនឹងទទួលបានជោគជ័យមុនគេ។ ចាប់ផ្តើមធ្វើ​ គឺចាប់ពីតូចទៅធំ ត្រូវសួរខ្លួនឯងសិនថាស្រលាញ់ចូលចិត្តនិងចង់ធ្វើឲ្យប្រាកដ ទើបធ្វើទៅទាំងមិនស្តាយក្រោយ៕

Loading...