ការងារអនឡាញ​បច្ចុប្បន្ន​អាច​រកចំណូល​បាន​រាប់​លានដុល្លារ​ សិស្ស និសិត្ស​ កុំភ្លេច​រៀន​ជំនាញទាំងនេះ​

មានការងារអនឡាញមួយចំនួនមិនទាមទារឲ្យអ្នកចំណាយពេលពេញមួយថ្ងៃដើម្បីបញ្ចប់វាទេ ជាពិសេសវាក៏មិនមែនជាការងារដែលពិបាកៗដែរ សំខាន់ឲ្យតែអ្នកឆ្លៀតពេលទំនេរមួយថ្ងៃប្រហែលពីរម៉ោងធ្វើវា ដូចនេះអ្នកដែលកំពុងរៀននៅសកលវិទ្យាអាចសាកល្បងមើលបាន។

១.តេស្ត App ឬ Software

ថ្វីត្បិតតែនៅស្រុកខ្មែរយើងមិនសូវជាពេញនិយមសម្រាប់ការងារមួយនេះមែន ប៉ុន្តែសម្រាប់អ្នករៀនផ្នែកព័ត៌មានវិទ្យា (IT) អ្នកអាចព្យាយាមទាក់ទង ឬបង្កើតបណ្តាញឲ្យបានច្រើនជាមួយអ្នកដទៃដែលកំពុងបង្កើត App ឬ Software ណាមួយ។ បើអ្នកអាចរក App មកតេស្តបាន អ្នកគ្រាន់តែយកវាមកធ្វើនៅផ្ទះជាការស្រេច គ្រាន់តែសរសេររបាយការណ៍ផ្ញើឲ្យគេវិញជាការស្រេច។

២.ឌីហ្សាញ

បើការងារខាងលើមិនសូវមានទីផ្សារ ប្តូរមកក្រាហ្វិកឌីហ្សាញវិញដែលកំពុងមានតម្រូវការខ្ពស់នៅស្រុកខ្មែរសព្វថ្ងៃនេះ ដូចនេះអ្នកអាចចាប់ផ្តើ​មជាមួយអតិថិជនតូចៗដូចជាអ្នកលក់អនឡាញ ឬហាងតូចៗ ដែលពួកគាត់មិនមានលទ្ធភាពជួលសេវាកម្មឌីហ្សាញថ្លៃៗ ដូចនេះអ្នកអាចធ្វើការឲ្យពួកគាត់នៅពេលទំនេរបាន ដោយសារអាជីវកម្មតូចៗមិនសូវមានបញ្ហាជាមួយគុណភាពទេ សំខាន់អ្នកអាចធ្វើឲ្យពួកគាត់ទាន់ពេល និងល្មមតែទទួលយកបានជាការស្រេច។

៣.គ្រប់គ្រងបណ្តាញសង្គម

ហ្វេសប៊ុកផេកជាកន្លែងរកលុយថ្មីសម្រាប់អ្នកធ្វើការផ្នែក Freelancer ដោយសារអ្នកលក់អនឡាញសព្វថ្ងៃនេះត្រូវការអ្នកគ្រប់គ្រងផេកច្រើន បើអ្នកអាចផ្តល់តម្លៃដែលធូរថ្លៃមួយ នោះអ្នកអាចចាប់ផ្តើមការងារនេះបានភ្លាម។ សម័យនេះអ្នកត្រូវរៀនរកស៊ីឲ្យឆ្លាតបន្តិច ដោយសហការជាមួយអ្នកឌីហ្សាញ នោះក៏ព្រោះតែអ្នកលក់អនឡាញចង់បានតែការងារពីរប៉ុណ្ណោះគឺប្រូម៉ូតផលិត និងឌីហ្សាញរូប។

៤.សរសេរអត្ថបទ

សរសេរអត្ថបទមិនចាំបាច់ទាល់តែវេបសាយព័ត៌មានទេ មានក្រុមហ៊ុនជាច្រើនទៀត ដែលត្រូវការអ្នកសរសេរអត្ថបទ គ្រាន់តែថាវេបសាយព័ត៌មានផ្តល់ឱកាសការងារអនឡាញច្រើន។ អ្នកត្រូវដឹងថាខ្លួនឯងចូលចិត្តអ្វី ហើយពូកែសរសេរដែលទេ បើអ្នកស្រឡាញ់ការងារនេះអ្នកអាចរកមើលសេចក្តីប្រកាសរើសបុគ្គលិកលើអនឡាញបាន ដោយសរសេរមួយថ្ងៃមួយឬពីរអត្ថបទ៕