ឯកឧត្តមឧកញ៉ាបណ្ឌិត គួច ម៉េងលី ៖ កុំចង់ជោគជ័យតក់ក្រហល់ពេក ប្រយ័ត្នខូចចិត្ត និងខាតបង់ទ្រព្យសម្បត្តិ
លោកឧកញ៉ា គួច ម៉េងលី បានមានប្រសាសន៍ថា “យុវជនជាទីស្រលាញ់តាមបទពិសោធន៍ដែលខ្ញុំបានមើលឃើញកន្លងមក ខ្ញុំអាចសង្កេតឃើញថាក្នុងនាមជាយុវវ័យឈាមរាវ បើក្មួយៗចង់ធ្វើអ្វីមួយក្មួយៗច្រើនតែតក់ក្រហល ចង់ដើរផ្លូវកាត់ចង់ធ្វើនេះបន្ដិចធ្វើនោះបន្ដិចមិននឹងនរ”។
លោកឧកញ៉ាបានបន្ដទៀតថា នៅក្នុងការប្រកបរបរអាជីវកម្មក៏ដូចគ្នា លោកឧកញ៉ាបានមើលឃើញថាមានយុវជនក្មេងៗច្រើនណាស់ ដែលប្រាថ្នាចង់ក្លាយខ្លួនទៅជាសហគ្រិនវ័យក្មេង ដូចក្លាយទៅជាអ្នករកស៊ីទាំងវ័យក្មេង។ លោកឧកញ៉ាបាននិយាយថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះពាក្យថា ជោគជ័យបានជ្រួលជ្រាបទៅក្នុងផ្នត់គំនិតរបស់យុវវ័យខ្មែរជាច្រើននាក់។
ប៉ុន្ដែវាគ្មិនទាំងនោះតែងតែនិយាយភាពអស្ចារ្យ ភាពមហាសាល និងភាពជោគជ័យរបស់ពួគគាត់។ ចំណុចទាំងនេះបានធ្វើឲ្យក្មេងមិនដឹងសមិនដឹងខ្មៅនោះទេ គឺដឹងត្រឹមតែថាវាមានពន្លឺភ្លឺស្អាត ហើយគិតថាវាជាជោគជ័យធំហើយអស្ចារ្យ ប៉ុន្ដែពួកគេមិនដឹងទេថានោះហើយជាភាពអវិជ្ជមានក្នុងការចេញរកស៊ី។ លោកឧកញ៉ាបានបញ្ជាក់ថាប្រសិនយុវជនចាប់ផ្ដើមបើកអាជីវកម្ម ដោយមិនដឹងពីដំណើរពីមួយជំហានទៅមួយជំហាន គឺច្បាស់ជាមិនដឹងថា ការដើរលើផ្លូវនេះវាមិនងាយស្រួលដូចអ្វីដែលពួកគេគិតនោះទេ វាមិនងាយជោគជ័យ ហើយមិនមែនត្រូវការដើមទុនប៉ុណ្ណឹងនោះទេ។
លោកបានបន្ថែមទៀតថា ប្រសិនបើអ្នកមិនដែលឆ្លងកាត់ មិនដឹងស៊ីជម្រៅ មិនដឹងថាអ្វីជាអ្វី ហើយបើយើងមកបើកគឺគេហៅថាការបើកតាមគ្នា។ ការរកស៊ីតាមគ្នានេះគឺរលំក៏តាមគ្នា អស់លុយក៏តាមគ្នា បរាជ័យក៏តាមគ្នា។ ដូច្នេះវាជារឿងសំខាន់ណាស់ ហើយពេលវេលាក៏មានច្រើនដែល សូមកុំប្រញាប់ប្រញាល់គឺធ្វើវាតាមសម្រួល។
លោកឧកញ៉ា គួច ម៉េងលី បានលើកឡើងថាមិនមែនតែនៅកម្ពុជានោះទេដែលមានការបើកសិក្ខាស្ដីពីភាពជោគជ័យបែបនេះ តែនៅតាមបណ្ដាលប្រទេសជឿនលឿនក៏មានបើកដូចគ្នាដែរ។ ប៉ុន្ដែវាខុសគ្នាត្រង់ថាវាគ្មិនដែលបានមកបណ្ដុះបណ្ដាលនោះ គឺសុទ្ធសឹងតែជាអ្នកមានចំណេះដឹងពិតប្រាកដ ហើយថែមទាំងមានបទពិសោធន៍ក្នុងការបើកអាជីវកម្មជោគជ័យដោយខ្លួនឯងទៀតផង។ លោកបានបន្ដថាការបណ្ដុះបណ្ដាលនៅក្រៅប្រទេសគេតែងតែបង្រៀនទៅតាមក្របខណ្ឌនៃការសិក្សាអាជីវកម្ម ដូច្នេះពួកគេតែងតែលើកយកនូវទ្រឹស្ដី និងផ្នត់គំនិតក្នុងការធ្វើអាជីវកម្ម។ មួយវិញទៀតដើម្បីឲ្យទទួលបានជោគជ័យគេតែងអញ្ជើញអ្នកជោគជ័យមកបកស្រាយ ហើយអ្នកជោគជ័យទាំងនេះមិនដែរនិយាយពីភាពជោគជ័យនិងជីវិតដ៏អស្ចារ្យរបស់គេនោះទេ គឺពួកគាត់នឹងចែករំលែកនូវក្បួនរកស៊ី និងបង្ហាញពីផ្លូវដែលដើរទៅបរាជ័យនិងជោគជ័យ។
លោកសង្កត់ធ្ងន់ថា ការនិយាយខាងលើរបស់លោកមិនមែនមានន័យថា វគ្គបណ្ដុះបណ្ដាល ឬសិក្ខាសាលាទាំងនោះគឺមិនល្អនោះទេ តែលោកមើលឃើញថា យុវជនដែលចូលរួមសិក្ខាសាលានោះតែងមានអារម្មណ៍ពុះកញ្រោល លែងចង់រៀនសូត្រ លែងចង់ធ្វើការ តែបែរជានាំគ្នាទៅបើកអាជីវកម្មរកស៊ីតាមគ្នា ដោយមិនមានមូលដ្ឋានច្បាស់លាស់ ជាលទ្ធផលយុវជនទាំងនោះបានត្រឹមខូចចិត្ដ ខាត់បង់ប្រាក់កាស ព្រោះថាអាជីវកម្មថ្មីថ្មោងត្រូវបានរលំទៅវិញ៕