សុទ្ធតែតួប្រុសស្អាត! Luo YunXi និង Chen Fei Yu ត្រៀមចាប់ដៃគ្នាសម្ដែងក្នុងរឿងភាគចិនល្បីខ្នាតធំ

នាពេលបច្ចុប្បន្ន ប្រភេទរឿង Bromance រឺក៏និយាយឲ្យស្រួលស្ដាប់មិត្តភាពរវាងមនុស្សប្រុសបានក្លាយជាទីពេញនិយមសម្រាប់ទីផ្សារប្រទេសចិន រឺក៏បណ្ដាប្រទេសនានា នៅក្នុងតំបន់អាស៊ី ដែលជាហេតុធ្វើឲ្យរឿងភាគប្រភេទបែបនេះកាន់តែសម្បូរ​ និងមានតារាសម្ដែងប្រុសល្បីៗ ជាច្រើនចាប់អារម្មណ៍ងាកទៅសម្ដែងរឿងប្រភេទបែបនេះ។ មែនទែនទៅរឿងប្រភេទបែបនេះ ភាគច្រើនគឺគ្មានតួឯកស្រីនោះទេ ដោយហេតុតែគេជ្រើសផ្ដោតសំខាន់ទៅលើមិត្តភាពរបស់តួ​ឯកប្រុសទាំងពីរ។

កាលពីថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុនផលិតរឿងដ៏ល្បីក្នុងប្រទេសចិន Tencent បានប្រកាសនូវរឿងភាគថ្មីមួយទៀតរបស់ខ្លួន ជាប្រភេទ Bromance ដែលដកស្រង់ចេញពីប្រលោមលោកដ៏ល្បី និងមានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រ ដែលមានចំណងជើងថា “Hao Yi Xing”។

រឿងភាគមួយនេះក៏មានការចូលរួមសម្ដែងពីតារាសម្ដែងប្រុសកំពុងមានប្រជាប្រិយភាព Luo YunXi ដែលជាតួឯកប្រុសក្នុងរឿងភាគដ៏ល្បី “Ashes Of Love” កាលពីឆ្នាំ ២០១៨ និងតារាសម្ដែងប្រុសវ័យក្មេងមានទេពកោសល្យ Chen Fei Yu ដែលជាតួ​ឯកប្រុសក្នុងរឿង “Ever Night” ។

ថ្វីបើត្បិតតែរឿងភាគមួយនេះទើបតែប្រកាសជាផ្លូវការក៏ពិតមែន ប៉ុន្ដែវាបានទាញការចាប់អារម្មណ៍ពីអ្នកគាំទ្រយ៉ាងច្រើនសន្ធឹករួចទៅហើយមិនថាតែនៅក្នុងស្រុក និងក្រៅស្រុកនោះទេ។ មិនតែប៉ុណ្ណោះ ត្រឹមរយៈពេលមិនដល់ ២៤ ម៉ោងនៃការប្រកាសជាផ្លូវការនូវរឿងភាគថ្មីនេះផង បណ្ដាញសង្គមផ្លូវការរបស់រឿងភាគមួួយនេះក្នុង Weibo ក៏មានអ្នកចែករំលែកច្រើនជាង ១ លាននាក់ ដែលវាបង្ហាញឲ្យឃើញពីភាពជោគជ័យមួយបាត់ទៅហើយទាំងដែលរឿងភាគមិនទាន់បានចាក់ផ្សាយ។

គួររំលឹកផងដែរថា ក្រុមហ៊ុន Tencent ជាក្រុមហ៊ុនផលិតរឿងដ៏ធំមួយក្នុងប្រទេសចិន ដែលបានផលិតនូវរឿងល្បីៗ ជាច្រើនដូចជា និស្ស័យស្នេហ៍ទេវតាបីជាតិ វគ្គ ២, Legend of Chusen, The Untamed , Ever Night, Put Your head on my Shoulder ជាដើម៕

អត្ថបទដោយ៖ ស្រីពេជ្រ