បណ្ឌិតគីម ហ៊ាង៖ ប្តីប្រពន្ធថ្មីថ្មើងគួរទិញផ្ទះបង់រំលស់ ល្អជាងជួលផ្ទះនៅ

យុវជនដែលទើបរៀបការថ្មីថ្មើង មានអ្នកខ្លះរស់នៅជាមួយឪពុកម្តាយ ខ្លះទៀតរស់នៅបែកពីក្រុមគ្រួសារ អាចរស់នៅផ្ទះ ឬ​បន្ទប់ជួល និងទិញផ្ទះដោយខ្លួនឯង។ ត្រង់ចំណុចនេះអ្នកជំនាញអចលនទ្រព្យបានលើកទឹកចិត្តឲ្យគូស្រករថ្មីថ្មើង បើ​អាច​កុំជួលផ្ទះអី គួរតែទិញផ្ទះល្អជាង ព្រោះរស់នៅកាន់តែយូរកម្មសិទ្ធិផ្ទះនឹងក្លាយជារបស់យើង។

លោកបណ្ឌិត គីម ហ៊ាង មានប្រសាសន៍ថា ជាទូទៅអ្នកទិញផ្ទះនៅកម្ពុជាយើងមាន២ មួយអ្នកទិញលើកដំបូង ភាគ​ច្រើន​ជាអ្នកទើបរៀបការថ្មីថ្មើង ហើយត្រូវមានកូន ដូច្នេះគាត់តែងចង់បានផ្ទះខ្លួនឯង។ បើមានគ្រួសារហើយ ត្រូវតែ​មាន​ផ្ទះ​ខ្លួនឯងពិតប្រាកដ ទើបជីវិតគ្រួសារមានសុភមង្គល។ ហើយបើគ្មានលុយគ្រប់ គួរខ្ចីលុយធនាគារខ្លះដើម្បីទិញ។ ហើយ​ប្រភេទមួយទៀត អ្នកទិញផ្ទះលើកទី២ លើកទី៣ បើទិញប្រភេទគួរតែពិចារណា តើគួរខ្ចីលុយធនាគារទិញ ឬមិន​គួរ ព្រោះការវិនិយោគលើដីធ្លី ឬផ្ទះ មិនសុទ្ធតែចំណេញនោះទេ ព្រោះមានខាត និងចំណេញ។

អ្នកជំនាញរូបនេះបញ្ជាក់ថា សម្រាប់អ្នកទិញលើកទី១ ឬអ្នកទើបរៀបការ តើគួរជួលផ្ទះនៅ ឬទិញផ្ទះបង់​រំលស់តាម​ធនាគារ។ ព្រោះបើជួលផ្ទះ យើងត្រូវបង់ថ្លៃឈ្នួលប្រចាំខែ រយៈពេល១០ឆ្នាំ ឬ២០ឆ្នាំ ចុងបញ្ចប់​នៃការជួល គឺយើង​គ្មាន​ទទួលបានអ្វីទាំងអស់។ ផ្ទុយមកវិញ បើយើងបង់រំលស់ផ្ទះនៅបុរី ក្នុងរយៈពេលកំណត់ណាមួយនោះ ផ្ទះនេះនឹងក្លាយ​ជា​របស់យើង ដូច្នេះអ្វីដែលល្អគួរតែទិញ មិនត្រូវជួលនោះទេ។

ជាការពិតណាស់ការទិញផ្ទះអាចមានហានិភ័យ តែមនុស្សយើងជាទូទៅបើមិនជួបហានិភ័យ មិនបានប្រើប្រាស់​សមត្ថភាព និងថាមពលពិតនោះទេ។ មានន័យថា បើគាត់ជាប្តីប្រពន្ធ ខាងប្តីប្រាក់ខែ១០០០ដុល្លារ ខាងស្រី៥០០​ដុល្លារ បើគាត់នៅជាមួយឪពុកម្តាយក្មេក ច្បាស់ណាស់គាត់នឹងចាយមួយខែរហូតដល់១,០០០ដុល្លារមិនខាន ព្រោះ​អត់​មាន​អំរែក មានផ្ទះ ទឹក ភ្លើងស្រាប់ ដែលឪពុកម្តាយចេញឲ្យ ចឹងគាត់រកចំណូលបានប៉ុន្មាន គឺរីករាយនឹង​ការចាយ​មិន​ខាន។

ប៉ុន្តែបើគាត់ ទិញផ្ទះបង់រំលស់ មួយខែបង់ប្រហែល៧០០ទៅ៨០០ដុល្លារ ជាកាតព្វកិច្ច ហើយការដើរ​លេង​សប្បាយ​ក៏​កាត់​បន្ថយទៅតាមនោះដែរ។ មនុស្សដែលមានអំរែក ទើបបានជោគជ័យ ប្រសិនបើយើងរស់នៅ សម្រាប់តែខ្លួនឯង គ្មាន​អំរែក គ្មានគំនិតគិតវែងឆ្ងាយ គឺមិនមែនជាបុគ្គលដែលជោគជ័យនោះទេ៕