​តស៊ូមិនធម្មតាមែន! គេ​បាន​បដិសេធ​ Kimmy ចំពោះ​រូប​រាងមិនស្អាត​ ចុងក្រោយ​ក្លាយជា​តួឯក​ស្រី​ប៉ុស្តិ៍​លេខ​៣ថៃ

តារាស្រីកូនកាត់ថៃ-អាល្លឺម៉ង់ Kimmy Kimberly តួឯកស្រីប្រចាំទូរទស្សន៍ប៉ុស្តិ៍​លេខ៣ ជឿជាក់ថាប្រិយមិត្តប្រាកដជាបានស្គាល់ច្បាស់ ព្រោះនាងជាតារាស្រីមួយរូបដែលទទួលបានប្រជាប្រិយភាពខ្លាំង និងមានអ្នកគាំទ្រជាច្រើនទាំងក្នុង និងក្រៅប្រទេស។

ប៉ុន្តែទម្រាំបានមកដល់ចំណុចនេះ មិនមែនជារឿងងាយស្រួលនោះទេ  Kimmy ធ្លាប់ឆ្លងឧបសគ្គ ហើយថែមទាំងធ្លាប់បាត់បង់ភាពជឿជាក់លើខ្លួនឯងទៀតផង ព្រោះជំហានដំបូងរបស់នាងនៅក្នុងវិស័យសិល្បៈ ដែលត្រូវបានមកសាកល្បងការសម្តែងឲ្យខាងទូរទស្សន៍លេខ៣មើល ត្រូវបានគេបដិសេធ និងដេញនាងត្រឡប់ទៅផ្ទះវិញ។

ជាក់ស្តែង Kimmy បានបើកចិត្តនិយាយពីរឿងទាំងអស់នេះ ក្នុងកម្មវិធីទូរទស្សន៍មួយ។ ដោយនាងបានរៀបរាប់លម្អិតថា៖

«ដំបូងគាត់ឲ្យខ្ញុំត្រលប់ទៅផ្ទះវិញ ព្រោះតែខ្ញុំមានរូបរាងធាត់មិនស្អាត ប៉ុន្តែក្រោយមកខ្ញុំក៏បានត្រឡប់មកប៉ុស្តិ៍ម្តងទៀត ហើយក៏បានចុះកុងត្រាតែម្តង»។

យ៉ាងណាមិញ នៅពេលដែលKimmy ចូលសិល្បៈដំបូងៗ មានមហាជនជាច្រើនបានរិះគន់ពីរូបរាងរបស់នាងពិតមែន ប៉ុន្តែបើប្រៀបធៀបជាមួយពេលនេះវិញ ឃើញថាមានភាពខុសប្លែកគ្នាទាំងស្រុង និងលែងមានអ្នករិះគន់ទៀតហើយ គឺមានតែអ្នកសរសើរពីរូបរាងនាងមិនដាច់ពីមាត់៕