គួរឲ្យសរសើរមែន! ក្រោយវីរុសរលាកសួតរាតត្បាត Wang Yibo បរិច្ចាគទឹកប្រាក់ជួយ Wuhan ដល់ទៅ..

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា កាលពីពេលថ្មីៗ កន្លងទៅនេះ វីរុសរលាកសួត កូរ៉ូណា បានកំពុងរាតត្បាតក្នុងប្រទេសចិន និងបណ្ដាប្រទេសជាច្រើនទៀតក្នុងពិភពលោក ជាពិសេសតំបន់ Wuhan ដែលជាកន្លែងដំបូងបានផ្ទុះមេរោគនេះតែម្ដង។

មកទល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារវីរុស កូរ៉ូណា នៅក្នុងប្រទេសចិនបានកើនឡើងដល់ ៥៦ នាក់ហើយ ចំនួនអ្នកឆ្លងនៅទូទាំងប្រទេសមានចំនួនជិត ២០០០ នាក់។ យ៉ាងណាមិញ ក្រោយពីមានរឿងហេតុបែបនេះ ក៏មានតារាសម្ដែងប្រុស ស្រី ក្នុងប្រទេសចិនជាច្រើនបានជួយគ្នាចូលរួមឧបត្ថម្ភទឹកប្រាក់ដើម្បីជួយដល់តំបន់ Wuhan ដែលកំពុងរងគ្រោះនោះ។

ក្នុងចំណោមតារាសម្ដែងដែលបានបរិច្ចាគទឹកប្រាក់ តារាសម្ដែងប្រុសកំពុងមានប្រជាប្រិយភាព និងឈរលើតារាងចំណាត់ថា្នក់កំពូលក្នុងប្រទេសចិន Wang Yibo ក៏បានចូលរួមបរិច្ចាគទឹកប្រាក់ផ្ទាល់ខ្លួនដល់ទៅ ១.៥ លានយាន់ (២៣០,៧៦៩ ដុល្លារអាមេរិក) ។

មែនទែនទៅ នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកមួយដែលបានចូលរួមចំណែកជួយដល់តំបន់ Wuhan និងជាទឹកចិត្តដ៏សប្បុរសធម៌ដែលគួរឲ្យកោតសរសើរមួយសម្រាប់តារាសម្ដែងប្រុសដែលមានវ័យទើបតែ ២៣ ឆ្នាំ រូបនេះ។

គួររំលឹកផងដែរ មិនត្រឹមតែតារាសម្ដែងប្រុសវ័យក្មេងរូបនេះទេដែលចូលរួមបរិច្ចាគ សូម្បីតែអ្នកគាំទ្ររបស់លោកផ្ទាល់ក៏បានចូលរួមបរិច្ចាគនូវទឹកប្រាក់ប្រមាណ ២,៨៨៣ដុល្លារ និងសម្លៀកបំពាក់ការពារ ម៉ាស់ ស្រោមដៃការពារជាដើម៕

ប្រភព៖王一博

អត្ថបទដោយ៖ ស្រីពេជ្រ