អ្នក​ជាមនុស្សទន់ខ្សោយមែនទេ រៀន​អំពីគន្លឹះទាំង​៤ចំណុច​ខាងក្រោមនឹងធ្វើ​ឲ្យអ្នក​ក្លាយជាមនុស្សមានទំនួលខុសត្រូវ​

ទំនួលខុសត្រូវមិនមែនកើតមកតាំងពីកំណើតនោះទេ អត្តចរិតនេះត្រូវបានបណ្ដុះឡើងនៅពេលអ្នកមានអាយុច្រើន ទៅសាលា និងរស់នៅក្នុងជីវិត សកម្មភាពរបស់អ្នកជាអ្នកតាក់តែងនូវអត្តចរិតរបស់អ្នក។ ការណ៍ដែលអ្នកសាងកំហុសណាមួយឡើង ហើយព្យាយាមទម្លាក់កំហុសនោះទៅឲ្យអ្នកដទៃនោះបញ្ជាក់ថា អ្នកគ្មានការទទួលខុសត្រូវនៅក្នុងជីវិតទេ។ គន្លឹះទាំង៤នេះនឹងជួយបណ្ដុះនូវភាពមានទំនួលខុសត្រូវនៅក្នុងជីវិតអ្នក៖

១.កុំបង្កើតលេសឲ្យខ្លួនឯងទៀត៖ ប្រសិនបើអ្នកបានសាងកំហុសចំពោះអ្វីមួយ ជម្រើសដ៏ល្អ គឺត្រូវតែទទួលស្គាល់ការ​ពិតថា អ្នកពិតជាបានសាងកំហុសមែន ជៀសវាងការបង្កើតហេតុផល ឬលេសរយពាន់ ដើម្បីគេចយករួចខ្លួននេះគឺជាផ្លូវដែលជួយឲ្យអ្នកក្លាយជាមនុស្ស ដែលពោរពេញដោយទំនួលខុសត្រូវមិនខាន ពោលគឺមិនមែនគេចយករួចខ្លួន ឬនិយាយឲ្យតែរួចពីមាត់ ដើម្បីឲ្យអ្នកដទៃគិតថា អស្ចារ្យហើយពេលមានបញ្ហាកើតឡើង បែរជាគេចយករួចខ្លួននោះទេ។

២.បញ្ឈប់ការរអ៊ូរទាំ៖ មនុស្សប្រភេទនេះចូលចិត្តរអ៊ូទាំច្រើនឥតប្រយោជន៍ មានគំនិតដែលពោរពេញដោយភាពអវិជ្ជមាន​ដែលនាំសេចក្ដីសុខស្ងប់ចាកចេញពីពួកគេដោយខ្លួនឯង និងមិនសូវបញ្ចេញសកម្មភាពល្អប្រសើរណាដើម្បីដោះស្រាយបញ្ហានោះទេ។ បើអ្នកមិនចូលចិត្តកិច្ចការណាមួយនោះទេ អ្នកគួរងាកមកធ្វើវាដោយខ្លួនឯងឬពិភាក្សាជាមួយអ្នកដែលធ្វើវាដើម្បីឲ្យអ្វីៗបានល្អប្រសើរជាងមុន។

៣.រៀនគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក៖ ក្នុងនាមជាមនុស្សមានទំនួលខុសត្រូវម្នាក់ អ្នកត្រូវចេះពីរបៀបគ្រប់គ្រងការចំណាយរបស់ខ្លួនដោយមិនចំណាយលើរបស់មិនចាំបាច់ ដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នកក្នុងរយៈពេលខ្លីអស់ទាំងនោះទេ។ អ្នកត្រូវម៉ត់ចត់ប្រើប្រាស់លុយសម្រាប់បង់ថ្លៃចំណាយសំខាន់ៗក្នុងជីវិត បន្សល់លុយខ្លះសម្រាប់សន្សំក្នុងគណនេយ្យ និងប្រាក់សម្រាប់វិនិយោគមួយចំនួនទៀត ទៅតាមលទ្ធភាពជាក់ស្តែង។

៤.ជៀសវាងការពន្យារពេល និងត្រូវមានវិន័យប្រតិបត្តិតាមកាលវិភាគប្រចាំថ្ងៃ៖ មនុស្សជោគជ័យមិនមែនជាមនុស្សដែលអូសបន្លាយពេលវេលាក្នុងការសម្រេចការងាររបស់ពួកគេនោះទេ។ អ្នកត្រូវមានទំនួលខុសត្រូវលើរាល់ការងារដែលទាមទារអ្នកឲ្យបញ្ចប់ ជាជាងចំណាយពេលលើសកម្មភាពឥតប្រយោជន៍ផ្សេង។

ម្យ៉ាងទៀតនៅពេលអ្នកមានវិន័យលើខ្លួនឯងក្នុងការប្រតិបត្តិទៅតាមកាលវិភាគប្រចាំថ្ងៃនោះ អ្នកប្រាកដជាអាចសម្រេចបាននូវការងារទាំងឡាយរួចរាល់ ថែមទាំងមានពេលវេលាសម្រាប់ការអភិវឌ្ឍផ្ទាល់ខ្លួនផងដែរ៕