អ្នកវិទ្យាសាស្ត្រជាច្រើនបានធ្វើការសិក្សាស្រាវជ្រាវទៅលើវីរុសCOVID-19 ដែលផ្ទុះឡើងកាលពីខែធ្នូនៅតំបន់អ៊ូហានប្រទេសចិន។ វីរុសនេះបានឆ្លងជាង៦០ប្រទេសទូទាំងពិភពលោកគិតមកដល់ពេលនេះ។
ពពួកវីរុសកូរ៉ូណាដែលឆ្លងពីសត្វមកមនុស្សដូចជាជំងឺ SARS និងMERS គឺមានលក្ខណៈខុសពីជំងឺផ្ដាសាយដែលវីរុសកូរ៉ូណាទាំងនេះអាចរាលដាលទៅគ្រប់សរីរាង្គរបស់មនុស្ស។ វីរុសកូរ៉ូណាថ្មី COVID-19 ក៏មានលក្ខណៈបែបនេះក្នុងករណីធ្ងន់ធ្ងរ។ ដោយសារតែវីរុសCOVID-19 មានលក្ខណៈស្រដៀងទៅនឹងជំងឺSARS អ្នកវិទ្យាសាស្ត្របានបូកបញ្ចូលការសិក្សាទៅលើជំងឺ SARS និងMERS ដើម្បីពន្យល់ពីការប្រែប្រួលរបស់រាងកាយក្រោយពីឆ្លងវីរុសកូរ៉ូណា។
សួត
ភាគច្រើននៃអ្នកជំងឺ COVID-19 សួតជាសរីរាង្គដំបូងដែលវីរុសចាប់ផ្តើមចម្លង ដោយសារ COVID-19 ជាជំងឺផ្លូវដង្ហើម។
ក្រោយពីការផ្ទុះនៃជំងឺ SARS អង្គការសុខភាពពិភពលោក (WHO)បានបង្ហាញថាជំងឺនេះវាយប្រហារទៅលើសួតបីដំណាក់កាល។ ដំណាក់កាល វីរុសបំបែកខ្លួន (Viral replication) ដំណាក់កាលប្រព័ន្ធ ភាពស៊ាំឆ្លើយតបខ្លាំង (Immune hyper-reactivity )និង ដំណាក់កាលបំផ្លាញសួត (pulmonary destruction)។ ប៉ុន្តែមិនមែនគ្រប់អ្នកជំងឺទាំងអស់សុទ្ធតែឆ្លងកាត់ទាំងបីដំណាក់កាលនេះទេ មានតែ២៥%ប៉ុណ្ណោះដែលមានបញ្ហាសួតចុះខ្សោយដែលជាសញ្ញាក្នុងករណីធ្ងន់ធ្ងរ។ ដូចគ្នាទៅនឹង COVID-19ដែរ អ្នកឆ្លង៨២% គឺមានរោគសញ្ញាស្រាល និង១៨%មានអាការៈធ្ងន់ធ្ងរ។
អ្នកស្រាវជ្រាវវេជ្ជសាស្ត្រ លោក Matthew B. Frieman នៅសាកលវិទ្យាល័យ Maryland សហរដ្ឋអាមេរិកបានសិក្សាលម្អិតទៅលើភ្នាក់ចម្លងនៃវីរុសកូរ៉ូណាបានលើកឡើងថាវីរុស COVID-19 ស្រដៀងទៅនឹងជំងឺ SARS។ នៅរយៈពេលដំបូងនៃការឆ្លង វីរុស COVID-19 នឹងជ្រៀតចូលទៅក្នុងកោសិកាសួតដែលមានពីរប្រភេទគឺ កោសិកាដែលផលិត Mucus (ដែលជាសារធាតុអន្ធិល ជួយការពារជាលិកាសួតពីភ្នាក់ងារចម្លង និងបង្ការកុំឲ្យប្រព័ន្ធដង្ហើមស្ងួត ឬអាចហៅថាស្លេស្ម) និងកោសិកាដែលមានរោមតូចៗហៅថា Cilia (ស្ថិតនៅជុំវិញ mucusកំចាត់នូវកម្ទិចកម្ទីតូចៗដូចជាធូលី ឬវីរុសផ្សេងៗ)។ ជំងឺSARS នឹងបំផ្លាញកោសិកា Cilia នាំឲ្យផ្លូវដង្ហើមអ្នកជំងឺពោរពេញទៅដោយធូលី និងទឹក (Fluids)។ ហេតុនេះសាស្ត្រាចារ្យរូបនេះក៏បានសន្និដ្ឋានថាវីរុស COVID-19 ក៏បែបនេះដែរ ដោយសារអ្នកឆ្លងវីរុស COVID-19 មានជំងឺរលាកសួតទាំងសងខាង និងពិបាកដកដង្ហើមនិងមានដង្ហើមខ្លីៗ។
នៅដំណាក់កាលទី២ ប្រព័ន្ធភាពស៊ាំនឹងធ្វើការប្រឆាំងទៅនឹងវីរុសដែលលុកលុយដោយបញ្ជូនកោសិកាភាពស៊ាំ(immune cell)ទៅក្នុងសួតដើម្បីកំចាត់នូវការខូចខាត និងជួសជុលជាលិកាសួត។ នៅពេលដំណើរការត្រឹមត្រូវ ដំណើរនៃការរលាកគឺនៅតែតំបន់ដែលឆ្លងប៉ុណ្ណោះ ប៉ុន្តែពេលខ្លះដំណើរការនៃប្រព័ន្ធភាពស៊ាំដំណើរការមិនត្រឹមត្រូវ អាចបំផ្លាញកោសិកាល្អផ្សេងទៀតដែលនៅជុំវិញ។ ដូចនេះ ពពួក កម្ទេចកម្ទីតូចៗ នឹងផ្តុំនៅសួតធ្វើឲ្យជំងឺរលាកសួតកាន់តែធ្ងន់ធ្ងរ ព្រោះទទួលការខូចខាតច្រើនពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។
នៅដំណាក់កាលទី៣ ការខូចខាតនៃសួតនៅតែបន្តមានដែលអាចបណ្តាលឲ្យមានការចុះខ្សោយនៃប្រព័ន្ធផ្លូវដង្ហើម។ ទោះបីជាអ្នកជំងឺមិនស្លាប់ ប៉ុន្តែអ្នកជំងឺក៏នៅមានការខូចខាតសួត។ អង្គការសុខភាពពិភពលោកបានលើកឡើងថា SARS ធ្វើឲ្យសួតមានរន្ធដែលរូបរាងដូចនឹងសំបុកឃ្មុំ ហើយបញ្ហានេះក៏មាននៅលើអ្នកឆ្លងវីរុស COVID-19 ដូចគ្នា។ រន្ធទាំងនេះកើតឡើងដោយសារការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំ។ នៅពេលមានករណីនេះ អ្នកជំងឺត្រូវការបញ្ចូលអុកស៊ីហ្សែន។ ខណៈពេលនោះដែរ ការរលាកក៏ធ្វើឲ្យភ្នាសនៃថង់ខ្យល់(air sacs) និងសរសៃឈាមអាចជ្រាបទឹកបាន នាំឲ្យសួតមានជាតិទឹកនិងប៉ះពាល់ដល់ការបញ្ជូនអុកស៊ីហ្សែនក្នុងឈាម(Oxygenate blood)។ ក្នុងករណីធ្ងន់ធ្ងរ អ្នកជំងឺអាចស្លាប់។
ក្រពះ និងពោះវៀន
អំឡុងពេលផ្ទុះជំងឺSARS និង MERS មួយភាគបួននៃអ្នកជំងឺមានរោគសញ្ញារាក។ ប៉ុន្តែសាស្ត្រាចារ្យ Frieman បាននិយាយថាមិនទាន់មានភស្តុតាងច្បាស់ថារោគសញ្ញានេះជារោគសញ្ញាសំខាន់នៃវីរុសCOVID-19 នៅឡើយទេ ព្រោះករណីនេះមិនសូវជួបប្រទះ។
នៅពេលវីរុសឆ្លងទៅក្នុងរាងកាយ វានឹងរកកោសិកាដែលអាចជ្រៀតចូលទៅបាន។ ក្នុងករណីជំងឺ SARS និងMERS វីរុសអាចចូលទៅក្នុងកោសិកាដែលនៅក្នុងពោះវៀនតូច និងពោះវៀនធំ ដែលនាំឲ្យមានការរាករូស។ អ្នកវិទ្យាសាស្ត្រជឿថា COVID-19 គឺប្រើ រ៉េសិបទ័រ (receptor) ដូចទៅនឹងជំងឺ SARS ដែលអាចរកឃើញនៅក្នុងសួត និងពោះវៀនតូច។
ការសិក្សាពីរក៏បានរកឃើញវីរុស COVID-19 នៅក្នុងសំណាកលាមកដែលបង្ហាញថាអាចឆ្លងតាមរយៈលាមក ប៉ុន្តែការសន្និដ្ឋានមិនទាន់អាចកំណត់បានទេ។
ការឆ្លើយតបប្រព័ន្ធភាពស៊ាំខ្លាំង (Blood storm)
វីរុសកូរ៉ូណាអាចប៉ះពាល់ដល់ប្រព័ន្ធផ្សេងៗក្នុងរាងកាយដោយសារការឆ្លើយតបសកម្មរបស់ប្រព័ន្ធភាពស៊ាំខ្លាំង (hyperactive immune response)។
ការសិក្សាឆ្នាំ២០១៤បានបង្ហាញថា៩២%នៃអ្នកជំងឺ MERS មានការឆ្លងទៅលើសរីរាង្គមួយយ៉ាងតិចក្រៅពីសួត។ រោគសញ្ញាដែលបានប្រទះឃើញមានដូចជាការកើនឡើងនៃអង់ស៊ីមថ្លើម (Liver enzymes) ការថយចុះកោសិកាឈាមស ការថយចុះនៃប្លាកែត (Platelet) និងសម្ពាធឈាមទាប។ ក្នុងករណីកម្រ អ្នកជំងឺខូចតម្រងនោមធ្ងន់ធ្ងរ និងគាំងបេះដូង (Cardiac Arrest)។ អ្នកស្រាវជ្រាវផ្នែកមេរោគ អ្នកស្រី Angela Rasmussen នៅសាកលវិទ្យាល័យ Columbia University Mailman School of Public Health បានលើកឡើងថា នេះមិនមែនជារោគសញ្ញាដែលវីរុសរាលដាលក្នុងរាងកាយទេ ប៉ុន្តែនេះអាចមកពីការឆ្លើយតបរបស់ប្រព័ន្ធភាពស៊ាំឡើងខ្លាំងពេក(Cytokine storm)។
រាងកាយមនុស្សពឹងផ្អែកលើប្រព័ន្ធភាពស៊ាំនៅពេលមានការគំរាមកំហែង។ នៅពេលឆ្លងវីរុសកូរ៉ូណា ប្រព័ន្ធភាពស៊ាំនឹងបញ្ចេញCytokines ទៅក្នុងសួត ធ្វើឲ្យរាងកាយមិនត្រឹមតែប្រឆាំងនឹងវីរុសទេ ប៉ុន្តែសូម្បីតែកោសិកាល្អក៏ត្រូវបំផ្លាញដែរ។
អ្នកស្រាវជ្រាវ Rasmussen បានបន្ថែមទៀតថា Cytokines storm បង្កឲ្យមានការរលាកដែលធ្វើឲ្យសរសៃឈាមក្នុងសួតចុះខ្សោយនិងមានទឹកជ្រាបចូលទៅក្នុងថង់ខ្យល់(air sacs) មានន័យថាមានការហូរឈាមពីសរសៃឈាម។
ក្នុងករណីធ្ងន់ធ្ងរនៃ COVID-19 ការឆ្លើយតបខ្លាំងរបស់ cytokines និងការថយចុះសមត្ថភាពក្នុងការបញ្ជូនអុកស៊ីហ្សែនទៅកាន់រាងកាយ អាចបណ្ដាលឲ្យមានចុះខ្សោយនៃសរីរាង្គជាច្រើន។ អ្នកវិទ្យាសាស្ត្រនៅមិនដឹងមូលហេតុច្បាស់ដែលបង្កឲ្យអ្នកជំងឺមានផលប៉ះពាល់ក្រៅពីសួត ប៉ុន្តែអាចមកពីមូលហេតុផ្សេងដូចជាជំងឺបេះដូង និងជំងឺទឹកនោមផ្អែម។
ថ្លើម
នៅពេលឆ្លងវីរុសកូរ៉ូណាក្នុងប្រព័ន្ធផ្លូវដង្ហើម ថ្លើមគឺជាសរីរាង្គមួយដែលងាយរងការប៉ះពាល់។ វេជ្ជបណ្ឌិតជាច្រើនបានរកឃើញថាអ្នកឆ្លងជំងឺ SARS MERS និងCOVID-19 មានការខូចខាតថ្លើមតិចតួច ប៉ុន្តែក្នុងករណីធ្ងន់ធ្ងរអាចឈានទៅរកការខូចខាតថ្លើមធ្ងន់ធ្ងរ និងការចុះខ្សោយថ្លើម។
ដោយសារថ្លើមមាននាទីដំណើរការឈាមបន្ទាប់ពីឈាមចេញពីក្រពះ ចម្រោះជាតិពុល និងបង្កើតអាហារូបត្ថម្ភដែលរាងកាយអាចប្រើបាន ហើយក៏ជួយទឹកប្រមាត់(Bile) ក្នុងការបំបែកជាតិខ្លាញ់។ បន្ថែមពីនេះ ថ្លើមក៏ផ្ទុកអង់ស៊ីម ដែលពន្លឿនប្រតិកម្មគីមីក្នុងរាងកាយ។
នៅពេលរាងកាយមានកម្រិតអង់ហ្ស៊ីមច្រើនជាងធម្មតានៅក្នុងឈាម នេះជារោគសញ្ញាគួរឲ្យប្រុងប្រយ័ត្នមួយ។ ភាគច្រើនរោគសញ្ញានេះមានឃើញនៅលើអ្នកជំងឺ SARS និងMERS។ ពេលខ្លះគ្រាន់តែជាការខូចខាតតិចតួចដែលថ្លើមអាចត្រលប់មកធម្មតាវិញបាន ឬអាចធ្ងន់ធ្ងរដល់ថ្នាក់ថ្លើមចុះខ្សោយ។
អ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ថា ថ្លើមចុះខ្សោយមិនមែនជាមូលហេតុតែមួយនៃការស្លាប់របស់អ្នកជំងឺSARS ទេ។ នៅពេលខ្លះអ្នកជំងឺដែលមានបញ្ហាសួត និងថ្លើម ក៏អាចមានបញ្ហាតម្រងនោមដែរ។ នៅពេលនោះនឹងក្លាយជាការឆ្លងជាប្រព័ន្ធ។
តម្រងនោម
អ្នកជំងឺ SARS ចំនួន ៦% និងមួយភាគបួននៃអ្នកជំងឺMERS ទទួលរងប៉ះពាល់ពីការខូចតម្រងនោមធ្ងន់ធ្ងរ។ ការសិក្សាជាច្រើនបានបង្ហាញថា វីរុសកូរ៉ូណាថ្មីក៏អាចបង្កឲ្យមានផលប៉ះពាល់នេះដែរ។
តម្រងនោមមាននាទីលាងសម្អាតឈាម និងចម្រោះទឹកនោម។ តាមរបាយការណ៍អង្គការសុខភាពពិភពលោក ក្រោយពីការផ្ទុះជំងឺ SARS វីរុសត្រូវបានរកឃើញនៅក្នុងបំពង់តម្រងនោមដែលអាចបង្កឲ្យមានការរលាក។
អតីតសាស្ត្រាចារ្យនៅសាកលវិទ្យាល័យហុងកុង និងជាអ្នកប្រឹក្សាផ្នែក តម្រងនោម(nephrologist) នៅមន្ទីរពេទ្យទីក្រុងហុងកុង លោក Kar Neng Lai បាននិយាយថា ការរកឃើញវីរុសក្នុងបំពង់តម្រងនោមជារឿងធម្មតា ប្រសិនជាក្នុងចរន្តឈាមមានវីរុស ព្រោះនៅពេលតម្រងនោមធ្វើការសម្អាតឈាម កោសិកាក្នុងបំពង់តម្រងនោមអាចចាប់វីរុសទុក និងបង្កជាការខូចខាតតិចតួច។ យ៉ាងណាវិញ ការខូចខាតនេះអាចគ្រោះថ្នាក់ដល់ស្លាប់ប្រសិនជាវីរុសចាប់ផ្តើមចូលបំបែកខ្លួន(replicate)ក្នុងកោសិកា។ ប៉ុន្តែមិនទាន់មានភស្តុតាងថាវីរុស SARS ចូលទៅបំបែកខ្លួនក្នុងកោសិការបស់តម្រងនោមទេ។
សាស្ត្រាចារ្យរូបនេះ ក៏បានលើកឡើងថា ការខូចខាតតម្រងនោមកើតលើអ្នកជំងឺ SARS អាចមកពីមូលហេតុផ្សេងៗរួមមាន សម្ពាធឈាមទាប ឈាមពុល (sepsis) ថ្នាំ ឬការរំខាននៃមេតាបូលីស។ ករណីធ្ងន់ធ្ងរអាចនាំឲ្យខ្សោយតម្រងនោមស្រួចស្រាវ (acute renal failure) ដែលពេលខ្លះបណ្ដាលមកពីថ្នាំប្រឆាំងមេរោគ ការចុះខ្សោយនៃសរីរាង្គច្រើន ឬអាចមកការប្រើប្រាស់ ម៉ាស៊ីនជំនួយសួត (ventilator) រយៈពេលយូរ។
ស្ត្រីមានផ្ទៃពោះ និងវីរុសកូរ៉ូណា
អំឡុងពេលផ្ទុះវីរុសCOVID-19 មានករណីទារកទើបនឹងកើតបាន៣០ម៉ោងឆ្លងវីរុសនេះ។ ករណីនេះធ្វើឲ្យមានសំណួរជាច្រើនចោទឡើងថាស្ត្រីមានផ្ទៃពោះអាចចម្លងទៅកូនក្នុងផ្ទៃ ឬអំឡុងពេលសម្រាល និងតាមរយៈទឹកដោះដែរឬទេ។ ប៉ុន្តែករណីឆ្លងពីម្តាយទៅកូនមិនមានកើតឡើងអំឡុងពេលផ្ទុះជំងឺ SARS និង MERS ទេ។ ម៉្យាងទៀត ទារកដែលឆ្លង COVID-19 អាចឆ្លងបានដោយសារនៅក្នុងមន្ទីរពេទ្យមានមេរោគច្រើន។
ការសិក្សាចេញផ្សាយថ្មីៗនេះនៅសារព័ត៌មាន The Lancet បានផ្តល់នូវភស្តុតាងដំបូងដែលបញ្ជាក់ថាវីរុសកូរ៉ូណាមិនអាចចម្លងពីម្តាយមកកូនទេ។ អ្នកវិទ្យាសាស្ត្របានធ្វើការអង្កេតលើស្ត្រីមានផ្ទៃពោះ ដែលមានផ្ទុកវីរុស COVID-19 និងរកឃើញថាមិនមានករណីចម្លងមកកូនទេ។ ទោះបីជាការសិក្សាបង្ហាញមកបែបនេះក៏មិនគ្រប់គ្រាន់ក្នុងការកំណត់ថាមិនមានការឆ្លងអំឡុងពេលមានផ្ទៃពោះដែរ ដូចនេះទាមទារឲ្យមានការប្រុងប្រយ័ត្នបន្ថែមទៀតទៅលើការសិក្សាអំពីជំងឺនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕