ក្រសួងបំភ្លឺករណីស្ត្រីកងទ័ពមួកខៀវឆ្លង COVID-19 និងច្រានចោលព័ត៌មានឆ្លងចូលសហគមន៍

ព្រឹកមិញ​នេះ​មាន​ការ​ចែក​រំលែក​តៗ​គ្នា​អំពី​របាយកាណ៍​ពាក់​ព័ន្ធ​នឹង​ករណី​ស្ត្រី​កង​ទ័ព​មួក​ខៀវ​របស់​កម្ពុជា​ម្នាក់ រស់នៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែល​បាន​រក​ឃើញ​វិជ្ជមាន COVID-19 បាន​ទៅ​​ប៉ះពាល់​​នឹង​​មនុស្ស​​ជា​ច្រើន​នាក់។ ក្នុង​នោះ​ក៏​មានការចែកចាយតៗ​គ្នា​ថា មាន​ករណី​ឆ្លង COVID-19 ចូល​ដល់​សហគមន៍​ហើយ។

លោក​ជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ ក្រសួង​សុខា​ភិបាល បាន​បំភ្លឺ​ថា ស្ត្រី​កម្ពុជា​រូប​នេះ​វិល​ត្រលប់​ពី​ប្រទេស​ម៉ាលី បាន​មក​ដល់​កម្ពុជា តាំង​ពី​ថ្ងៃទី១០ ខែកក្កដា មកម្ល៉េះ តែ​ទើប​រក​ឃើញ​វិជ្ជមាន COVID-19 នៅ​ថ្ងៃទី៩ ខែ​សីហា​នោះ ពោល​គឺ​ស្ត្រី​រូប​នេះ​បាន​ធ្វើ​តេស្ត​លើកទី៥​ហើយ ទើប​រក​ឃើញ។

តាម​ក្រុម​ការងារ​ចុះ​ទៅ​ដល់​ផ្ទះ និង​ព័ត៌មាន​ពី​សាមី​ខ្លួន​ផ្ទាល់ ស្រ្តី​រូប​នេះ​បាន​ធ្វើ​ចត្តាឡីស័ក​ខ្លួន​ឯង​ពេល​ទៅ​ដល់​ផ្ទះ ដោយ​នៅ​ក្នុង​ផ្ទះ​នោះ​មាន​សមាជិក​គ្រួសារ ៤នាក់ មាន​ឪពុក ម្តាយ បងប្រុស ប្អូនប្រុស តែ​ស្ត្រី​រូបនោះ​នៅ​ដាច់​ដោយ​ឡែក ញ៉ាំ​អាហារ​ដាច់​ដោយ​ឡែក ពុំបានចេញក្រៅផ្ទះ ដូច​ការ​ផ្សព្វផ្សាយ​នោះទេ ហើយ​​បាន​ពាក់​ម៉ាស ថ្វី​ត្បិត​តែ​មាន​ការ​ក្អក កណ្តាស់ ផ្តាសាយ។

- Advertisement -

បញ្ហា​ត្រង់​ថា ស្ត្រី​រូប​នេះ​បាន​ប្រើ​បន្ទប់​ទឹក​រួមគ្នា​ជាមួយ​ក្រុម​គ្រួសារ។ ភ្លាមៗ​នោះ​ដែរ ក្រុម​គ្រូពេទ្យ​បាន​យក​វត្ថុ​សំណាក​របស់​អ្នកទាំង​៤នាក់​ដែល​ជា​សមាជិក​ក្រុម​គ្រួសារ​មក​ធ្វើ​វិភាគ​ភ្លាមៗ តែ​លទ្ធផល​អវិជ្ជមាន ប៉ុន្តែ​នៅ​បន្ត​តាម​ដាន​ជា​បន្តទៀត និង​ធ្វើ​ចត្តាឡីស័ក​កម្រិត២ នៅ​ខេត្ត​កណ្តាល។

ប៉ុន្តែស្ត្រី​រូប​នេះ​បញ្ជាក់​ថា ចាប់​តាំង​ពី​ខ្លួន​ត្រលប់​ទៅ​ផ្ទះ រហូត​ដល់​រក​ឃើញ​វិជ្ជមាន COVID-19 ទៅ​សម្រាក​ព្យាបាល​នៅ​ពេទ្យ ខ្លួន​មិន​បាន​ទៅ​ប៉ះពាល់​ជាមួយ​អ្នក​ណា​ផ្សេង​ក្រៅ​ពី​សមាជិក​គ្រួសារ ៤នាក់ ដែល​រស់នៅ​ក្នុង​ផ្ទះ​តែ​មួយ​នោះ​ទេ។

ចំពោះ​ព័ត៌មាន​ផ្សេងៗ​ដែល​បាន​ចែក​ចាយ ប្រាស​ចាក​ពី​អ្វី​ដែល​ក្រុម​ការងារ​បាន​ចុះ​ស្រាវជ្រាវ​ផ្ទាល់ និង​ទទួល​ផ្ទាល់​ពី​សាមី​ខ្លួន​នេះ លោក​ជំទាវ​ថា សូម​បងប្អូនកុំ​បន្ត​ចែក​ចាយ ចៀស​វាង​ការ​ភាន់ច្រឡំ បន្ត​ច្រួល​ច្របល់​ក្នុង​សង្គម។​ មួយ​វិញ​ទៀត ប្រសិន​បើ​មិន​ច្បាស់ សូម​មេត្តា​កុំ​ចែក​ចាយ​ព័ត៌មានដែល​មិន​ច្បាស់ ត្រូវ​រង់ចាំ​សិន ចាំ​ចែក​​ចាយ​គ្នា ដើម្បី​ចូល​រួម​ទាំង​អស់គ្នា​ក្នុង​ការ​ទប់​ស្កាត់​ការ​ចម្លង​វីរុស COVID-19 នេះ។

ពាក់ព័ន្ធ​នឹង​របាយការណ៍​របស់​ចៅសង្កាត់សិត្បូ ដែល​អះអាង​ថា ស្ត្រី​កងទ័ព​មួក​ខៀវ​រូបនោះ​បាន​ទៅ​ប៉ះពាល់​ជាមួយ​មនុស្ស​ជា​ច្រើន​នាក់​ ទៅវត្តធ្វើបុណ្យនោះ លោក​ជំទាវ​ថា ការងារនេះ​ជា​ការងារ​របស់​អាជ្ញាធរ​មូលដ្ឋាន​ដែល​ក្តាប់​ផ្ទាល់​នៅទីតាំង ប៉ុន្តែ​អ្វី​ដែល​យើង​គួរ​ធ្វើ​នៅ​ពេល​នេះ ត្រូវ​តែ​មានការ​ត្រួត​ពិនិត្យ​ឡើង​វិញ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ ទី១ អាជ្ញាធរមូលដ្ឋាន​ត្រូវ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន កាលណា​លោក​ទៅ​ជួប​ជាមួយ​អ្នក​ជំងឺ​ដោយ​មិនមាន​ការពារ​ខ្លួន ប្រយ័ត្ន​មាន​ការ​ឆ្លង​ទៅ​បុគ្គល​ដែល​ជួប​នឹង​អ្នក​ជំងឺ ទី២ លោក​ជំទាវ​ថា ព័ត៌មាន​ដែល​ចៅ​សង្កាត់​បាន​សរសេរ​ និង​ចែកចាយ​នោះ សាកសួរ​ចេញ​ពី​ខាង​ណា​នោះ​ទេ តើ​ចម្លើយ​នេះ​ជា​របស់​អ្នក​ជំងឺ​ផ្ទាល់ ឬ​ចម្លើយ​ទទួល​បាន​ពី​ខាងណា? សំខាន់​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​មាន​ភាព​ជាក់លាក់ ប្រសិន​បើ​មាន​​ហេតុការណ៍​អី ត្រូវ​ជជែក​សួរ​នាំ​ជាមួយ​មន្ទីរ​សុខាភិបាល​ខេត្ត​កណ្តាល ដើម្បី​បញ្ជាក់​អំពី​ព័ត៌មាន​ដែល​ទទួល​បាន។

​​​អត្ថបទផ្ដល់សិទ្ធិដោយ