ទីផ្សារ​អចលនទ្រព្យកាន់តែចង្អៀត ក្រោយ​ក្រុមហ៊ុន​អន្តរជាតិ​បាន​ចូលមកកាន់ទឹកដីកម្ពុជា​កាន់តែច្រើន​ឡើង​

​គ្រប​់បណ្តា​អ្នកជំនាញ​ ក៏ដូចជា​បណ្តា​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​អចលនទ្រព្យ​នៅក្នុង​ស្រុក​សុទ្ធតែ​លើកឡើង​ថា​ វា​ជា​សញ្ញា​វិជ្ជមាន​ដ៏​ល្អ​បំផុត​ នៅពេល​ដែល​មាន​ក្រុមហ៊ុន​លំដាប់​ពិភពលោក​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​។

តាម​ទស្សនៈ​របស់​នាយិកា​ក្រុមហ៊ុន​ AMATAK​ Property​ service​ លោកស្រី​ តាំង​ ហួរ​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ចុង​សប្តាហ៍​មុន​ថា​ វត្តមាន​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​ វា​ជា​សញ្ញា​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​ពី​ការ​អភិវឌ្ឍ​ និង​ភាព​រីកចម្រើន​ពី​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​។

លោកស្រី​បន្ត​ថា​ “ធម្មតា​ប្រសិនបើ​ប្រទេស​យើង​មិន​មាន​ភាព​រីកចម្រើន​ ឬគ្មាន​ការ​អភិវឌ្ឍ​ដែល​អាច​ធ្វើ​ឱ្យ​គេ​ទាញ​យក​ផលប្រយោជន៍​ត្រឡប់ទៅវិញ​បាន​នោះ​ទេ​ គឺ​គេ​នឹង​មិន​មក​នោះ​ឡើយ​”។ លោកស្រី​បាន​បន្ត​ទៀត​ ​“វត្តមាន​របស់​ពួកគេ​ ក្រៅពី​ស្ដែង​ឱ្យ​ឃើញ​ពី​ភាព​វិជ្ជមាន​នៃ​វិស័យ​អចលនទ្រព្យ​ វា​ក៏​ជា​កក្តាមួ​យជួយ​ជម្រុ​ញឱ្យ​បណ្តា​ក្រុមហ៊ុន​ក្នុង​ស្រុក​ដែល​កំពុង​ប្រឡូក​ នៅក្នុង​វិស័យ​អចលនទ្រព្យ​មាន​ភាព​រីកចម្រើន​ផង​ដែរ​ តាមរយៈ​កាត​ប្រកួតប្រជែង​គ្នា​”។

​លោកស្រី​តាំង​ ហួរ​បាន​បន្ត​ថា​ “ប៉ុន្តែ​ទោះជាយ៉ាងណា​ ដើម្បី​អាច​ទទួល​បានផល​ប្រយោជន៍​ពី​វិស័យ​នេះ​ទាំងអស់គ្នា​ ក្រុមហ៊ុន​ទាំងអស់​ត្រូវតែ​មាន​កិច្ចសហការ​ជាមួយគ្នា​ជាចាំបាច់​ ដែល​វា​ប្រសើរ​ជាង​ការប្រកួត​ប្រជែង​ ឬលួចវាយប្រហារ​គ្នា​ពីក្រោយខ្នង​ ដើម្បី​ទទួល​បាន​ចំណែក​ទីផ្សារ​ក្នុងរយៈពេល​ខ្លី​ ព្រោះ​ការប្រកួត​ប្រជែង​គ្នា​ដោយ​គ្មាន​តម្លាភាព​ ឬការប្រកួត​ប្រជែង​ដោយ​មិន​មាន​ភាព​ស្មោះត្រង់​ វា​ជា​ទង្វើ​មួយ​ដែល​មិន​ត្រូវ​យក​មក​អនុវត្ត​នោះ​ទេ​។

​លោក​ឧកញ៉ា​ នួន​ រិទ្ធី​  អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Khmer​ Foundation​ Appraisal​ បាន​មានប្រសាសន៍​ថា​ ពេល​ដែល​មាន​ក្រុមហ៊ុន​មាន​កេរ្តិ៍​ល្បី​លំដាប់​ពិភពលោក​ចាប់អារម្មណ៍​មកកាន់​ទីផ្សារ​កម្ពុជា​ ច្បាស់​ណាស់​ជា​សញ្ញា​បង្ហាញថា​ វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​កំពុងតែ​មាន​ភាព​រីកចម្រើន​។ លោក​ឧកញ៉ា​បាន​មានប្រសាសន៍​បន្ត​ទៀត​ថា​ នៅពេល​ដែល​មាន​ក្រុម​ហ៊ុន​ធំៗ​ចូល​មក​ គឺ​វា​បាន​ជម្រុ​ញឱ្យ​វិស័យ​មួយ​នេះ​មានការ​ប្រកួតប្រជែង​ជាចាំបាច់​ ដើម្បី​ដណ្ដើមយក​ចំណែក​ទី​ផ្សារ​រៀង​ៗខ្លួន​។

យ៉ាងណាក៏ដោយ​ លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​ ការប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ​គឺ​ត្រូវតែ​មាន​ កុំឱ្យ​តែ​អនុវត្ត​ខុល​ពី​គោលការណ៍​ និង​ក្រមសីលធម៌​វិជ្ជាជីវៈ​។ នៅពេល​មិន​មានការ​ប្រកួតប្រជែង​ យើង​នឹង​មិនដឹង​ថា​ក្រុមហ៊ុន​របស់​យើង​ ដែល​កំពុងតែ​ដំណើរការ​នេះ​មាន​សក្តា​នុ​ពល​ប៉ុនណា​ នៅក្នុង​វិស័យ​មួយ​នេះនោះ​ទេ​ ហើយក៏​មិនបាន​ដឹងពី​ភាព​រីកចម្រើន​របស់​ខ្លួន​ដែរ​ ដូច្នេះ​ការប្រកួត​ប្រជែង​ត្រូវតែ​មាន​៕