រឿងខ្លី ៖ សត្វគោ ក្របី និង ឆ្កែ ឆ្មា

នៅក្នុងលោកនេះ មនុស្សដែលតាំងខ្លួនឯងជាអ្នកចេះដឹងមានច្រើនណាស់ ច្រើនរហូតមិនអាចគណនាបានទេ ប៉ុន្តែពួកគេមិនបានដឹងថា​ភ្នំមួយខ្ពស់ក៏នៅមានភ្នំមួយទៀតដែលខ្ពងជាងដែរ ខ្ពស់ជាបន្តបន្ទាប់ទៅបានសមត្ថភាព និងជំនាញរបស់ពួកគេនីមួយៗ មិនអាចយកមកប្រៀបធៀបគ្នាបានឡើយ។

ខាងក្រោមនេះ ជារឿងខ្លីមួយដែលដកស្រង់ខ្លឹមសាររវាងចំណុចខ្លាំងរវាងសត្វទាំងបួនខាងលើ (សត្វគោល ក្របី និង ឆ្កែ ឆ្មា) ចែកជូនដល់ប្រិយមិត្តអ្នកអាន៖

បុរសជាកសិករម្នាក់ បានដឹកនាំយកសត្វគោ និងក្របីរបស់គាត់ទៅភ្ជួរស្រែដូចសព្វដង តាំងពីព្រឹកដល់ល្ងាចទើបវិលមកផ្ទះវិញ គាត់តែងធ្វើបែបនេះជាប្រចាំថ្ងៃ។ ចំណែកឯពេលគាត់មកដល់ផ្ទះវិញ សត្វឆ្កែរបស់គាត់តែងរត់មកទទួលម្ចាស់វាយ៉ាងរាក់ទាក់បំផុត ធ្វើឱ្យសត្វ​គោ និងក្របីមានចិត្តច្រណែនថា ពួកនេះនៅតែផ្ទះស្រួលៗ។ សត្វគោ និង ក្របី សម្លឹងទៅមើលសត្វឆ្មាលើផ្ទះស៊ីបាយស្រាប់ មិនដែលចេះធ្វើស្អីទេ គេខឹងនឹងឆ្មានោះថែមទៀត។

ដល់ពេលយប់មួយ មានចោរមួយក្រុមមកចង់លួចសត្វគោល និងក្របី។ ពួកគេបានដើរចូលលបៗ ទៅមាត់របងផ្ទះត្រូវបានឆ្កែឃើញ ក៏ព្រុសយ៉ាងខ្លាំងធ្វើឱ្យម្ចាស់របស់ភ្ញាក់ និងស្រែកឆោរឡោរឡើង ទើបពួកចោររត់អស់ សត្វគោ និងក្របីចាប់ផ្តើមស្គាល់គុណសម្បត្តិរបស់សត្វឆ្កែម្តង។

តក្រោយមកទៀត ការធ្វើស្រែចំការរបស់ម្ចាស់របស់គោ និងក្របី ក៏ទទួលបានផលល្អ ហើយនាំគ្នាប្រមូលផលមកផ្ទះទុកនៅក្នុងជង្រុក​មួយដើម្បីទុកបរិភោគគ្រប់ប្រាំង និងវស្សាតែម្តង។ ប៉ុន្តែស្រូវក្នុងជង្រុកនោះ មានសត្វកណ្តុរជាច្រើនរង់ចាំស៊ីស្រាប់​ ដែលមិនចេះធ្វើស្អី ឃើញដូច្នេះសត្វឆ្មាវាក៏បានចូលទៅចាប់សត្វកណ្តុរនៅក្នុងជម្រុកនោះអស់ ទើបសត្វគោ និង​ក្របី ស្គាល់តម្លៃសត្វដែលនៅផ្ទះទាំងពីរក្បាលនោះថា ​មិនមែនអត់ប្រយោជន៍ទេ។

គំនិតគួរពិចារណា៖

យើងមិនគួរគិតតែខ្លួនឯងខ្លាំងជាងគេល្អជាងគេនោះទេ មនុស្សម្នាក់ៗ សត្វនីមួយៗ តែមានគុណសម្បត្តិ និងផល​ប្រយោជន៍រៀង​ៗខ្លួន បើយើងយកសមសភាពរបស់គេម្នាក់ៗមកប្រៀបធៀបគ្នា គឺមិនអាចទៅរួចទេ។ ឧទាហរណ៍ថា យើងមិនអាចឱ្យសត្វឆ្កែ និងឆ្មាទៅភ្ជួរស្រែបានទេ ហើយក៏មិនអាចឱ្យសត្វគោ និងក្របី មកចាំផ្ទះ ចាប់សត្វកណ្តុរបានដូចគ្នាដែរ៕