ធ្វើម្តេចទេគេជាស្រីស្អាតហើយ គ្រាន់តែ​ Mina ញញឹមធម្មតាសោះ ធ្វើ​ឲ្យ​បេះដូង​បុរសលោតស្ទើគាំង​ទៅហើយ​

ថ្មីៗនេះ ក្រុមចម្រៀងនារីកំពុងមានប្រជាប្រិយភាព Twice ត្រូវបានអញ្ចើញចូលរួមនៅក្នុងកម្មវិធី Fansign ជំណួបជាមួយនឹងអ្នកគាំទ្រផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីកាន់តែបង្កើននូវភាពស្និទ្ធស្នាល និងមានការចុះហត្ថលេខា ជូនដល់អ្នកគាំទ្រគ្រប់គ្នាដែលបានចូលរួមនៅក្នុងកម្មវិធីនេះផងដែរ។

តួយ៉ាង ក្នុងនោះផងដែរ គេចាប់អារម្មណ៍ឃើញថា តារាចម្រៀងស្រី Mina ទទួលបានការកោតសរសើរយ៉ាងច្រើន ពីសំណាក់អ្នកគាំទ្ររបស់នាង តាមរយៈសកម្មភាពពីរបៀបនៃការទំនាក់ទំនងរវាងនាងជាមួយអ្នកគាំទ្រ និងជាពិសេសគឺសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិរបស់នាងតែម្តង។

ជាការពិតណាស់ កន្លងមកគេតែងដឹងថា Mina ចូលចិត្តប្រាស្រ័យទាក់ទងរវាងភ្នែកទល់ភ្នែក ជាមួយនឹងអ្នកគាំទ្ររបស់នាង បើនិយាយឲ្យស្រួលស្តាប់ទៅ គឺរាល់ពេលជួបទល់មុខអ្នកគាំទ្រម្តងៗ នាងចូលចិត្តសម្លឹងចូលជ្រៅទៅក្នុងកែវភ្នែករបស់ពូកគេ ជាមួយនឹងស្នាមញញឹមតិចៗ ដែលមើលទៅសាមញ្ញ ប៉ុន្តែក៏អាចឆក់យកបេះដូងអ្នកគាំទ្រឲ្យរលាយបានយ៉ាងងាយផងដែរ៕