Elon Musk ៖ អ្នក​ត្រូវតែរៀន​៣ចំណុច​សំខាន់​ដើម្បី​ការ​ងារ​រក​ស៊ី​ឆាប់ទទួលបាន​ជោគជ័យ​

មហាសេដ្ឋីវ័យក្មេង Elon Musk ដែលត្រូវបានគេស្គាល់ថាជាបុគ្គលមួយរូបដែលស្រលាញ់និងដកជាប់ទៅលើផ្នែកបច្ចេកវិទ្យា ពិសេសកុំព្យូទ័រ និងការកែច្នៃផលិតអ្វីដែលថ្មីតាំងពីខ្លួនមានអាយុត្រឹមតែ១០ឆ្នាំ បានបង្ហើបនូវរឿងសម្ងាត់ចំនួន៣ ដែលធ្វើឱ្យគាត់អាចរៀនបានលឿន និងឆ្លាតជាងមុន ព្រមទាំងរកស៊ីជោគជ័យ។

រឿងសម្ងាត់ដែលមហាសេដ្ឋីពោះម៉ាយ ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយានអវកាស SpaceX និងជាម្ចាស់ក្រុមហ៊ុនផលិតរថយន្តឆ្លាតវៃដ៏ធំជាងគេរបស់អាមេរិក Tesla រូបនេះលើកឡើង រួមមានដូចខាងក្រោម ៖

១. អានអំពីអ្វីគ្រប់យ៉ាង (មិនផ្តោតតែមុខវិជ្ជាមួយ)

ខណៈពេលដែលមនុស្សជាច្រើនចូលចិត្តអានសៀវភៅដែលពាក់ព័ន្ធនឹងអ្វីដែលពួកគេកំពុងរៀន លោក Musk អនុញ្ញាតឱ្យខ្លួនឯងស្វែងយល់អំពីអ្វីៗទាំងអស់នៅជុំវិញសកលលោក។ ហេតុអ្វី? ដោយសារតែអ្វីដែលអ្នកបានរៀននៅពេលនេះ វាអាចចងភ្ជាប់ទៅនឹងអ្វីផ្សេងទៀតនាពេលអនាគត ដោយបង្កើតអ្វីដែលប្លែកពីគេ។ នេះត្រូវបានគេហៅថាការផ្លាស់ប្តូរការសិក្សាហើយវាជាអ្វីដែលលោក Musk ធ្វើនៅពេលដែលគាត់អនុវត្តចំណេះដឹងរបស់គាត់នៅក្នុងតំបន់មួយទៅកន្លែងមួយទៀត។ ឧទាហរណ៍ជាក់ស្តែង លោក Musk បានយកកម្មវិធី និងសេដ្ឋកិច្ចលាយគ្នាដើម្បីបង្កើត PayPal ។

២. រស់នៅជាមួយមនុស្សឆ្លាតវៃ

នៅពេលដែលលោក Musk ចាប់ផ្តើមដើរតួនៅក្នុងឧស្សាហកម្មអវកាសដោយប្រើ SpaceX លោកបានជួលវិស្វកររ៉ុក​កែតឈ្មោះ Tom Mueller ដែលត្រូវបានគេចាត់ទុកថាជាអ្នកជំនាញដ៏ខ្លាំងបំផុតនៅទីនោះ។ ហើយ Musk តែងតែនៅជាមួយលោក Tom ជានិច្ច ដើម្បីរៀនអ្វីគ្រប់យ៉ាងដែលគាត់អាចរៀនបានពីលោក Tom។ លោក Musk បានសង្កត់ធ្ងន់ថា ​ការដែលយើងរស់នៅជាមួយមនុស្សដែលមានសមត្ថភាពខួរក្បាលល្អ ហើយយើងចំណាយពេលរបស់យើងខំប្រឹងរៀនពីពួកគាត់ អានសៀវភៅដែលពួកគាត់ចូលចិត្តអាន នោះវានឹងជួយបង្កើនIQ របស់យើងកាន់តែពូកែឡើងទ្វេដង។

៣. រៀនពីមូលដ្ឋានគ្រឹះជាមុន

មានមនុស្សជាច្រើនបានចោទជាសំណួរទៅកាន់លោក Musk ថា ហេតុអ្វីបានជាគាត់រៀនជំនាញថ្មីៗឆាប់ចេះខ្លាំងម្លេះ? លោក Musk បានឆ្លើយថា ដោយតែគាត់រៀនពីមូលដ្ឋានគ្រឹះដូចរៀនពីដើមឈើមួយដើមអញ្ជឹង។ គាត់បានពន្យល់ថា មុននឹងយើងរៀនពីអ្វីមួយ យើងត្រូវរៀនពីគោលការណ៍គ្រឹះរបស់វាសិន ពោលគឺរៀនពីដើម និងមែកសិន មុនពេលរៀនអំពីស្លឹក។

និយាយបែបផ្សេង មុននឹងយើងអាចបើកបរឡានបាន យើងត្រូវដឹងពីរបៀបបើកម៉ាស៊ីន ឬអ្វីដែលជាឈ្នាន់នីមួយៗមាន។ ប្រសិនបើយើងមិនដឹងពីមូលដ្ឋានគ្រឹះរបស់វាទេ យើងនឹងមិនយល់ពីរបៀបប្រើវាឡើយ។ អាជីពទាំងមូលរបស់ Musk គឺផ្អែកលើគោលការណ៍នេះ។ ដំបូងគាត់បានរៀនពីមូលដ្ឋានគ្រឹះនៃ AI រូបវិទ្យា និងវិស្វកម្ម។ បន្ទាប់មកគាត់បានបង្កើតគំនិតទាំងនេះ ហើយបានស្ថាបនាឡើងវិញនូវវិធីថ្មីៗដោយបង្កើត PayPal, SpaceX, Tesla ជាដើម។

លោក Elon Musk  បានលើកឡើងថា “ខ្ញុំគិតថាមនុស្សភាគច្រើនអាចរៀនបានច្រើន ជាងអ្វីដែលពួកគេគិត។ ប៉ុន្តែពួកគេបែរជាបោះបង់ចោល ដោយមិនបានសាកល្បង។ យើងគ្រប់គ្នាត្រូវផ្តល់ឱ្យខ្លួនឯងនូវអត្ថប្រយោជន៍នៃការសង្ស័យ និងផ្តល់ឱកាសឱ្យខ្លួនឯងបានសាកល្បងជាមុនសិន មុននឹងយើងប្រើពាក្យថា មិនអាចរៀនបាន៕