សេរីរិទ្ធ ៖ ខ្ញុំ​រកស៊ីខាត​រហូតដល់គ្មានលទ្ធភាព​ ប៉ុន្តែ​ក្រោយ​ខ្ញុំអានពាក្យមួយឃ្លា​អាច​រកចំណូលបានជាង​១០ម៉ឺនដុល្លារ​

រៀនចប់ថ្នាក់បរិញ្ញបត្រ មិនទាន់ស្រួលបួលផង លោក ផល ចាន់សេរីរិទ្ធ បានសម្រេចបើកហាងលក់គ្រឿងសំអាងតូចមួយនៅផ្សារទំនើបសុវណ្ណា ជាមួយនឹងភរិយា រហូតមានលទ្ធភាពបើកក្រុមហ៊ុនទស្សនាវដ្តីមួយបន្ថែមទៀត តែជាអកុសល្យក្រុមហ៊ុនទស្សនាវដ្តីមួយនេះ បានធ្វើឱ្យលោករកស៊ីខាតជំពាក់គេជាង ១០ម៉ឺនដុល្លារ និងត្រូវបង្ខំចិត្តបិទក្រុមហ៊ុន ព្រមទាំងហាងរបស់ខ្លួន។

ខុសពីមនុស្សដទៃទៀតដែលរកស៊ីខាត អាចនឹងទៅជាឆ្គួត ឬក៏ឈានដល់ការសម្លាប់ខ្លួន លោក ចាន់សេរីរទ្ធ បែរជាអាចងើបឈរឡើងវិញបាន រហូតដល់សងបំណូលគេរួចអស់ ថែមទាំងមានក្រុមហ៊ុនផ្ទាល់ខ្លួន ព្រមទាំងមានជំនាញលក់ដ៏ពូកែមួយទៀត ដោយគ្រាន់តែប្រកាន់ភ្ជាប់នូវពាក្យមួយឃ្លា ដើម្បីជំរុញទឹកចិត្ត។

នៅក្នុងបទសម្ភាសន៍ជាមួយ Today Sharing News លោក ផល ចាន់សេរីរិទ្ធ បានឱ្យដឹងថា ពាក្យមួយឃ្លាដែលធ្វើឱ្យគាត់អាចងើបឈរឡើងវិញបាននោះគឺ “ញញួរដំកែវ កែវប្រាកដជាបែក តែបើញញួរដំដែក ដែកនោះនឹងក្លាយទៅជាអាវុធ”។ គាត់បានបន្តទៀតថា“ពាក្យមួយឃ្លានេះហើយ ដែលធ្វើឲ្យខ្ញុំមិនព្រមចុះចាញ់ ទោះក្នុងពេលដែលខ្ញុំពិបាកយ៉ាងណាក៏ដោយ ហើយខ្ញុំតាំងចិត្តថា ខ្ញុំគឺជាដែក ខ្ញុំមិនមែនជាកែវឡើយ”។

សូមបញ្ជាក់ថា លោក ផល ចាន់សេរីរិទ្ធ គឺជាអ្នកប្រឹក្សាយោបល់ក្នុងការរកស៊ីនៅលើFacebook និងជាអ្នកបង្ហាត់បង្រៀនផ្នែកនេះផងដែរ។ ក្រោយពីរៀនចប់ថ្នាក់វិទ្យាល័យ គាត់ត្រូវដើររកការងារធ្វើ ដើម្បីបង់ថ្លៃការសិក្សានៅមហាវិទ្យាល័យដោយខ្លួនឯង និងទទួលបានការងារដំបូងជាអ្នកដឹកជញ្ជូនឥវ៉ាន់ឱ្យគេតាមម៉ូតូ៕