ចិត្តល្អណាស់! អុីណូ ធ្លាប់ជួយ នាង គន្ធា​ ម្នាក់ហើយ ពេលនេះប្រកាសជួយ លៀង ចាន់ឡា បែបនេះទៀតហើយ!

កាលពីពេលថ្មីៗនេះ បេក្ខភាពក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក X Factor Cambodia កញ្ញា លៀង ចាន់ឡា ត្រូវបានមហាជនច្រើន ពេញចិត្តសមត្ថភាពច្រៀងរបស់នាង និងអាណិតស្រឡាញ់ប្អូន ព្រោះតែប្អូនមានជីវភាពលំបាក ដោយត្រូវខិតខំរកលុយដើម្បីចិញ្ចឹមម្ដាយជាទីស្រលាញ់របស់ខ្លួន។

ក្នុងនោះផងដែរ ស្រាប់តែពេលនេះតារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មសាន់ដេលោក អុីណូ បានប្រកាសជួយប្អូន ទោះបីជាប្អូនប្រឡងធ្លាក់ក្នុងវគ្គណាមួយក៏ដោយ។

ក្នុងនោះលោក អុីណូ បានប្រកាសថា «មិនថាជាប់ឬធ្លាក់មិនមានបញ្ហានោះទេ ខ្ញុំសូមជួយគាត់បន្តិចបន្ទួចដោយទឹកចិត្តតាមសមត្ថភាពខ្ញុំ សូមទំនាក់ទំនងលេខគាត់ មកកាន់ខ្ញុំបាទអ៊ីណូ។ ខ្ញុំនឹងនិពន្ធបទភ្លេងថ្មី ជូនគាត់២បទ ទុកជាអនុស្សាវរីយ៍ សម្លេងល្អពីធម្មជាតិពីរោះ សំខាន់ការកែខៃបន្តិចតើ ប៉ុន្តែបងចង់ឲ្យប្អូនខំប្រឹង ដើម្បីឲ្យបានជាប់ជាប់រហូតគ្រប់វគ្គ រហូតដល់វគ្គផ្តាច់ព្រ័ត្ត បងក៏ធ្លាប់ស្គាល់អារម្មណ៍អ្នកក្រដែរ ទោះបីពេលនេះបងមិនទាន់មានបានខ្លាំងក៏ដោយ តែអារម្មណ៍ខ្វះព្រឹក ខ្វះល្ងាចរស់នៅម្នាក់ឯងឆ្ងាយពីប៉ាម៉ាក់ស្គាល់ហើយ ច្រៀងមួយថ្ងៃបាន៤$ ទៅ ៥$ ប៉ុណ្ណោះ ( បងផ្តោតនិយាយតែរឿងជីវិតប្អូនទេណា មិនបានប៉ះពាល់ដល់ប្អូនៗណាទេ ) សូមឲ្យជោគជ័យទាំងអស់គ្នា អូនអូន ស៊ូស៊ូ ប្អូន»។

គួរបញ្ជាក់ផងដែរថា កាលពីមុនលោក អុីណូ ធ្លាប់ជួយ នាង គន្ធា ឲ្យក្លាយជាតារាចម្រៀងល្បីឈ្មោះម្ដងរួចហើយ ហើយពេលនេះមហាជនក៏សង្ឃឹមថាប្អូនស្រី ចាន់ឡា និងបង្កើនសមត្ថភាពខ្លួន ក្លាយជាតារាចម្រៀងសំបូរប្រជាប្រិយភាព ក្រោយបានការជួយជ្រុំជ្រែងពីលោក អុីណូ៕

អត្ថបទដោយ៖សុីវលី