គម្រោងការសាងសង់ផ្លូវរត់នៅព្រលានយន្តខេត្តព្រះសីហនុ ត្រូវបានរដ្ឋាភិបាលជម្រុញឲ្យធ្វើបញ្ចប់មុនឆ្នាំ២០២២
នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានជំរុញឱ្យក្រុមហ៊ុនវិនិយោគព្រលានយន្តហោះកម្ពុជា (SCA) ពង្រីកផ្លូវរត់ប្រវែងដល់៣៣០០ម៉ែត្រ របស់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុឲ្យបានចប់មុនឆ្នាំ២០២២។
ថ្លែងនៅកិច្ចប្រជុំស្តីពីការអភិវឌ្ឍ អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ រវាងតំណាងក្រុមហ៊ុនVinci និងក្រុមហ៊ុន Société Concessionnaire de l’Aéroport(SCA)ឬ Cambodia Airports ដឹកនាំដោយលោក Eric Delobel ជានាយកប្រតិបត្តិនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩នេះ នាយកឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍ថា ការពន្លឿនងការពង្រីកនេះ ដើម្បីអាចធ្វើឱ្យយន្តហោះខ្នាតធំប្រភេទ Code E ដូចជា Boeing 777 អាចចុះចតបាន ស្របតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាអាចទទួលយន្តហោះខ្នាតធំ របស់ថ្នាក់ដឹកនាំនានាដែលអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានៅឆ្នាំ២០២២ នៅក្នុងទឹកដីនៃខេត្តព្រះសីហនុ និងគោលដៅបង្កើនភ្ញៀវទេសចរមកកាន់កម្ពុជា។
លោក ជា អូន រដ្ឋលេខាធិការប្រចាំការ នៃលេខាធិការដ្ឋានអាកាសស៊ីវិល បានឲ្យធ្លាប់បានដឹងកន្លងមកថា មកដល់បច្ចុប្បន្ននេះការពង្រីកផ្លូវរត់នេះ បានប្រហែលប្រមាណ៦០ទៅ៧០ភាគរយ ហើយនៅពេលយើងពង្រីកចប់ ព្រលានយន្តហោះនេះអាចទទួលការចុះចតយន្តហោះប្រភេទធុនធំ និងឆ្លងទ្វីបបាន។
លោកបន្តថា “ព្រលានយន្តហោះខេត្តព្រះសីហនុ នឹងចាប់ផ្តើមទទួលចុះចតប្រភេទយន្តហោះ ដែលហោះក្នុងរយៈពេលចន្លោះពី១២ទៅ១៦ម៉ោង មកពីប្រទេសបារាំង និងសហរដ្ឋអាមេរិក ; ហើយនៅឆ្នាំ២០២៥ កម្ពុជានឹងមានព្រលានយន្តហោះទី២ខ្នាត 4F នេះដែរ គឺចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងខេត្តតាកែវ”។
សព្វថ្ងៃព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ ដែលមានប្រវែង២,៥00ម៉ែត្រនេះ មិនទាន់ឆ្លើយតបតាមតម្រូវឱ្យការហោះហើរ និងចុះចតរបស់យន្តហោះធុនធំបានទេ ដូច្នេះសព្វថ្ងៃព្រលាននេះ ទទួលបានត្រឹមតែយន្តហោះប្រភេទ Air bus 321និងបូអ៊ីង 757 ក៏ប៉ុន្តែតម្រូវការឱ្យយន្តហោះ ធ្វើដំណើរផ្លូវឆ្ងាយប្រភេទយន្តហោះធំៗ មិនទាន់អាចចុះចតបាននៅឡើយ។ បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ មានជើងហោះហើរពី ១០ ទៅ១៥ជើងក្នុងមួយថ្ងៃ។
ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាលោក ហូ វណ្ឌី បានថ្លែងទទួលស្គាល់ថា ព្រលានយន្តហោះអន្តរជាតិកងកេង ខេត្តព្រះសីហនុពិតជាមានសកម្មភាពមមាញឹកខ្លាំងធៀបនឹងប៉ុន្មានឆ្នាំមុន ដោយសារគោលនយោបាយបើកចំហជើងមេឃរបស់សម្តេចតេជោ បានធ្វើឲ្យវិស័យអាកាសចរណ៍ មានការរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ដោយបច្ចុប្បន្នទីផ្សារអ្នកដំណើរតាមផ្លូវអាកាស បានកើនឡើងខ្ពស់ជាងផ្លូវគោក និងផ្លូវទឹក៕