ស្ថាបនិក​ 3S Real Estate Development ៖ តោះ​សិក្សា​ពីវិធីសាស្ត្រ​នៃការវនិយោគ​បុរីឆាប់​ទទួលបានជោគជ័យ​

បើ​ទោះជា​វិស័យ​សំណង់​កំពុងតែ​មាន​ភាព​រីកចម្រើន​ខ្ពស់​ ជាពិសេស​លើ​ផ្នែក​សំណង់​លំនៅ​ដ្ឋាន​ ដែល​បំពេញ​ទៅតាម​តម្រូវការ​ជាក់ស្ដែង​ នៅ​លើ​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​ក៏​ពិតមែន​ ប៉ុន្តែ​មិន​ប្រាកដ​ថា​ក្រុមហ៊ុន​អភិវឌ្ឍន៍​ ដែល​បាន​ដាក់​ទុន​វិនិយោគ​ទាំងអស់​ សុទ្ធតែ​អាច​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ដូចគ្នា​ទាំងអស់​នោះ​ទេ​។

លោក​ ចាប​ ពៅ ស្ថាបនិក​ និង​ជា​ភា​គហ៊ុនិ​កនៃ​ក្រុមហ៊ុន​ 3S Real​ Estate​ Development​ ​ ដែល​កំពុងតែ​មាន​ប្រតិបត្តិ​ការ​យ៉ាងសកម្ម​ ទៅលើ​ការ​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​បាន​ប្រសាសន៍​ប្រាប់​ថា វា​មិនមែន​ជា​រឿង​ដែល​ងាយ​ពេក​នោះ​ទេ​ នៅក្នុង​ការ​ចូល​មក​ប្រឡូក​ និង​វិនិយោគ​ក្នុង​វិស័យ​មួយ​នេះ​។

លោក​បាន​បន្ត​ថា​ “យើង​ទទួលស្គាល់​ថា​ នៅពេល​បច្ចុប្បន្ន​នេះ​សកម្មភាព​នៃ​ការ​វិនិយោគ​លើ​វិស័យ​សំណង់​ ជាពិសេស​ផ្នែក​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កំពុងតែ​មាន​ភាព​ពុះកញ្ជ្រោល​ រួមមាន​ទាំង​ការ​វិនិយោគ​ក្នុង​ទ្រង់ទ្រាយ​ធំ​ដូចជា​បុ​រី​ធំៗ​ ក៏​ដូច​ជា​បណ្តុំ​សំណង់ផ្ទះ​ល្វែង​ដែល​ជា​ការ​វិនិយោគ​ពីសំណាក់​អ្នកជំនួញ​កម្រិតមធ្យម​”។ លោក​បន្ត​ទៀត​ថា​ “នៅក្នុងចំណោម​អ្នក​វិនិយោគ​ទាំងនោះ​ មាន​ខ្លះ​ក៏​ទទួល​បាន​ជោគជ័យ​នៅ​លើ​ការ​លក់​ ហើយ​ខ្លះទៀត​ក៏​ជួប​ហានិភ័យ​រហូត​បង្ខំចិត្ត​បិត​គម្រោង​ទៅវិញ​ក៏មានដែរ​”។

លោក​បន្ត​ថា​ មុខ​ជំនួញ​មួយ​នេះ​ មុន​ពេល​ចាប់ផ្តើម​ចេញដំណើរ​ អ្នកជំនួញ​ដែល​ជា​ម្ចាស់​គម្រោង​ត្រូវតែ​មានការ​គិតពិចារណា​ និង​គូសវាស​ឱ្យ​គ្រប់ជ្រុងជ្រោយ​ ទើប​ចាប់ផ្តើម​ចេញដំណើរ​ការ​ ដើម្បី​បញ្ចៀស​ហានិភ័យ​។

លោក​ចាប​ ពៅ​ បាន​ចែករំលែក​ជា​បទពិសោធន៍​ដែល​ធ្លាប់​ទទួល​បាន​ជោគជ័យ​នៅ​លើ​មុខ​ជំនួញ​មួយ​នេះ​ថា​ “ជា​បទពិសោធន៍​របស់ខ្ញុំ​ មុន​ពេល​ចេញដំណើរ​ ខ្ញុំ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ ទាំង​យុទ្ធសាស្ត្រ​នៃ​ការ​លក់​ ទាំង​បច្ចេកទេស​នៃ​ការគ្រប់គ្រង​ ជាពិសេស​ដើមទុន​នៅក្នុង​ការ​វិនិយោគ​ ដោយ​មិន​ពឹងផ្អែក​ទៅលើ​ដើមទុន​ដែល​នឹង​ទទួល​បាន​ពី​ការ​លក់​គម្រោង​ទាំង​ភាព​ប្រថុយប្រថាន​នោះ​ទេ​”។ លោក​បន្ត​ថា​ “អ្វី​ដែល​ខ្ញុំ​គិត​មុនគេ​បន្ទាប់ពី​ដើមទុន​បម្រុង​នោះ​ គឺទី​តាំង​ដែល​មាន​សក្តា​នុ​ពល​ ដែល​អាច​ឱ្យ​អតិថិជន​ទទួល​បាន​ប្រយោជន៍​ពី​ការទិញ​គម្រោង​”។

ក្រៅពី​នេះ​ គឺ​ការ​ព្យាយាម​ធ្វើ​យ៉ាងណា​ឱ្យ​ថ្លៃដើម​មានកម្រិត​ទាប​ ដែល​អាច​អនុគ្រោះ​ដល់​តម្លៃ​លក់​នៅ​លើ​ទីផ្សារ​សម្រាប់​អតិថិជន​ ប៉ុន្តែ​ការរចនា​ម៉ូដ​ និង​គុណភាព​សំណង់​ ត្រូវតែ​ប្រកបដោយ​គុណភាព​ខ្ពស់​ដូច​ការដែល​យើង​សន្យា​ជាមួយ​អតិថិជន​។ ជាមួយគ្នា​នេះ​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ ជា​ធម្មតា​បើ​សំណង់​លំនៅ​ដ្ឋាន​មាន​ភាព​ស្រស់​ស្អាត​ មានគុណ​ភាពល្អ​ និង​ស្ថិតនៅ​លើ​ទីតាំង​មាន​សក្ដានុពល​ដែល​អាង​អាស្រ័យផល​ប្រចាំថ្ងៃ​បាន​បន្ថែម​ពី​ការ​ជ្រក​កោណ​ នោះ​អតិថិជន​នឹង​មិន​ពិបាក​ក្នុង​ការសម្រេច​ចិត្ត​ទិញ​នោះ​ឡើយ​។

លោក​ឧកញ៉ា ​ឡេង​ ណា​វ៉ា​ត្រា​ ដែល​ជា​អ្នក​អភិវឌ្ឍ​វិស័យ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ ដែល​កកំ​ពុង​តែ​ទទូល​បាន​ផ្លែផ្កា​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ​នោះ​បាន​មានប្រសាសន៍​នៅ​ថ្ងៃ​ដដែល​ថា​ យុទ្ធសាស្ត្រ​សម្រាប់​ការប្រកួត​ប្រជែង​ នៅក្នុង​វិស័យ​លំនៅ​ដ្ឋាន​គឺ​មាន​ចំនួន៤ធំៗ​ ដែល​អ្នក​អភិវឌ្ឍន៍​ចាំបាច់​ត្រូវតែ​ពិចារណា​ និង​អនុវត្តន៍​។ លោក​បន្ត​ថា​ ការ​ព្យាយាម​ធ្វើ​ឱ្យ​ថ្លៃដើម​មានកម្រិត​ទាប​ ជា​រឿង​មួយ​ដែល​ត្រូវតែ​គិតជា​ចាំបាច់​ និង​កត្តា​ទីតាំង​ក៏​ជា​រឿង​ដែល​សំខាន់​ផង​ដែរ​។

លោក​បន្ត​ថា​ “ទីតាំង​ដែល​មាន​អំណោយផល​គឺ​នៅ​តំបន់​ជាយក្រុង​ ហើយ​ព្យាយាម​ទិញ​ក្នុង​តម្លៃ​មួយ​ដែល​ទាប​ជាង​ទីផ្សារ​ ទើប​មានឱកាស​ក្នុង​ការ​អភិវឌ្ឍ​ងាយស្រួល​”។ លោក​ឧកញ៉ា​បន្ត​ទៀត​ថា​“ក្រៅពី​នេះ​នៅ​មាន​កក្តា​គុណភាព​សំណង់​ ហើយ​ព្យាយាម​កាត់បន្ថយ​នូវ​ការ​ចំណាយ​មិន​ចាំបាច់​ ដូចជា​ ការរចនា​ផ្នែក​ខាងក្រៅ​នៃ​តួ​អគារ​ ដែលកាត់​បន្ថយ​ចំណាយ​ ក៏​ជា​ការចូលរួម​ចំណែក​ធ្វើ​ឱ្យ​អតិថិជន​ មានឱកាស​កាន់តែ​ច្រើន​ក្នុង​ទទួលយក​តម្លៃ​លក់​របស់​យើង​បាន​។

ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅ​ដ្ឋាន​ លោក​ឧកញ៉ា​លី​ ហួរ​បាន​មានប្រសាសន៍​ថា​ ទីផ្សារ​លំនៅ​ដ្ឋាន​នៅតែ​មានការ​រីកចម្រើន​ ដោយ​សា​រកំនើន​សេដ្ឋកិច្ច​ ដែល​ធ្វើឲ្យ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង​ ហើយ​បើសិនជា​កម្ពុជា​នៅតែ​មាន​សុខ​សន្តិភាព​ សេដ្ឋ​កិ​ច្ច​បន​ន្ត​រីកចម្រើន​បែបនេះ​ វិស័យ​លំនៅ​ដ្ឋាន​នៅតែ​មានការ​រីកចម្រើន​រយៈពេល​វែង​បន្ថែម​ទៀត​។

លោក​បន្ត​ថា​ “ដោយសារ​ការ​រីកចម្រើន​ក្នុង​វិស័យ​នេះ​ បាន​ធ្វើឲ្យ​អ្នក​អភិ​វឌ្ឈ​ន៍​ជាស​មា​ជិ​កស​មា​គម​ បាន​ពង្រីក​គំរោង​របស់​ពួកគេ​ទៅតាម​ជាយក្រុង​ និង​បណ្តា​ខេត្ត​មួយចំនួន​ទៀត​”។ យោង​តាម​ការសិក្សា​របស់ក្រ​សួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ កម្ពុជា​ត្រូវការ​លំនៅ​ដ្ឋាន​ជាង៨០ម៉ឺន​ខ្នង​បន្ថែម​ទៀត​ ក្នុង​ចន្លោះ​ឆ្នាំ២០១៥​ ដល់ ២០៣០ខាងមុខ​៕